លោក ប៉ាវ ស៊ីណា គ្រោង​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​គម្រោង​ការ​គំរាម​សម្លាប់​ពី​ថៅកែ​​រោងចក្រ

ដោយ ម៉ម មុនីរតន៍
2015.02.22
ប៉ាវ ស៊ីណា ៦១០ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា (រូប​កាន់​មេក្រូ) ដឹក​នាំ​​កម្មករ​រោងចក្រ​អូសេអង់ (Ocean) តវ៉ា​នៅ​មុខ​ក្រសួង​ការងារ កាល​ពី​​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Ouk Savborey

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ឲ្យ​ដឹង​ថា លោក​នឹង​ស្វះស្វែង​រក​ការ​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​ក្រោយ​ពី​ទទួល​បាន​សារ​គំរាម​សម្លាប់​រូប​លោក​រួច។ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ អ្នក​គ្រប់គ្រង​រោងចក្រ ប៊ី.ដាប់បឹលយូ (BW=Beautiful Window) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត គំរាម​ថា មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន​ក្នុង​តំបន់​នេះ កំពុង​ប្រមូល​លុយ​គ្នា​ដើម្បី​ជួល​ឃាតក​បាញ់​សម្លាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។

លោក ប៉ាវ ស៊ីណា ថ្លែង​ថា លោក​មិន​បារម្ភ​ចំពោះ​សារ​គំរាម​បាញ់​សម្លាប់​រូប​លោក​​ដោយ​ក្រុម​ថៅកែ​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់​សេដ្ឋកិច្ច មេនហាតធេន (Manhattan) ក្រុង​បាវិត​នេះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ការ​តស៊ូ​មតិ​របស់​លោក​សព្វថ្ងៃ​នេះ គឺ​ពុំ​មាន​អ្វី​ដែល​​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ភាគី​ខាង​ណា​​ឡើយ ក្រៅ​ពី​សម្របសម្រួល​ឲ្យ​មាន​ដំណោះស្រាយ ឈ្នះៗ​ទាំង​សង្ខាង​ប៉ុណ្ណោះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​តែង​ទាមទារ​សិទ្ធិ​ឲ្យ​និយោជក លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា លោក​នឹង​ដាក់​បណ្ដឹង​ប្រឆាំង​គម្រោង​បាញ់​សម្លាប់​រូប​លោក​ដោយ​ក្រុម​ថៅកែ​រោងចក្រ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ប្រមាថ​អាយុ​ជីវិត​របស់​លោក ដែល​មិន​អាច​ទទួល​យក​បាន​​ឡើយ។ លើស​ពី​នេះ​ទៀត លោក​អំពាវនាវ​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ជំរុញ​ឲ្យ​ការ​​អនុវត្ត​ច្បាប់​នៅ​កម្ពុជា បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត៖ «ដោយសារ​តែ​ពួក​ថៅកែ​ទាំង​អស់​នោះ គាត់​យល់​ថា កន្លង​ទៅ​នៅ​ខេត្ត​នេះ (ស្វាយរៀង) ឃើញ​ថា ដូច​ជា​ករណី​លោក ឈូក បណ្ឌិត គាត់​បាន​បាញ់​កម្មករ ហើយ​រហូត​មក​ដល់​ពេល​នេះ​ពុំ​​មាន​ទោស ឃើញ​ថា ថៅកែ​ទាំង​អស់​នោះ ហាក់​មាន​អារម្មណ៍​ថា​មិន​ព្រួយ»

មូលហេតុ​នៃ​ការ​បែក​ធ្លាយ​ព័ត៌មាន​ជុំវិញ​នៃ​គម្រោង​បាញ់​សម្លាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នេះ គឺ​បន្ទាប់​ពី​ប្រធាន​គ្រប់គ្រង​នៃ​រោងចក្រ ប៊ី.ដាប់បឹលយូ ដ៏​ធំ​មួយ​ដែរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត កោះ​ហៅ​តំណាង​សហជីព​របស់​លោក ប៉ាវ ស៊ីណា ចំនួន ៣​នាក់​ទៅ​ប្រជុំ។ ក៏ប៉ុន្តែ តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​អះអាង​ថា កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ នោះ​បែរ​ទៅ​ជា​ការ​គំរាម​កំហែង​ទៅ​វិញ។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក សា លីម ជា​ជនជាតិ​ចិន បាន​ប្រាប់​ថា លោក ប៉ាវ ស៊ីណា ត្រូវ​បាន​ប្រធាន​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពុង​រៃ​លុយ​ដើម្បី​រៀបចំ​ផែនការ​ជួល​ឃាតក​បាញ់​សម្លាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ ពី​ភាគី​​រោងចក្រ។ ដោយ​ឡែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក​កំពុង​ជាប់​រវល់​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ មុន​ផ្ដាច់​ទូរស័ព្ទ។ ក្រៅ​ពី​នេះ​វិញ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

យ៉ាង​ណា​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មាន​សារ​គំរាម​កំហែង​ធ្វើ​ឃាត​មុន​នឹង​ហេតុការណ៍​កើត​ឡើង។ កាល​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រស់ គឺ​រូប​លោក​ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ផ្ញើ​សារ​គំរាម មុន​ត្រូវ​បាញ់​សម្លាប់​នៅ​ក្បែរ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្កា ដូច្នេះ​ដែរ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា សញ្ញា​នៃ​ការ​គំរាម​បាញ់​សម្លាប់​ប្រឆាំង​មេដឹកនាំ​សហជីព សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​តែ​ពុំ​មាន​សុវត្ថិភាព​នោះ​​ទេ ជាពិសេស​ទៅ​ទៀត​នោះ គឺ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ហាក់​បាន​ប្រើប្រាស់​ច្បាប់ គាំទ្រ​ពាណិជ្ជករ​ដែល​រក​ស៊ី​មិន​ស្មោះ​ត្រង់ ឬ​មន្ត្រី​មាន​អំណាច​ណា​មួយ​ដែល​វា​ពុំ​មែន​បម្រើ​ឲ្យ​ផលប្រយោជន៍​សម្រាប់​សាធារណជន​ទៅ​វិញ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​រដ្ឋាភិបាល និង​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​គំរាមកំហែង​ជា​បន្ត​ទៅ​ទៀត បាន​ន័យ​ថា ស្រុក​ខ្មែរ​លែង​អនុវត្ត​ច្បាប់​ហើយ»

លោក ប៉ាវ ស៊ីណា និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ទៅ​លោក​នឹង​ជួប​មន្ត្រី​សំខាន់ៗ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន នឹង​ដាក់​​បណ្ដឹង​ទៅ​អាជ្ញាធរ​របស់​រដ្ឋ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ប្រឆាំង​គម្រោង​​​សម្លាប់​រូប​លោក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។