រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ដោយ​គ្មាន​ការពិគ្រោះយោបល់​ពេញលេញ​

0:00 / 0:00

រដ្ឋ​សភាព​ឯក​បក្ស​របស់​លោក​ហ៊ុន​ សែន​ សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាស់​ស្ដីពី​របប​សន្តិសុខ​សង្គម​ នៅ​ថ្ងៃ​ទី៨​ ខែ​តុលា។ ក្រុម​សង្គម​ស៊ីវិល​ បារម្ភ​ថា​សេចក្ដី​ព្រាងច្បាប់​នេះ​ មាន​ចំណុច​ខ្វះខាត​ ព្រោះ​ពុំ​បាន​ពិគ្រោះ​យោបល់​ពេញលេញ​ជា​មួយ​ភាគី​ពាក់ព័ន្ធ។

សមាជិក​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​ដែល​មាន​ ១១ជំពូក​ ចែកចេញជា ១០៧មាត្រា។ រដ្ឋសភា​ បញ្ជាក់​ថា​ សេចក្ដី​ព្រាង ច្បាប់​របប​សន្តិសុខ​សង្គម​នេះ​ មាន​គោលបំណង​បង្កើត​ឱ្យ​មានរបប​សន្តិសុខ​សង្គម​ លើកកម្ពស់​សុខុមាលភាព​ និង​ជីវភាព​ប្រជា​ ពលរដ្ឋ​ តាម​គោលការណ៍​សាមគ្គីធម៌​សង្គម​ ដែល​មាន ៤ផ្នែក​គឺ ផ្នែក​ប្រាក់​សោធន​ ផ្នែក​ថែទំា​សុខ​ ភាព​ ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​ភាព​គ្មាន​ការងារ​ធ្វើ​សម្រាប់​បុគ្គល​ដែល​ ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ បុគ្គល​ដែល​ស្ថិតនៅ​ក្រោម​ ច្បាប់​ស្ដីពី​ការងារ​ គិត​រួម​ទាំង​បុគ្គលិក​ផ្លូវ​អាកាស​ នាវា​សមុទ្រ។ ច្បាប់​នេះ​ ក៏​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ ព្រម​ទាំង​អ្នក​ប្រកប​មុខ​របរ​ផ្ទាល់​ខ្លួន​ រាប់​តាំង​អ្នក​រត់​ម៉ូតូ​ឌុប​អ្នក​លក់​ដូរ​តាម​ផ្លូវ​ជា​ដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​មនុស្ស​ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ​ ដោយ​អះអាង​ថា​ រដ្ឋសភា​ បាន​លាក់លៀម​មិន​បញ្ជូន​ អត្ថបទ​សេចក្ដី​ព្រាង​ច្បាប់​នេះ ជូន​ពួក​គេ​តាម​ការ​ស្នើសុំ និង​មិន​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​ពិគ្រោះ​ យោបល់​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នោះ​ទេ។

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា មានប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ក្រុម​សង្គម​ ស៊ីវិល​ និង​សហជីព​ បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា​ អ្នកស្រី​ ឡោក​ ខេង​ និង​តំណាង​ក្រសួង​ការងារ លោក ហេង សួរ។ សង្គម​ស៊ីវិល​ និង​សហជីព​ បាន​ស្នើសុំ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដើម្បី​សិក្សា និង​ស្នើសុំ​ឲ្យ​រដ្ឋសភា ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ ប៉ុន្តែ អ្នកស្រី​ឡោក ខេង បដិសេធ​មិន​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ។ កញ្ញា​សោក​ស្ដាយ ដែល​រដ្ឋសភា​បន្ត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ​ ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​ភាគី​ពាក់ព័ន្ធ៖ «ការ​បង្កើត​ច្បាប់​មួយ ត្រូវ​តែ​ធ្វើ​ឡើយ​ដោយ​តម្លាភាព ​និង​គណនេយ្យ​ភាព​ មាន​ការ​ចូលរួម​គ្រប់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ ជាពិសេស អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ច្បាប់​នេះ​ផ្ទាល់។ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ គឺ​ច្បាប់​មួយ​នេះ​ ត្រូវ​បាន​ស្នើ​ឡើង​តាំងពី​ឆ្នាំ២០១៦ ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​មិន​ដែល​បាន​ដឹង​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​រូបរាង និង​ខ្លឹមសារ​យ៉ាង​ម៉េច ហើយ បញ្ចូល​អ្វី​ខ្លះ​នោះ​ទេ។ ដូច្នេះ​ច្បាប់​នេះ​អត់​មាន​តម្លាភាព។ ជូន​កាល​យើង​មិន​ដឹង​ថា កម្មករ​និយោជិត​ ឬក៏​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​បាន​គ្រប​ដណ្ដប់​នៅ​ក្នុង​ច្បាប់​នេះ​អត់ ? តើ​យុវជន​ត្រូវ​បាន​គ្រប​ដណ្ដប់​ក្នុង​វិសាលភាព​នៃ​ច្បាប់​នេះ ឬ​អត់​ គឺ​យើង​អត់​ដឹង។ អ៊ីចឹង​យើង​អត់​ហ៊ាន​វាយតម្លៃ​ទេ​ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​សកល ហើយ​មាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​ទទួល​ប្រយោជន៍​នេះ​កម្រិត​ណា​នោះ​ទេ»

ការ​ពិភាក្សា​ និង​ការ​អនុម័ត​សេចក្ដី​ព្រាង​របប​សន្តិសុខ​សង្គម​នេះ​ គឺ​ប្រធាន​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា អ្នកស្រី ឡោក ខេង ជា​អ្នក​អាន​របាយការណ៍​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សិក្សា​សេចក្ដី​ព្រាង​ ច្បាប់​ជូន​អង្គ​សភា។ រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក​ អ៊ិត​ សំ​ហេង​ ជា​តំណាង​រាជរដ្ឋាភិបាល និង​ជា​អ្នក​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ថ្លែង​ថា លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ បែប​ណា​ ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ ព្រោះ​លោក​មិន​បាន​ឃើញ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ដោយសារ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ជា​សាធារណៈ។ លោក​ថា លោក​រង់ចាំ​មើល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក្រោយ​រដ្ឋ​សភាព​អនុម័ត​រួច​ ហើយ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​ក្រោយ៖ « រដ្ឋសភា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ប៉ុន្តែ​យើង​ ឃើញ​ថា​ ច្បាប់​កន្លង​មក​ សេចក្ដី​ប្រកាស​ ឬ​បទ​បញ្ញត្តិ​ ដែល​រដ្ឋសភា​បាន​តាក់តែង​ គឺ​តែងតែ​ធ្វើ​ឲ្យ​ខាត​ ប្រយោជន៍​ប្រជាពលរដ្ឋ​ ឬ​ជន​ដែល​ងាយ​រងគ្រោះ​ ជាពិសេស​មនុស្ស​ ដែល​ទទួល​បាន​ផល​ប្រយោជន៍​ បាន​បាត់​ប្រយោជន៍​ជា​ច្រើន​ទៅ​វិញ។ អ៊ីចឹង​ហើយ​យើង​នៅ​តែ​បារម្ភ​ថា​ ការ​តាក់តែង​ច្បាប់ ឬ​គោល​នយោបាយ​នេះ​ ដើម្បី​ធានា​អំពី​ផល​ប្រយោជន៍ និង​មាន​នីតិវិធី​ពេញលេញ​នោះ គឺ​ត្រូវ​តែ​មាន​ការ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ហ្មត់ចត់ និង​ទទួល​យក​គ្រប់​ភាគី​ពាក់ព័ន្ធ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ ដោយ​ ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​រួច​ហើយ​ ដោយ​មិន​សូវ​មាន​ការ​ដេញដោល​ពី​តំណាងរាស្ត្រ​គណ​បក្ស​កាន់​អំណាច ដូច​គ្នា​នោះ​ទេ។ លោក​បន្ត​ថា ប្រធាន​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា ធ្លាប់​ពន្យល់​ក្រុម​សហជីព និង​សង្គម​ស៊ីវិល​រួច​ហើយ ប៉ុន្តែ​លោក​អះអាង​ថា ប្រសិន​បើ​ពួក​គេ​នៅ​តែ​មាន​ក្ដី​បារម្ភ​នោះ នៅ​អាច​មាន​ឱកាស​ខ្លះ​ ដើម្បី​ចូលរួម​ផ្ដល់​យោបល់។ លោក​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​រដ្ឋសភា​បាន​អនុម័ត​រួចហើយ​ក្តី​ ក៏​សេចក្ដី​ព្រាងច្បាប់​នេះ​មិន​ទាន់​ប្រកាស​ឲ្យ​ប្រើ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ព្រឹទ្ធិ​សភា​ពិនិត្យ​ និង​មាន​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​ថែម​ទៀត៖ « ទី១ សេចក្ដី​ព្រាង​ច្បាប់​នេះ​វា​នៅ​តែ​ជា​សេចក្ដី​ព្រាង​ច្បាប់​នៅ​ឡើយ យើង​មិន​អាច​ជូន​ជា​សាធារណៈ​បាន​ឡើយ។ ទី២ ចំពោះ​ការ​បារម្ភ​នេះ​មាន​ការ​ពន្យល់​ម្ដង​ ហើយ ដោយ​លោក​ជំទាវ​ប្រធាន​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា​ជូន​ដល់​សង្គម​ស៊ីវិល​ តែ​គាត់​នៅតែ​មិន​អស់​ចិត្ត​ នៅ​តែ​បារម្ភ។ ឥឡូវ​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ហើយ​លោក​ជំទាវ ឡោក ខេង​ ថា​ នឹង​បោះ​ពុម្ព​ផ្សាយ​សេចក្ដី​ព្រាង​ច្បាប់ ​ដែល​សភា​អនុម័ត ហើយ​ផ្សាយ​ជា​សាធារណៈ»

ក្រៅ​ពី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​នេះ រដ្ឋសភា​ក៏​បាន​អនុម័ត​សេចក្ដី​ព្រាង​ ច្បាប់​ចំនួន ២ទៀត​ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​សេចក្ដី​ព្រាង​ ច្បាប់​ស្ដីពី​កិច្ច​ការពារ​អ្នកប្រើ​ប្រាស់​ ដែល​របប​ក្រុង​ភ្នំពេញ​អះអាង​ថា សម្រាប់​ការ​ការពារ​ផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​ពី​អំពើ​ និង​ការ​អនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់ គាំទ្រ​ទីផ្សារ ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ទាំង​តម្លៃ​ គុណភាព​ទំនិញ និង​សេវា។ នៅ​មុន​នេះ​មួយ​ថ្ងៃ រដ្ឋសភា​ក៏​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់​ដែរ​ ដែល​ច្បាប់​មួយ​នេះ​រង​ការ​រិះគន់​ដូច​គ្នា​ថា មិន​បាន​ដាក់​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ឲ្យ​បាន​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។