តុលាការខេត្តមណ្ឌលគិរីគ្រោងនឹងលើកយកសំណុំរឿងជម្លោះដីធ្លីរវាងជនជាតិដើមភាគតិចព្នងជាង ១០០នាក់ ជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ ក្រោយពីពាក្យបណ្ដឹងនេះបានកប់បាត់អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា តុលាការកម្ពុជា នឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ការសម្រេចរបស់តុលាការនេះបានកើតមានឡើងក្រោយពីតំណាងសហគមន៍ជនជាតិដើមភាគតិចព្នងចំនួន ៩នាក់ កាលពីថ្ងៃទី១ តុលាកន្លងទៅនេះ បានទៅចូលរួមសវនាការនៅក្នុងតុលាការណង់ទែរ (Nanterre) នៅក្នុងប្រទេសបារាំង ដើម្បីឱ្យប្រទេសមួយនេះ រកយុត្តិធម៌នៅក្នុងសំណុំរឿងរំលោភដីធ្លីមួយ ដែលបានកើតមានឡើងតាំងពីជាង ១០ឆ្នាំមុន។
កាលពីអំឡុងឆ្នាំ២០០៨ ជនជាតិភាគតិចព្នងចំនួន ៧ភូមិ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការប្រឆាំងនឹងក្រុមហ៊ុនបារាំងមួយឈ្មោះ បូឡូរ៉េ (Bollore) ដែលបានផ្តល់ទុនឱ្យក្រុមហ៊ុនឯកជនមួយរបស់បារាំងឈ្មោះ សុហ្វីន ខេស៊ីឌី (Socfin-KCD) អភិវឌ្ឈន៍ដាំដើមកៅស៊ូដែលធ្វើឱ្យប៉ះពាល់ដល់ដីចម្ការវិលជុំរបស់ជនជាតិភាគតិចព្នងជាង ៧០០គ្រួសារ ដែលអាស្រ័យផលនៅក្នុងខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស បញ្ជាក់ថា លោកទើបតែចូលកាន់តួនាទីជាអ្នកនាំពាក្យកាលពីឆ្នាំ២០១៥ កន្លងទៅនេះ ហើយលោកមិនបានដឹងពីរឿងរ៉ាវជម្លោះនេះជាប់ពាក់ព័ន្ធយ៉ាងណានោះទេ។
តែទោះជាយ៉ាងណាក៏ដោយលោកមានប្រសាសន៍ថា លោកនឹងសើរើសំណុំរឿងនេះមកជំនុំជម្រះឡើងវិញ តែលោកមិនទាន់ប្រាកដថា តុលាការនឹងបើកសវនាការជាសាធារណៈនៅពេលណាទេ៖ «អ៊ីចឹងបើដឹងទាល់តែស្រាវជ្រាវរកមើលតាំងពី ២ពាន់ជាងឯណោះ ៦ ៧ ៨ ពីពាន់ឯណោះ។ អីឡូវដល់២០១៩ វាជាង ១០ឆ្នាំទៅហើយ»។
ការយឺតយ៉ាវនៃការដោះស្រាយពាក្យបណ្ដឹងនេះបានជំរុញឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិច បានប្តឹងទៅតុលាការបារាំង ដើម្បីឱ្យជួយរកយុត្តិធម៌ ចំពោះរឿងក្តីនេះ។
តំណាងសហគមន៍ឃុំប៊ូស្រា លោក ក្រើង តុលា ដែលតំណាងឱ្យជនជាតិដើមភាគតិច ៩នាក់ ទៅចូលរួមសវនាការក្នុងប្រទេសបារាំង មិនអាចទាក់ទង ដើម្បីសេចក្ដីអត្ថាធិប្បាយបានទេ នៅថ្ងៃទី២ តុលា។
តែទោះជាយ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ចរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត បញ្ជាក់ថា សវនាការបានបិទបញ្ចប់ហើយ ដោយនៅក្នុងសវនាការផ្ទាល់មាត់នោះ។ តុលាការបានស្ដាប់ការបកស្រាយពីភាគីដើមបណ្តឹង និងចុងចោទ នឹងស្នើសុំឱ្យភាគីទាំងពីរដាក់ភស្តុតាងបន្ថែមទៀតពាក់ព័ន្ធសំណុំរឿងនេះ។
ចំពោះតុលាការកម្ពុជាដែលគ្រោងនឹងលើកយកសំណុំរឿងនេះ មកជំនុំជម្រះដែរនោះលោក ស្វាគមន៍ហើយសង្ឃឹមថា ជនជាតិដើមភាពតិចព្នងនឹងទទួលបានយុត្តិធម៌៖ «យើងសង្ឃឹមថា បើតុលាការគាត់លើកឡើងអ៊ីចឹង យើងគិតថា គាត់ពិតជាមានឆន្ទៈក្នុងការដំណើរការនីតិវិធីឡើងវិញ ហើយក៏សង្ឃឹមផងដែរថា ដំណើរការហ្នឹងពិតជាមានទៅតាមនីតិវិធីនិងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់»។
កាលពីខែមករាតុលាការប្រទេសបារាំងបានកោះហៅតំណាងជនជាតិដើមភាគតិច ៩នាក់ ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន បូឡូរ៉េ (Bollore) ឱ្យចូលរួមសវនាការបឋមនៅតុលាការប្រទេសបារាំងកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។ ប៉ុន្តែបានខកខាន ដោយសារតែជនជាតិព្នងទាំង ៩នាក់ ពុំទទួលបានទិដ្ឋាការពីស្ថានទូតបារាំងនៅកម្ពុជា។
លោក វណ្ណ សុផាត បញ្ជាក់ថា តុលាការប្រទេសបារាំងនឹងបន្តសវនាការសួរផ្ទាល់មាត់ម្ដងទៀតនៅខែវិច្ឆិកា ហើយគ្រោងនឹងបើកសវនាការជំនុំជម្រះរឿងក្តីនេះជាផ្លូវការនៅដើមឆ្នាំ២០២០ ខាងមុខ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីឆ្នាំ២០១៨ បានចេញរបាយការណ៍មួយ ឱ្យដឹងថា មានពលរដ្ឋជាង ៨០០គ្រួសារ បានរងនូវផលប៉ះពាល់ដោយសារក្រុមហ៊ុន សុហ្វីន ខេ ស៊ី ឌី Socfin-KCD ដែលភាគច្រើនបានរំលោភទៅលើដីចម្ការរបស់ជនជាតិព្នង។ ក្នុងចំណោមប្រជាពលរដ្ឋជាង ៨០០គ្រួសារ មានចំនួន ៦៤០គ្រួសារ ពាក់ព័ន្ធក្នុងដំណើរការវិវាទដីធ្លី ជាមួយក្រុមហ៊ុនមកពីប្រទេសបារាំងដោយសារតែក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគដាំកៅស៊ូ និងដំណាំផ្សេងទៀតលើផ្ទៃដី ២.៣៨៦ហិកតារ រយៈពេល ៧០ឆ្នាំនៅក្នុងខេត្តមណ្ឌលគិរី៕
(តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងចំនួន ៩នាក់ ពេលទៅចូលរួមសវនាការនៅតុលាការ ណង់ទ័រ (Nanterre) នៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដើម្បីរកយុត្តិធម៌នៅក្នុងសំណុំរឿងរំលោភដីធ្លី ដែលបានកើតមានឡើងតាំងពីជាង ១០ឆ្នាំមុន)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។