រដ្ឋសភាអនុម័តសេចក្តីព្រាងស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដែលសេចក្តីព្រាងច្បាប់នោះក៏មានការប្រឆាំងជួញដូរក្រលៀនផងដែរ។ តែទោះយ៉ាងណាក្តី សេចក្តីព្រាងច្បាប់នេះ គ្រាន់តែជាការបើកផ្លូវឲ្យក្រសួងសុខាភិបាល ពិសោធការផ្សាំនោះប៉ុណ្ណោះ។
រដ្ឋសភារំពឹងថា សេចក្តីព្រាងច្បាប់ ៦ជំពូក និង ៣៤មាត្រានេះ នឹងលើកកម្ពស់គុណភាពវិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ សម្រាប់អនុវត្តចំពោះសកម្មភាពដែលពាក់ព័ន្ធនឹងការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។ កិច្ចប្រជុំដែលមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន ៦៥រូបចូលរួម គ្មានតំណាងរាស្ត្របក្សប្រឆាំងទាស់ការសម្រេចនេះទេ។
ថ្លែងក្រោយសភាអនុម័ត រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថាការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស គឺស្ថិតនៅក្នុងដំណាក់ការស្រាវជ្រាវនៅឡើយទេ៖ « ខ្ញុំសុំអនុញ្ញាតជម្រាបជូនសភាទាំងមូល ច្បាប់នេះយើងរៀបចំសម្រាប់ការផ្លាស់ប្ដូរនៅក្នុងសរីរាង្គ ហើយស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវទេ » ។
សេចក្តីថ្លែងហេតុរបស់រដ្ឋាភិបាលបង្ហាញថា ការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ការផ្សាំតម្រងនោម ឬហៅថាក្រលៀន បានក្លាយជាជម្រើសដ៏មានប្រសិទ្ធភាព។ ទន្ទឹមគ្នានោះដែរ ក៏មានជួញដូរក្រលៀននៅក្នុងស្រុកទៅក្រៅស្រុក ដែលអ្នករងគ្រោះជាក្រុមប្រទេសមានសេដ្ឋកិច្ចទាប ឬមធ្យម។ ការជួញដូរនេះ ឈ្មួញកណ្ដាលជាអ្នកចំណេញលើសលប់។
ក្រៅពីនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួនទៀតដែរ។
រដ្ឋសភារំពឹងថា ប្រសិទ្ធភាព និងតម្លាភាពក្នុងការព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋតាមរយៈការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស ក្នុងគោលដៅមនុស្សធម៌ ចំណែកការធ្វើពាណិជ្ជកម្មត្រូវហាមឃាត់ជាដាច់ខាត។
ការបរិច្ចាគ និងការទទួលសរីរាង្គមនុស្ស ត្រូវអនុវត្តតាមការស្ម័គ្រចិត្ត និងអ្នកបរិច្ចាគ និងអ្នកទទួលក្នុងគោលបំណងមនុស្សធម៌ និងសប្បុរសធម៌ គឺមិនធ្វើពាណិជ្ជកម្ម និងមិនមានការផ្សាយពាណិជ្ជកម្ម ការពារសុវត្ថិភាព និងសុខុមាលភាពអ្នកផ្តល់ និងអ្នកទទួល រក្សាការសម្ងាត់របស់អ្នកផ្តល់ និងអ្នកទទួល លើកលែងតែមានការឯកភាពគ្នាពីភាគីពាក់ព័ន្ធ ឬកំណត់ដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
