អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលឱ្យលុបបំបាត់អំពើពុករលួយ ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌មានប្រសិទ្ធភាព
2024.01.19
អ្នកឃ្លាំមើល យល់ឃើញថា ការកែទម្រង់ និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានការបោសសម្អាតអំពើពុករលួយគ្រប់ជាន់ថ្នាក់ ជាពិសេសនៅក្នុងប្រព័ន្ធតុលាការ។
អ្នកឃ្លាំមើល លើកឡើងថា ការដាក់ចេញនូវយុត្តិសាស្ត្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកស្ទួយ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅតែមានចន្លោះប្រហោង ដោយសារស្ថាប័នតុលាការខ្វះភាពឯករាជ្យ និងស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ មករា ថា ស្ថាប័នតុលាការ នៅមិនទាន់ឯករាជ្យពេញលេញ ក្នុងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌នោះទេ។ លោកសង្កេតឃើញថា មានករណីមួយចំនួន ទាល់តែប្រមុខថ្នាក់ដឹកនាំ ចេញមុខដោះស្រាយទើបមានលទ្ធផល ដែលករណីនេះធ្វើឱ្យមានភាពច្របូកច្របល់រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
លោក សេក សុជាតិ៖ «យើងឃើញហើយ អំណាចតុលាការនេះមានជំពាក់ជាមួយនឹងគណបក្សនយោបាយ ជាពិសេស ជាមួយគណបក្សកាន់អំណាច។ ហើយក៏មានការរៀបចំឱ្យមានយន្តការដែលគ្រប់គ្រងតាមរយៈក្រសួងយុត្តិធម៌ទៅលើស្ថាប័នតុលាការនេះទៀតសោត។ ដូច្នេះស្ថាប័នតុលាការ អ្វីដែលខ្ញុំមើលឃើញ គឺមិនទាន់មានឯករាជភាពទេ ហើយហាក់បីដូចជាស្ថិតនៅក្រោមឥទ្ធិពលទាំងស្រុងរបស់អង្គនីតិប្រតិបត្តិតែម្ដង»។
ការលើកឡើងនេះ បន្ទាប់ពី កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យិនទៀង កាលពីថ្ងៃទី១៨ ខែមករា លើការស្នើសុំកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ ក្នុងកិច្ចប្រជុំនេះ ស្ថាប័នទាំងពីរ បានប្ដេជ្ញាត្រូវអនុវត្តឱ្យបានដាច់ខាត ចំពោះសំណុំរឿង ៣ប្រភេទ គឺ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន និងដោះស្រាយដោយតម្លាភាព ត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ដើម្បីទទួលខុសត្រូវលើវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។
ការដាក់ចេញនូវយន្តការនេះ គឺស្របពេលដែលប្រជាពលរដ្ឋ រិះគន់ពីបញ្ហា ចែកចាយ និងការជួញដូរគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ នៅតែបន្តកើតមាន ជាពិសេសលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្គាប់នូវភាពអយុត្តិធម៌ ចំពោះជនរងគ្រោះ នៅពេលជនបង្ក គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ និងតុលាការ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមករា។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក មាស នី លើកឡើងថា បញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ នៅតែជាវិបត្តិសង្គមដ៏រ៉ាំរ៉ៃ បើទោះបីកន្លងមករដ្ឋាភិបាល តែងតែបង្ហាញពីការប្ដេជ្ញា ក្នុងការដោះស្រាយជាច្រើនលើកទៅហើយក្ដី។
លោក មាស នី៖ «មិនចាំបាច់ត្រូវការធ្វើកំណែទម្រង់អ្វីទេ។ ប៉ុន្តែ គ្រាន់តែអនុវត្តច្បាប់ ដែលមានស្រាប់ ដូចជា ច្បាប់ចរាចរណ៍យើងហ្នឹង ឃើញថា វាតឹងតែងល្មមគ្រប់គ្រាន់ហើយ សំខាន់អនុវត្តច្បាប់ហ្នឹងឱ្យដើរទៅ កុំឱ្យមានការរំលោភអំណាច ហើយនរណាខុស អ្នកនោះទទួលអ៊ីចឹងទៅ ទៅតាមអ្វី ដែលជានីតិវិធីអ៊ីចឹងទៅ បានហើយ»។
កាលពីថ្ងៃទី ៨ ខែមករា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារនៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដោយក្រុមការងារនេះ នឹងស៊ើបអង្កេតចម្រាញ់យកមន្ត្រីស្អាតស្អំ និងចាត់វិធានការលើមន្ត្រីខិលខូច។
ទោះជាយ៉ាងណា មកដល់ពេលនេះ ក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បង្ហាញពីលទ្ធផល នៃការស៊ើបអង្កេត ឬចាត់វិធានការ ចំពោះចៅក្រម និងព្រះរាជអាជ្ញា ណាមួយ នៅក្នុងស្ថាប័នតុលាការ ដែលមហាជនតែងតែរិះគន់ ប្រព្រឹត្តអំពើពុករលួយ និងអនុវត្តច្បាប់មានស្ដង់ដា២ នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។