អ្នកឃ្លាំមើល និងសង្គមស៊ីវិលលើកឡើងថា ឧកញ៉ាមួយចំនួនដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងរឿងបំផ្លិចបំផ្លាញធនធានធម្មជាតិ និងរំលោភបំពានដីធ្លី ឬក៏ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់វិនិយោគរបស់ពលរដ្ឋជាដើមនោះ ប៉ុន្តែពួកគេអាចរស់នៅក្រៅសំណាញ់ច្បាប់បាន គឺដោយសារតែពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាច។ ការលើកឡើងនេះ ក្រោយពេលមានពលរដ្ឋចេញតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងឧកញ៉ាមួយចំនួន ដែលពលរដ្ឋចោទថា ឆបោក ឬរំលោភដីធ្លីពលរដ្ឋ តែរដ្ឋាភិបាលហាក់គ្មានវិធានការច្បាប់តឹងរ៉ឹងចំពោះឧកញ៉ាទាំងនោះឡើយ។
តួលេខពីសមាគមឧកញ៉ាកម្ពុជាបង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជាមានឧកញ៉ា យ៉ាងតិច ១ពាន់ ៣រយនាក់ (១.៣០០)។
ទោះបីជារដ្ឋាភិបាល អះអាងថា អ្នកបានងារជាឧកញ៉ាទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គម និងសេដ្ឋកិច្ច តាមរយៈការវិនិយោគ ជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា វិបត្តិសង្គមនៅក្នុងសង្គមខ្លះ គឺបានកើតឡើង ដោយសារតែ ស្នាដៃមិនសុចរិតរបស់ឧកញ៉ាមួយចំនួន។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត កត់សម្គាល់ថា គម្រោងវិនិយោគរបស់ឧកញ៉ាខ្លះ ប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ ដូចជា គម្រោងវិនិយោគចម្ការអំពៅ ចម្ការដំឡូង ចម្ការកៅស៊ូជាដើម។
លោក វណ្ណ សុផាត កត់សម្គាល់ដែរថា មានឧកញ៉ាខ្លះ ប្រមូលលុយពីប្រជាពលរដ្ឋរាប់លានដុល្លារ ក្នុងគម្រោងជំនួញអចលនទ្រព្យ និងបុរី ផ្ទះល្វែង ហើយកន្លងមក ឧកញ៉ាខ្លះដែលបោកប្រាស់ប្រជាពលរដ្ឋ ក្នុងវិស័យនេះ ប្រឈមមុខនឹងផ្លូវច្បាប់តែរយៈពេលខ្លី ហើយក៏រួចខ្លួនវិញ។
លោក វណ្ណ សុផាត៖ «ឃើញមានអន្តរាគមន៍ពីថ្នាក់ដឹកនាំ ឬអ្នកដែលមានឥទ្ធិពលទៅឃើញអនុវត្តផ្លូវច្បាប់បានមួយរយៈពេលប៉ុណ្ណោះ ឥឡូវដោះលែងជិតអស់ហើយវិញ ហើយឧកញ៉ាកំពុងប្រជាពលរដ្ឋតវ៉ាឱ្យសងសំណងដែលគាត់បង់ផ្ទះហើយ ក៏អត់ត្រូវមានចាត់វិធានការច្បាស់លាស់ពីច្បាប់ពីរាជរដ្ឋាភិបាលអីទេ អាហ្នឹងហើយដែលធ្វើឱ្យបញ្ហាដែលប្រជាពលរដ្ឋដែលគាត់កាន់តែក្រីក្រទៅបំណុលវណ្ឌកខ្ចីផង លក់ដីលក់ស្រែផង យកទៅបង់ផ្ទះផង»។
ថ្មីៗនេះ ប្រជាពលរដ្ឋជាង២០០នាក់ មកពីតាមខេត្តនានា ផ្ទុះការតវ៉ានៅខេត្តសៀមរាប ទាមទារឱ្យឧកញ៉ា ឡេង ចាន់ណា សងប្រាក់ដល់ពួកគាត់វិញ។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារចោទថា ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា បានបញ្ចុះបញ្ចូលឱ្យពួកគាត់ដាក់វិនិយោគជាមួយក្រុមហ៊ុននេះ សរុបរាប់រយលានដុល្លារ ដោយក្រុមហ៊ុនបានសន្យាផ្ដល់ការប្រាក់ ៤ភាគរយ(៤%) ដល់ ពួកគាត់ ប៉ុន្តែ រយៈពេលជិត ៨ខែ មកនេះ ក្រុមហ៊ុនមិនបានឱ្យការប្រាក់ហើយ និងមិនសងប្រាក់ដើមឱ្យពួកគាត់ទៀត។
ប្រជាពលរដ្ឋដែលដាក់លុយវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី លោកស្រី ដូ សុខណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ កុម្ភៈ ថា គិតមកដល់ពេលនេះ ក្រុមហ៊ុន មិនទាន់មានដំណោះស្រាយឱ្យពួកគាត់ឡើយ ខណៈគ្រួសារនិងសាច់ញាតិ គាត់ជំពាក់ធនាគារជាង ១០ម៉ឺនដុល្លារ។
លោកស្រី ដូ សុខណា៖ «ពឹងតែទៅលើតែទៅសម្ដេចដែលថា ជាម៉ែជាពុក អ្នកមានភ្នែក អ្នកដោះស្រាយ អ្នករកយុត្តិធម៌ ពួកខ្ញុំក្រណាស់មិនមានប្រាក់ទៅជួលអ្នកចេះ អ្នកដឹង មេធាវី តុលាការ គឺខ្ញុំអត់ស្គាល់ទាំងអស់។ ពឹងតែទៅលើសម្ដេច ស្រែកសុំតែជំនួសពីសម្ដេចពុក សម្ដេចម៉ែ សម្ដេច ហ៊ុន ម៉ាណែត ។ បើគាត់មិនមានដំណោះស្រាយ បើគាត់ធ្មេចភ្នែក ធ្មេចច្រមុះ សម្រាប់ប្រជាពលរដ្ឋគាត់ មានតែស្លាប់ ហើយរត់ចោលស្រុកតែប៉ុណ្ណោះ»។
លោកស្រីថា គ្រួសារគាត់ដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នេះ ដោយសារតែ ឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អះអាងថា ក្រុមហ៊ុននេះ មានអ្នកធំនៅពីក្រោយ។
លោកស្រី ដូ សុខណា៖ «អ្នកស្រី ឡេង ចាន់ណា ចេញសម្ដីស្រែកឡូងៗសុទ្ធតែមានខ្នងធំ នៅបង្អែកមិនឱ្យដួលរលំទេ គេចិញ្ចឹមប្រជាជនមួយជីវិតក្រីក្រ ដកដើមពេលណាក៏បានដល់ពេលនេះ ៨ ខែកន្លងហើយ ពួកខ្ញុំប្រជាពលរដ្ឋមានតែទឹកភ្នែកជោគខ្លួនអស់។ សូមឱ្យជួយរកដំណោះស្រាយដល់សម្ដេចជួយប្រជាជនផង មិនដឹងពឹងអ្នកណាទេ»។
ក្រោយការតវ៉ារបស់ពលរដ្ឋ នៅក្នុងឃ្លីបវីដេអូ (Clip Video) ជាង ៤នាទីដែលផ្សាយដោយអ្នកកាសែតក្នុងស្រុក អ្នកស្រី ឡេង ចាន់ណា បែរជាអះអាងថា មិនញញើតនឹងបុគ្គលណាទេ ព្រោះក្រុមហ៊ុនរបស់ អ្នកស្រី ជាដៃគូរបស់រដ្ឋាភិបាល និងត្រូវបានជួយជ្រោមជ្រែងដោយរដ្ឋាភិបាល រីឯសមាគមរបស់អ្នកស្រី បង្កើតឡើងដោយលោក ហ៊ុន ម៉ាណែត និងគំរាមថតរូបប្រជាពលរដ្ឋរងគ្រោះ ដែលហ៊ានតវ៉ាទៀតផង។
អ្នកស្រី ឡេង ចាន់ណា៖ «និយាយពាក្យបង្ខូចបង្កាច់សមាគម បង្ខូចបង្កាច់ពួកខ្ញុំ។ សូមពុកម៉ែបងប្អូនថតរូបបុគ្គលរូបនោះឱ្យបានឱ្យខ្ញុំ ឱ្យពួកខ្ញុំយល់ទេ ទាំងអស់គ្នា ខ្ញុំឱ្យអ្នកទាំងអស់គ្នាហ៊ាននិយាយ ព្រោះពួកខ្ញុំទាំងអស់ក៏មានសិទ្ធិការពារនៅកេរ្តិ៍ឈ្មោះរបស់ពួកខ្ញុំដែរ ជាពិសេសសមាគមដែលបង្កើតឡើងដោយឯកឧត្ដម ហ៊ុន ម៉ាណែត ទៀត»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃទី២០ កុម្ភៈ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ក្រៅពីឧកញ៉ា ឡេង ចាន់ណា នៅមានឧកញ៉ាមួយចំនួនទៀត ដូចជា ឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ជា សារ៉ន ដែលកាលពីឆ្នាំ២០២៣ ក៏ត្រូវប្រជាពលរដ្ឋនៅខេត្តកំពត ចោទថា ឆបោកប្រាក់របស់ពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគរាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យដែរ។
តែក្រោយពីប្រជាពលរដ្ឋតវ៉ា និងដាក់ពាក្យបណ្ដឹងនោះ សមត្ថកិច្ចខេត្តកំពត បានចាប់ និងឃុំខ្លួនឧកញ៉ា ជា សារ៉ន ប្រធានក្រុមហ៊ុន ជា សារ៉ន និងបក្ខពួកមួយ ចំនួនទៀត ដាក់ពន្ធនាគារបណ្ដោះអាសន្ន ខណៈប្រជាពលរដ្ឋរងគ្រោះនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។
រីឯឧកញ៉ា ហ៊ី គឹមហុង ដែលជាប់ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋនៅខេត្តកំពត ដែលដាក់វិនិយោគប្រាក់រាប់លានដុល្លារ ក្នុងគម្រោងអចលនទ្រព្យ ត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ចំណែក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលតែងតែបង្ហាញវត្តមានជាសាធារណៈ ជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន នោះ ក៏ត្រូវពលរដ្ឋចោទប្រកាន់ពីរឿងឆបោកលក់ផ្ទះខ្យល់ឱ្យអតិថិជន ហើយមិនទាន់មានដំណោះស្រាយដល់បច្ចុប្បន្ន។
ក្នុងពេលជាមួយគ្នា ឧកញ៉ា លី យ៉ុងផាត់ ដែលល្បីខាងទន្ទ្រានយកដីធ្លីរបស់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅខេត្តកោះកុង និងកំពង់ស្ពឺ ឧកញ៉ារូបនេះ ត្រូវបានរដ្ឋាភិបាលផ្តល់តួនាទីកាន់តែច្រើនឡើង ដូចជា ជាទីប្រឹក្សាលោក ហ៊ុន សែន ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងចុងក្រោយ គឺជាប្រធានសមាគមឧកញ៉ាកម្ពុជា។
រីឯឧកញ៉ា លឹម ប៊ុណ្ណា និងឧកញ៉ា ទ្រី ភាព ដែលល្បីខាងបំផ្លាញព្រៃឈើ កំពុងធ្វើជាជំនួយការរបស់លោក ហ៊ុន សែន ខណៈ ឧកញ៉ា ទ្រី ភាពគឺជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលគួរតែដាក់ចេញ នូវគោលការណ៍អនុវត្តន៍ច្បាប់ ដោយតម្លាភាពត្រឹមត្រូវ ចំពោះឧកញ៉ាពុករលួយ និងប្រព្រឹត្តខុសច្បាប់ទាំងឡាយ ដោយមិនលើកលែង ប្រសិនបើរដ្ឋាភិបាលពិតជាមានឆន្ទៈលុបបំបាត់បញ្ហា។
លោក សេក សុជាតិ៖ «គឺពឹងផ្អែកសំខាន់លើទៅការសម្រេចចិត្តរបស់មេដឹកនាំដែរ តើចង់ឱ្យក្រុមឧកញ៉ាមួយចំនួនតូចហ្នឹង ធ្វើព្យុះធ្វើភ្លៀង ឬក៏បង្កបញ្ហាផ្សេងៗទៅដល់ប្រជាពលរដ្ឋដោយខ្វះការទទួលខុសត្រូវបែបហ្នឹង ឬក៏យ៉ាងណានោះ អានេះ គឺជាបេះដូងនិងឆន្ទៈរបស់មេដឹកនាំប្រទេសរបស់យើង»។
ទាក់ទិនរឿងឧកញ៉ានេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិកលើឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុន ចំនួន១១ របស់លោកផងដែរ។ ការដាក់ទណ្ឌកម្មពេលនោះធ្វើឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky ដោយអាមេរិករកឃើញថា ឧកញ៉ា ទ្រី ភា ដែលជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន នេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។