មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ រិះគន់ថា ការបន្តធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ជាបន្តបន្ទាប់មកនេះគ្រាន់តែបំពេញមហិច្ឆតារបស់លោក ហ៊ុន សែន ក្នុងការកាន់អំណាចតែប៉ុណ្ណោះ។ ពួកគាត់លើកឡើងថា ការកែប្រែច្បាប់កំពូលរបស់កម្ពុជា ប្រសិនជាគ្មានសំឡេងជំទាស់ និងសិក្សាឱ្យបានច្បាស់លាស់នឹងធ្វើឱ្យកម្ពុជាកាន់តែដើរប្រាសចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ដើម្បីអនុម័តសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ដែលឈានទៅធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញលើកទី១០ នៅថ្ងៃទី០៨ កក្កដា។ ពួកគាត់ រិះគន់ថា ផែនការធ្វើវិសោធនកម្មច្បាប់កំពូលក្នុងអំឡុងពេលដែលកម្ពុជាកំពុងមានវិបត្តិនយោបាយជាប់គាំងបែបនេះ នឹងមិនឆ្លុះបញ្ចាំងអំពីគោលការណ៍ប្រជាធិបតេយ្យ និងដើម្បីពង្រឹងនីតិរដ្ឋនោះទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ កក្កដា ថា បើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺស្ថិតក្នុងគោលដៅធ្វើយ៉ាងណាដើម្បីបម្រើការពារផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ និងធានាការពារប្រយោជន៍ជាតិ។ ទោះបីជាយ៉ាងណា លោកកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ គឺធ្វើឡើងស្របពេលបរិបទនយោបាយនៅកម្ពុជាកំពុងជាប់គាំង និងគ្មានសំឡេងគណបក្សប្រឆាំងក្នុងស្ថាប័នរដ្ឋសភា។
លោក នី សុខា បន្ថែមថា បើកម្ពុជាស្ថិតក្នុងកាលៈទេសៈធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមានតែសភាឯកបក្សបែបនេះ គឺមិនឆ្លុះបញ្ចាំងពីការរួបរួមជាតិតែមួយ និងឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ៖ «យើងនៅមានជម្លោះខាងផ្លូវនយោបាយ។ យើងនៅមានវិបត្តិខាងនយោបាយនេះ ហើយដោយសារតែយើងគិតឃើញបញ្ហានេះហើយថា យើងស្នើថា បើសិនជាមានវិសោធនកម្មគួរណាស់តែរង់ចាំឱ្យមានសំឡេង ឯកភាពជាតិ កុំឱ្យមានការបែកបាក់នៅក្នុងជាតិយើងសិន។ គេហៅថាមានការផ្សះផ្សាបង្រួបបង្រួមជាតិ ឱ្យបានស្រួលបួលទៅ។ ឱ្យរដ្ឋសភាហ្នឹងមានសំឡេងជាលក្ខណៈពហុបក្សឱ្យបានត្រឹមត្រូវហើយយើងរៀបចំធ្វើកំណែទម្រង់វិសោធនកម្មទាំងរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួនដែលធានាឱ្យបាននូវប្រយោជន៍ជាតិ អាហ្នឹងវាជាការល្អ។ ជៀសជាងនៅក្នុងកាលៈទេសៈការធ្វើវិសោធនកម្មទៅសភាបច្ចុប្បន្នគឺមានលក្ខណៈជាបក្សតែមួយដែរ»។
ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត លើកឡើងថា លោកមិនទាន់ដឹងថា មានខ្លឹមសារណាខ្លះ ដែលរដ្ឋាភិបាល គ្រោងធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនៅឡើយទេ។ ប៉ុន្តែ លោកថា ភាពចាំបាច់បំផុតនៃការកែរដ្ឋធម្មនុញ្ញ គឺទាមទារឱ្យការចូលរួមជាពហុគំនិត និងសិក្សាឱ្យច្បាស់លាស់ក្នុងកែប្រែច្បាប់ ដើម្បីតម្កល់ផលប្រយោជន៍ជាតិទាំងមូល និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ៖ «យើងឃើញថា ជាការពិតនៅក្នុងពិភពលោក ប្រទេសណាដូចប្រទេសណាដែរ មានការធ្វើវិសោធនកម្មកែរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគេកម្រ នឹងប៉ះពាល់ណាស់។ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋ គឺវាត្រូវធ្វើម៉េចឱ្យអនុលោម ឱ្យស្របតាមរដ្ឋធម្មនុញ្ញហ្នឹងសំខាន់ណាស់ចំពោះរដ្ឋធម្មនុញ្ញរបស់ប្រទេសនីមួយៗ។ ចំពោះរដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជាយើងឃើញមានកត់សម្គាល់ឃើញមានការធ្វើវិសោធនកម្ម ហើយនិងមានរដ្ឋធម្មនុញ្ញបន្ថែមវា៩លើកទៅហើយ ដែលច្រើនក្នុងរយៈពេលឆ្នាំ១៩៩៣មកទល់ពេលនេះ»។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៨ ខែកក្កដា បានពិភាក្សាលើ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក្រៅពីនេះ គណៈរដ្ឋមន្ត្រី ក៏បានអនុម័តធ្វើសេចក្តីព្រាងច្បាប់មួយចំនួនទៀត រួមមានសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធផងដែរ។ ក្រោយពីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បានធ្វើសំណើសុំការយោគយល់ពីបញ្ហានានាទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីបញ្ជាឱ្យស្ថាប័ននីតិប្បញ្ញត្តិនេះ យល់ព្រមធ្វើការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះភ្លាមៗផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលី ដើម្បីសុំការធ្វើការអត្ថាធិប្បាយជុំវិញខ្លឹមសារនៃការកែរដ្ឋធម្មនុញ្ញជាថ្មីទៀតនេះបានទេ នៅថ្ងៃទី៨ កក្កដា។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន បានឱ្យដឹងតាមរយៈកាសែតក្នុងស្រុកថា លោក ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ។ លោកថា រីឯខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ ដែលទាក់ទងនឹងការរក្សាប្រក្រតីភាព នៃការងាររដ្ឋបាល និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រសួងយុត្តិធម៌នឹងចំសន្និសីទសារព័ត៌មានបកស្រាយលម្អិតនៅថ្ងៃខាងមុខ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ថា មកដល់ពេលនេះកាន់តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រព័ន្ធដឹកនាំការងាររដ្ឋបាលនៅកម្ពុជា ក្រោមការដឹកនាំរបស់ លោកហ៊ុន សែន បានទទួលបរាជ័យយ៉ាងខ្លាំង។
លោក គឹម សុខ លើកឡើងបន្តថា ប្រព័ន្ធដឹកនាំការងាររដ្ឋបាលនោះបរាជ័យ គឺដោយសារតែកៅអីសម្រាប់រដ្ឋមន្ត្រីនៅ តាមក្រសួងស្ថាប័ននានាមានចំនួនច្រើនលើសលប់ ហើយការអនុវត្តតួនាទីជាក់ស្តែងមិនបានបំពេញតួនាទីឱ្យ បានត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនោះទេ។ លើសពីនេះ លោក យល់ថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញជា ថ្មីទៀតនេះ លោក ហ៊ុន សែន អាចឆ្លៀតបំពេញច្បាប់មួយចំនួនបន្ថែមអំពីការធានានៃផែនការផ្ទេរអំណាចទៅកាន់លោក ហ៊ុន ម៉ាណែត នៅថ្ងៃខាងមុខ៖ «ការកែរដ្ឋធម្មនុញ្ញច្រើនដងពេករហូតទៅដល់១០ដងទៅហើយតាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មក និងធ្វើឱ្យច្របូកច្របល់មែនទែន ខុសផ្លូវប្រជាធិបតេយ្យ។ ដូច្នេះ ដើម្បីធ្វើអ្វីបន្តទៀតតម្រូវតាមផែនការអំណាចរបស់ក្រុមគ្រួសារហ៊ុន លោក ហ៊ុន សែន មានតែប្រើវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដដែលៗ ដើម្បីតម្រូវភាពចាំបាច់នៃការពង្រឹងអំណាចរបស់គាត់»។
គិតត្រឹមឆ្នាំ១៩៩៣ មកដល់ពេលនេះ កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើវិសោធនកម្មច្បាប់កំពូលជាតិ គឺច្បាប់រដ្ឋធម្មនុញ្ញចំនួន៩លើកមកហើយ។ ការកែច្បាប់កំពូលជាតិកន្លងមកនេះ ក្រុមអ្នកឃ្លាំមើលរិះគន់ថា បណ្ដាលឱ្យច្បាប់កំពូលចុះទន់ខ្សោយ និងក្លាយជាឧបករណ៍នយោបាយសម្រាប់គណបក្សកាន់អំណាច ជាជាងច្បាប់ដែលបម្រើឱ្យផលប្រយោជន៍ប្រជាជាតិខ្មែរ។
ជាពិសេស វិសោធនកម្មរដ្ឋធម្មនុញ្ញ គឺលើកទី៩ ឆ្នាំ២០២១ គឺជាវិសោធនកម្មមួយ ដែលអ្នកច្បាប់ចាត់ទុកថា ជាការកែប្រែកំណែទម្រង់ច្បាប់ជាតិដ៏អាក្រក់មួយ ដែលហាមឃាត់មិនឱ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានអង្គនីតិប្រតិបត្តិ គឺនាយករដ្ឋមន្ត្រី មានសញ្ជាតិបរទេសឡើយ គឺត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។