អាណាព្យាបាល​កុមារ​រងគ្រោះ​ដោយសារ​ម្សៅ​ទឹក​ដោះគោ​នូទ្រីលេត​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី

0:00 / 0:00

អាណាព្យាបាល​កុមារ​រងគ្រោះ​ដោយសារ​ម្សៅ​ទឹកដោះគោ​នូទ្រីលេត ទទូច​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​ការ​កាត់​ក្ដី​សំណុំរឿង​ក្រុមហ៊ុន​មួយ​នេះ ដោយ​មិន​ត្រូវ​លើក​យក​ហេតុផល​ថា ពួកគាត់​គ្មាន​ភស្តុតាង​មក​ពន្យារ​ពេល​តទៅ​ទៀត​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​ប្រញាប់​បញ្ចប់​សំណុំរឿង​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​កុមារ​រងគ្រោះ។

អាណាព្យាបាល​កុមារ​រងគ្រោះ ដោយសារ​ម្សៅ​ទឹកដោះគោ​នូទ្រីលេត (Nutrilatt) ប្រាប់​ថា ពួកគាត់​មិនទាន់​ទទួល​បាន​ដីកា​កោះហៅ​ពី​សាលាឧទ្ធរណ៍ ដើម្បី​រក​យុត្តិធម៌​ឱ្យ​កូន​របស់​ពួកគាត់​នៅឡើយ​ទេ ក្រោយ​តុលាការ​កំពូល សម្រេច​បង្វិល​រឿង​នេះ ត្រឡប់​ទៅ​សាលាឧទ្ធរណ៍ រយៈពេល ១​ខែ​ទៅ​ហើយ។

ម្ដាយ​កុមារ​រងគ្រោះ​លោកស្រី ប៉ុន ពេជ្រវត្តា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ មករា ថា លោកស្រី រួម​ទាំង​អាណាព្យាបាល​ក្មេង​រងគ្រោះ​ដទៃទៀត កំពុង​រង់ចាំ​ការ​កោះហៅ​របស់​សាលាឧទ្ធរណ៍ ព្រោះ​សំណុំ​រឿង​នេះ​អូស​បន្លាយ​ជាង ៣​ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ត​ថា ប្រសិនបើ​សាលាឧទ្ធរណ៍​នៅតែ​ពន្យារពេល​បន្ត​ទៀត នឹង​ធ្វើ​ឱ្យ​លោកស្រី​កាន់តែ​ខកចិត្ត និង​អស់ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

លោកស្រី ប៉ុន ពេជ្រវត្តា៖ «ខ្ញុំ​សំណូមពរ​ឱ្យ​ពួកគាត់​កោះហៅ​ឱ្យ​លឿនៗ​។ ហើយ​សូម​សំណូមពរ​មួយទៀត នៅ​ពេល​ដែល​កោះហៅ​ហើយ បើ​ខាង​ក្រុមហ៊ុន​មិន​ចូល ក៏​យើង​ត្រូវ​កាត់ក្ដី​ភ្លាមៗ​ដែរ​។ ខ្ញុំ​អត់​ចង់ឱ្យ​ប្រើ​លេស ព្រោះ​លេស​ហ្នឹង​ប្រើ​តាំងពី​សាលាដំបូង​មក​។ លេស​ដែល​ថា​គាត់​(​ភាគី​ក្រុមហ៊ុន)ឈឺ​មាន​លិខិត​ពេទ្យ គាត់​រវល់ គាត់​ដូរ​មេធាវី គាត់​ឈឺ​អីហ្នឹង​គឺ​ដដែលៗ យើង​ត្រូវ​ពន្យារ​ពេល​រហូត។ ដូច​ថា យើង​ឧទ្ធរណ៍​ត្រូវ​កាត់​ថ្ងៃ​ហ្នឹង ហៅ​លើក​ហ្នឹង​គាត់​អត់​មក ឧទាហរណ៍​លើក​ម្ដងទៀត ទម្រាំ​តែ​កោះហៅ​ម្ដងទៀត គឺ​បី​បួន​ខែ អ៊ីចឹង​វា​ខាត​ពេល​ពួក​ខ្ញុំ​ខ្លាំង»។

កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ តុលាការ​កំពូល ដែល​មាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ គឺ លោក គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា ដោយ​សម្រេច​បង្វិល​សំណុំរឿង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលេត ត្រឡប់​ទៅ​សាលាឧទ្ធរណ៍​វិញ ដើម្បី​រក​ភស្តុតាង​បន្ថែម​។ ក៏ប៉ុន្តែ អាណាព្យាបាល​កុមារ​រងគ្រោះ មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ឡើយ ព្រោះ​ឆ្លងកាត់​សវនាការ​ច្រើន​លើក​មក​នេះ ពួកគាត់​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ និង​សម្បូរ​បែប​ទាំង​ឯកសារ​ផ្លូវច្បាប់ និង​លទ្ធផល​ធ្វើតេស្ដ​ពី​មន្ទីរពិសោធន៍ និង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ខណៈ​ភាគី​ក្រុមហ៊ុន ធ្លាប់​ទទួល​ស្គាល់​ថា ផលិតផល​របស់​ខ្លួន គ្មាន​គុណភាព និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កុមារ​ពិតប្រាកដ​មែន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង និង​តំណាង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលេត ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២០ ខែ​មករា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​គ្រួសារ​កុមារ​រងគ្រោះ ព្រោះ​សំណុំ​រឿង​នេះ ធ្លាប់​ឆ្លងកាត់​សាលាឧទ្ធរណ៍​ម្ដង​រួច​មក​ហើយ ខណៈ​អាណាព្យាបាល​របស់​កុមារ បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ជាច្រើនលើក​ផង​ដែរ។

លោក ឃុន លាងម៉េង៖ «សាលាឧទ្ធរណ៍​គួរតែ​ពន្លឿន​នីតិវិធី ដើម្បី​ធ្វើ​យ៉ាងណា កុំ​ឱ្យ​មានការ​អូស​បន្លាយ​ពេលវេលា​យូរ​ទៅទៀត ចំពោះ​ការ​រង់ចាំ​យុត្តិធម៌​ដោយ​អន្ទះសា​របស់​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ ហើយ​ដែល​មាន​ផល​ប៉ះពាល់​ច្រើន សម្រាប់​កុមារ​ដែល​រងគ្រោះ​ហ្នឹង ហើយ​គាត់​ណាយ​ពេលវេលា​ជាច្រើន យូរ​មក​ហើយ​ដោយសារ​តែ​រឿងក្ដី​ហ្នឹង»។

កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០២០ អាណាព្យាបាល​ទារក​រងគ្រោះ​ដោយសារ​ម្សៅ​ទឹកដោះគោ នូទ្រីលេត ចំនួន ២១​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM Co., LTD) ដោយ​អះអាង​ថា ក្រុមហ៊ុន​នេះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភូត​កុហក ក្លែងបន្លំ លក់​ម្សៅ​ទឹកដោះគោ​គ្មាន​គុណភាព បណ្ដាល​ឱ្យ​កូនៗ​របស់​ពួកគេ ទទួល​ទាន​ហើយ​មាន​សភាព​ស្លេកស្លាំង ស្ពឹក​ស្រពន់ និង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ខ្វះ​ជាតិ​ដែក និង​ជាតិ​ស័ង្កសី រហូត​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។

អាណាព្យាបាល​កុមារ​រងគ្រោះ​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍ បើក​សវនាការ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ភាព​យុត្តិធម៌ ព្រោះ​ការសម្រេច​របស់​តុលាការ​កំពូល បាន​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​ឈឺចាប់ និង​ពិបាក​ទទួល​យក ដោយសារ​កូន​របស់​ពួកគាត់​ត្រូវ​រងគ្រោះ​ហើយ ចំណែក​ពួកគាត់​បាន​ឡើង​បំភ្លឺ​នៅ​តុលាការ​ច្រើន​ឆ្នាំ ប៉ុន្តែ​ជា​ចុងក្រោយ បែរជា​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​ថយក្រោយ​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។