សភាឯកបក្ស សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដោយគ្មានសំឡេងជំទាស់ តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមិថុនា។ មន្ត្រីសង្គមស៊ីវិល រិះគន់ថា នៅពេលសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន ច្បាប់នេះនឹងដាក់កាតព្វកិច្ចលើពលរដ្ឋដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ដែលប្រការនេះផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
គ្មានសមាជិកសភាឯកបក្សណាមួយ ហ៊ានលើកដៃជំទាស់ និងការធ្វើការវិសោធនកម្មច្បាប់បោះឆ្នោត ដែលលោក ហ៊ុន សែន ប្រញាប់ធ្វើវិសោធនកម្មយ៉ាងតក់ក្រហល់នេះទេ។ សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលចូលរួមក្នុងសម័យប្រជុំចំនួន ១១១រូប បានលើកដៃអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលមានប្រាំបីមាត្រានេះ ដោយគ្មានសំឡេងជំទាស់ ឬកែប្រែពាក្យពេចន៍ និងមាត្រាណាមួយឡើយ។
សភាឯកបក្សលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតពេលនេះ ដើម្បីកែទម្រង់ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ចុះថ្ងៃទី២៣ ខែមិថុនា បញ្ជាក់ថា ការកែច្បាប់នេះសំដៅលើការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈ ការបោះឆ្នោត នៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
ដូចគ្នានេះដែរ តំណាងរដ្ឋាភិបាលលោក ហ៊ុន សែន គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងការពារក្នុងកិច្ចប្រជុំរដ្ឋសភាថា ខ្លឹមសារច្បាប់នេះ ដើម្បីការពារដំណើរនៃការបោះឆ្នោត។ លោក ស ខេង ឱ្យដឹងទៀតថា ចំពោះជនណាដែលឈរឈ្មោះឱ្យបោះឆ្នោត តែមិនបានទៅចូលរួមបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដោយគ្មានមូលហេតុសមស្រប នឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន៤រួមមាន ការឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរើសសមាជិកប្រឹក្សាស្រុកក្រុងខេត្តខណ្ឌឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ២០២៨។ លោកបន្តថា ច្បាប់នេះ ក៏ចែងដាក់ទោសទណ្ឌលើជនណា ឬគណបក្សណា ដែលញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ហើយដកសិទ្ធិគណបក្សដែលប្រព្រឹត្តិល្មើសនឹងច្បាប់នេះ មិនឱ្យចូលរួមការបោះឆ្នោតផងដែរ។ បើទោះជា ការកែច្បាប់នេះ មានចរិតចាប់បង្ខំឱ្យពលរដ្ឋទៅបោះឆ្នោតក្ដី ប៉ុន្តែ លោក ស ខេង អះអាងថា ការកែច្បាប់នេះ មានខ្លឹមសារពាក់ព័ន្ធ ទាក់ទងទៅនឹងអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែមិនបានចាប់បង្ខំឱ្យពលរដ្ឋទូទៅត្រូវតែទៅបោះឆ្នោតនោះឡើយ។
លោក ស ខេង៖ «សំណើធ្វើវិសោធនកម្មនេះ មានខ្លឹមសារពាក់ព័ន្ធតែលក្ខខណ្ឌសម្រាប់ការឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ ពោលគឺមិនបានធ្វើឱ្យប៉ះពាល់ឡើយដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោតនៅតែសិទ្ធិរបស់ពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនោះទេ»
បើទោះជាតំណាងរដ្ឋាភិបាល និងរដ្ឋសភាឯកបក្ស អះអាងដូចគ្នាថា ការកែច្បាប់បោះឆ្នោតនេះសំដៅលើការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ តែមន្ត្រីសង្គមស៊ីវិល មិនស្របតាមឡើយ ព្រោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិចែងទូលាយពីសិទ្ធិបោះឆ្នោត ហើយក៏មិនបានចាប់បង្ខំឱ្យបុគ្គលណាមួយ ឬក្រុមណាមួយត្រូវតែទៅបោះឆ្នោតនោះដែរ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ មិនមែនចម្លែកទេ ត្បិតរដ្ឋសភា សព្វថ្ងៃគ្មានសមាជិកសភាគណបក្សប្រឆាំងទេ ដូច្នេះ ប្រសិនបើពេលរដ្ឋាភិបាលស្នើកែច្បាប់អ្វីមួយគឺរដ្ឋសភាតែងតែអនុម័តតាមសំណើនោះ។ អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ យល់ថា នៅពេលសេចក្ដីព្រាងច្បាប់នេះចូលជាធរមាននៅពេលខាងដ៏ខ្លី ច្បាប់នេះនឹងដាក់កាតព្វកិច្ចលើពលរដ្ឋដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ត្រូវតែទៅបោះឆ្នោត ដែលចំណុចផ្ទុយពីរដ្ឋធម្មនុញ្ញកំណត់ការបោះឆ្នោតត្រឹមជាសិទ្ធិដែលពលរដ្ឋគ្មានអ្នកណាមកបង្ខិតបង្ខំ។
លោក សំ គន្ធាមី៖ «កាតព្វកិច្ចនេះ ដាក់ទៅលើអ្នកដែលត្រូវឈរជាបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំអីទាំងអស់ណា នៅពេលខាងមុខទៀតនៅពេលគាត់អត់បានទៅបោះឆ្នោតទាក់ទងសិទ្ធិឈរឈ្មោះជាបេក្ខជន ទោះបីគាត់នៅក្រៅប្រទេសក៏ដោយគាត់អត់បានបោះឆ្នោត ថ្ងៃក្រោយគាត់អត់មានសិទ្ធិឈរ(ឈរឈ្មោះ)ពាក់ព័ន្ធសិទ្ធិពលរដ្ឋសិទ្ធិនយោបាយព្រោះពលរដ្ឋមួយៗម្នាក់ៗគឺមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។
ជុំវិញការធ្វើវិសោធនកម្មនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខកចិត្តនៅពេលវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានអនុម័តដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា យ៉ាងតក់ក្រហល់ ដែលកៀកទៅនឹងថ្ងៃបោះឆ្នោតបែបនេះ។ ចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែមិថុនា លើកឡើងទៀតថា គោលបំណងរបស់ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ មិនស៊ីសង្វាក់នឹងខ្លឹមសារនោះទេ ពីព្រោះមិនបានលើកស្ទួយគុណតម្លៃនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូចបានលើកឡើងក្នុងសំណើវិសោធនកម្មនេះឡើយ ផ្ទុយទៅវិញ ធ្វើឱ្យដំណើរការប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរួមតូចចង្អៀតបង្កឱ្យមានភាពភ័យខ្លាច ភាន់ច្រឡំ និងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតថែមទៀតផង។
រីឯអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា សភាឯកបក្សរបស់លោក ហ៊ុន សែន អនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងលឿនបែបនេះដើម្បីបំពេញចិត្តលោក ហ៊ុន សែន ដែលទង្វើនេះមិនបានបម្រើប្រយោជន៍ដល់ទូទៅ។ លោក គឹម សុខ យល់ដូច្នេះព្រោះលោកថា លោក ហ៊ុន សែន តែងតែលើកឡើងដដែលៗថា អ្វីដែលលោក ហ៊ុន សែន ធ្វើពេលនេះ ដើម្បីកំចាយអ្នកប្រជាធិបតេយ្យ ឬលោក សម រង្ស៊ី ឬក៏ក្រុមលោក សម រង្ស៊ី មិនអាចចូលឆាកនយោបាយកម្ពុជាវិញបាន។
លោក គឹម សុខ៖ «មិនបម្រើប្រយោជន៍របស់ប្រទេសជាតិទេ ម្យ៉ាងវិញទៀតកែច្បាប់នៅពេលដែលការប្រកួតជិតមកដល់ ហើយក្នុងកាលៈទេសៈដែលគូប្រកួតទាំងអស់ត្រូវគេបិទទៅទៀត ជារបៀបកែច្បាប់ដូចស្វាប៉ាហ៊ី សម្ដែងជាប់ក្បាលក្នុងត្រឡោកអ៊ីចឹងណា គឺចង់កែដើម្បីបិទគេ ហើយទៅជាលោតទទីងទទាងតាមចិត្តខ្លួនឯងចេះតែធ្វើតម្រូវតាមបំណងនៃចិត្តរបស់ខ្លួនណា»។
លោក គឹម សុខ លើកឡើងថា ចេតនារបស់លោក ហ៊ុន សែន ដែលយកច្បាប់នេះ មករាងរាំង ឬហាមឃាត់ លោក សម រង្ស៊ី ឬក្រុមលោក សម រង្ស៊ី ឱ្យពិបាកចូលរួមក្នុងបោះឆ្នោត ទំនងមិនបានសម្រេចឡើយ ប្រសិនបើនៅពេលខាងមុខ ស្ថានការណ៍នយោបាយមានការប្រែប្រួល ឬអ្នកនយោបាយមានការជជែកគ្នាឡើងវិញ ព្រោះច្បាប់នេះនៅចែងទូលាយ ហើយការអនុវត្តច្បាប់នេះ គឺអាស្រ័យលើបកស្រាយរបស់អ្នកនយោបាយ។ រដ្ឋសភានឹងបញ្ជូនសេចក្តីព្រៀងច្បាប់នេះ ទៅព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីអនុម័តបន្ត មុននឹងផ្ញើទៅព្រះមហាក្សត្រ។ អ្នកវិភាគមិនរំពឹងថា សេចក្តីព្រៀងច្បាប់នេះ នឹងជួបឧបសគ្គនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។