អ្នកច្បាប់ និងជាអ្នកវិភាគមើលឃើញថា ការតែងតាំងសមាជិកថ្មីសម្រាប់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចឱ្យស្ថាប័នកំពូលមួយនេះ ធ្វើការដោយឯករាជ្យបាននៅឡើយ។ លើសពីនេះស្ថាប័ននេះនៅតែឋិតក្រោមអំណាចដ៏លើសលប់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ មន្ត្រីក្រសួងយុត្តិធម៌ចាត់ទុកការលើកឡើងនេះថា ពុំបានស្វែងយល់ពីច្បាប់ឱ្យបានត្រឹមត្រូវទេ។
អ្នកច្បាប់ និងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានអំណាចលើសលប់នៅក្នុងការគ្រប់គ្រងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលលោកថា ជាការរំលោភអំណាច ខុសពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ ក៏ជាអ្នកដែលមានឥទ្ធិពលលើសមាជិកផ្សេងទៀត ដែលបញ្ហានេះហើយ បង្ហាញថា ការតែងតាំងសមាជិកថ្មីនេះពុំបានធ្វើឱ្យស្ថាប័ននេះមានអ្វីផ្លាស់ប្ដូរ ឱ្យទៅជាស្ថាប័នឯករាជ្យបាននៅឡើយ៖ «រឿងបុគ្គលិកបម្រើការហ្នឹងគឺចាប់តាំងពីអគ្គព្រះរាជអាជ្ញារហូតមន្ត្រីរដ្ឋបាលហ្នឹង គឺខាងផ្នែកអំណាចតុលាការ គឺដូចជានៅក្នុងការគ្រប់គ្រង តាំងពីរដ្ឋបាលរហូតដល់ការតែងតាំងគឺ នៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ៊ីចឹងហើយបានជាច្បាប់ នៅជាធរមានសព្វថ្ងៃហ្នឹងមិនបានសមស្របទៅនឹងរដ្ឋធម្មនុញ្ញជាពិសេសគឺការបែងចែកអំណាច ឱ្យតុលាការឯករាជ្យនោះទេ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១១រូប ក្នុងនោះ ៤រូប ជ្រើសតាំងតាមរយៈការបោះឆ្នោត។ ចំណែក៧រូបទៀតត្រូវបានជ្រើសតាំងចេញពីស្ថាប័នសំខាន់ៗ មួយចំនួនដូចជាព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាដំបូង និងសាលាជម្រះក្ដីជាន់ខ្ពស់។ សមាសភាពនេះនៅរង់ចាំតែព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រប៉ុណ្ណោះ ដើម្បីចូលបំពេញការងារសម្រាប់អាណត្តិថ្មី នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។
សេចក្ដីប្រកាសពីលទ្ធផលផ្លូវការរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃចន្ទ បានឱ្យដឹងថា សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៤រូប ដែលត្រូវបានជ្រើសតាំងពីការបោះឆ្នោតនោះមានលោក ចាយ ច័ន្ទតារាវណ្ណ ជ្រើសតាំងដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់លោក សេង ប៊ុនឃាង ជាសមាជិក ជ្រើសតាំងដោយព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌។
ចំណែកលោក អ៊ីវ បូរិន្ទ ជាសមាជិកត្រូវបានជ្រើសតាំងដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស និងលោក ស្រ៊ា រតនៈ ជាសមាជិក ត្រូវបានជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស។
ឆ្លើយតបនឹងការរិះគន់របស់អ្នកវិភាគ អ្នកនាំពាក្យនៃ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបំពេញតួនាទីទៅតាមការកំណត់ដោយច្បាប់៖ «អ្នកទាំងអស់នោះមិនមែនចេញមកពីការតែងតាំងទេ គឺចេញពីការបោះឆ្នោតទៅតាមតំណាងក្រុមនីមួយៗ ហើយការបំពេញភារកិច្ចរបស់គេហ្នឹង ទៅតាមតួនាទីភារកិច្ចកំណត់ដោយច្បាប់ ហើយក៏មិនស្ថិតនៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ប៉ុន្តែមិនមានសិទ្ធិសម្រេចក្នុងការដាក់ទណ្ឌកម្ម ក្នុងការដាក់ពិន័យ ដកហូតចៅក្រម ឬព្រះរាជអាជ្ញាណាមួយទេ គឺត្រូវសម្រេចដោយក្រុមប្រឹក្សាវិន័យនោះទេ។ អ៊ីចឹងអ្នកអត្ថាធិប្បាយសូមមើលច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម»។
ចំពោះបណ្ឌិត ឡៅ ម៉ុងហៃ លោកនៅតែមើលឃើញថា ស្ថាប័ននេះឯករាជ្យបានលុះណាតែថ្នាក់ដឹកនាំយល់ដឹងនូវសារប្រយោជន៍របស់តុលាការឯករាជ្យបញ្ឈប់រាល់ការជ្រៀតជ្រែកពីអ្នកនយោបាយ៖ «ដើម្បីឱ្យមានការបែងចែកអំណាច និងទី២ ធានាឱ្យតុលាការឯករាជ្យ គឺគេបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយនឹងច្បាប់ទាក់ទងតុលាការហ្នឹងឱ្យចៅក្រមព្រះរាជអាជ្ញា ប្រទេសខ្លះដល់អ្នកស៊ើបអង្កេតទៅទៀតមិនឱ្យជាសមាជិកគណបក្សណាទេ ហើយហាមរហូតដល់មិនឱ្យធ្វើសកម្មភាពនយោបាយទៅទៀត»។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមបានចែងថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រក្នុងបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញ។ ស្ថាប័ននេះមានតួនាទី សម្រេច និងលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ នឹងលុបឈ្មោះ និងដំឡើងឋានន្តរសក្ដិ ចៅក្រម និងព្រះរាជអាជ្ញា។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក៏មានតួនាទីដាក់ពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាគ្រប់ជាន់ថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។