ថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World ) ប្ដេជ្ញារកយុត្តិធម៌តាមផ្លូវច្បាប់ និងធ្វើយុទ្ធនាការតាមបណ្តេញសង្គម បន្ទាប់ពីក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៏ (Naga World)ជូនដំណឹងបញ្ចប់កិច្ចសន្យាការងារ។ ពួកគេសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ នឹងជួយអន្តរាគមន៍ផ្តល់ដំណោះស្រាយតាមផ្លូវច្បាប់ជូនពួកគាត់។
ថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៏ កំពុងប្រមូលស្នាមមេដៃដាក់ទៅក្រសួងការងារ និងជ្រើសរើសយកយុទ្ធនាការតាមបណ្តាសង្គម ដើម្បីផ្ញើសារទៅរដ្ឋាភិបាលឱ្យពិនិត្យមើលករណីក្រុមហ៊ុនណាហ្គា វើលដ៏ រំលោភបំពានសិទ្ធិការងារពួកគាត់។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ថ្លែងថា សហជីព និងបុគ្គលិកបានបដិសេធចំពោះការផ្ញើសារបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ ជាបន្តបន្ទាប់។ អ្នកស្រីប្រាប់ថា សហជីពកំពុងប្រមូលស្នាមមេដៃពីសមាជិក និងបុគ្គលិកមិនមែនសមាជិក ដើម្បីដាក់ពាក្យបណ្តឹងជំទាស់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរកដំណោះស្រាយករណីបញ្ឈប់បុគ្គលិកនិងថ្នាក់ដឹកនាំសហជីពនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍។ អ្នកស្រីបន្តថា បុគ្គលិកនិងសហជីពក៏ត្រៀមធ្វើយុទ្ធការតាមបណ្តាញសង្គមដោយបង្ហោះសារ ឬបញ្ចេញមតិយោបល់ចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការងារ ដោយចាប់ពីថ្ងៃស្អែកនេះ។ ក្រៅពីនេះសហជីព ក៏កំពុងពិនិត្យមើលផ្លូវច្បាប់បន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់ផងដែរ។ អ្នកស្រីមើលឃើញថា ការលើកយកបញ្ហាជំងឺកូវីដ១៩ មិនមែនហេតុផលពិតប្រាកដរបស់ក្រុមហ៊ុននោះទេ តែការបញ្ឈប់បុគ្គលិកជាបំណងរបស់ក្រុមហ៊ុនចង់លុបបំបាត់សហជីព ដែលអ្នកស្រីហៅថាចំណាត់ការបំពានលើសិទ្ធិបុគ្គលិក និងថ្នាក់ដឹកនាំសហជីព៖ «មើលឃើញភាពជាក់ស្តែងបន្ទាប់ពីក្រុមហ៊ុននេះ គេចាប់ផ្តើមផ្ញើសារបញ្ជូនទៅបុគ្គលិកអ្នកដែលត្រូវបានទទួលឈ្មោះកាត់ចេញពីក្រុមហ៊ុនគឺថាភាពជាក់ស្តែងឈ្មោះដែលត្រូវបានកាត់ ភាគច្រើនគឺសុទ្ធសឹងតែជាសមាជិករបស់សហជីព សកម្មជនសហជីព ក៏ដូចជាថ្នាក់ដឹកនាំសហជីពនិយាយទៅគ្មានច្បាប់ជាតិអន្តរជាតិណាដែលគេមកបញ្ឈប់សហជីពជារចនាសម្ព័ន្ធដូចជាក្រុមហ៊ុនណាហ្គាទេ»។
ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសហជីពនេះ បន្ទាប់ពីក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៏ គ្រោងបញ្ឈប់បុគ្គលិកជាង ១ពាន់ ៣រយនាក់ដោយក្រុមហ៊ុនកំពុងផ្ញើសារទៅបុគ្គលិកជាបន្តបន្ទាប់។ ក្រៅពីនេះ ក្រុមហ៊ុន ក៏ជូនដំណឹងទៅថ្នាក់ដឹកនាំសហជីព ៣ នាក់ផងដែរ គឺប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ អនុប្រធានសហជីព អ្នកស្រី ឈុន សុខា និងអគ្គលេខាធិការ កញ្ញា ឈឹម សុខន។ ក្រុមហ៊ុនបានផ្ញើសារតាមទូរស័ព្ទ ជូនដំណឹងកោះហៅឱ្យជួបនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ឧសភា ក្រោមការសម្រេចរបស់ក្រុមហ៊ុនអំពីការអនុវត្តផែនការកាត់បន្ថយបុគ្គលិក តាមរយៈការបញ្ចប់កិច្ចសន្យាការងារដោយមានការព្រមព្រៀង។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីតំណាងក្រុមហ៊ុនណាហ្គា វើលដ៍ កញ្ញា ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ នៅថ្ងៃទី៣០ ឧសភា។
ជុំវិញរឿងនេះប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មើលឃើញថា កន្លងមកនិយោជកនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៏ (Naga World) មិនបានផ្តល់ប្រាក់ឈ្នួលពេញលេញដល់បុគ្គលិកនោះទេ ហើយក្រុមហ៊ុននេះបន្តកេងចំណេញពីបុគ្គលិកជាបន្តបន្ទាប់។ អ្នកស្រីថា ក្រុមហ៊ុននេះមានចេតនាចង់រំលាយសហជីព ដែលការពារផលប្រយោជន៍និយោជិត ហើយប្រសិនករណីនេះរដ្ឋាភិបាលអនុញ្ញាតឱ្យនិយោជកបញ្ឈប់បុគ្គលិក និងរំលាយរចនាសម្ព័ន្ធសហជីពគឺជាគំរូអាក្រក់ដល់រោងចក្រ សហគ្រាសផ្សេងទៀត បន្តរំលោភសិទ្ធិរបស់និយោជិត៖ «ប្រថុយប្រថានទាំងអស់ដើម្បីការពារប្រយោជន៍រួមរបស់កម្មករនិយោជិត ហើយដើម្បីវត្តមានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គា ហ្នឹង ប្រសិនជាលើកនេះក្រសួងការងារ ប្រមុខរដ្ឋាភិបាល និងក្រសួងផ្សេងៗពាក់ព័ន្ធ អនុញ្ញាតឱ្យក្រុមហ៊ុនណាហ្គា បញ្ឈប់ថ្នាក់ដឹកនាំសហជីព រចនាសម្ព័ន្ធសហជីពនៅក្នុងក្រុមហ៊ុនហ្នឹងបាន គឺជាគំរូមួយអាក្រក់ដែលបង្ហាញថា ប្រទេសយើងអនុញ្ញាតឱ្យពួកថៅកែធ្វើអីតាមអំពើចិត្តនៅក្នុងប្រទេសមួយ»។
ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតជាង ១ ពាន់ ៣រយនាក់ (១.៣២៩) ក្នុងចំណោមជាង ៨ពាន់នាក់ ត្រូវបានក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ មានគម្រោងបញ្ឈប់ពីការងារ ដោយក្រុមហ៊ុនសំអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សហជីពស្នើសុំឲ្យក្រសួងការងារ ចុះធ្វើកិច្ចអន្តរាគមន៍ដល់ក្រុមហ៊ុននេះ រក្សាទុកពួកគេឲ្យនៅបន្តធ្វើការតាមផ្នែកដដែល គិតគូរផ្ដល់អត្ថប្រយោជន៍ការងារស្របតាមច្បាប់ស្ដីពីការងារ ហើយផ្ដល់ប្រាក់អតីតភាពការងារដែលបានពន្យារពេលកន្លងមក ឲ្យកម្មករនិយោជិតនៅពេលនេះ ដើម្បីដោះស្រាយបញ្ហាជីវភាពខ្វះខាតក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។