មន្ត្រីសង្គមស៊ីវិលយល់ថា ការបញ្ឈរជើងលោក ផែង វណ្ណៈ ជាសញ្ញាល្អមួយនៃការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។ ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថាលោកនឹងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងដូចនេះ បន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ឈរជើងលោក ផែង វណ្ណៈ តាមរយៈការផ្ទេរការងារពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុងមកនាយកដ្ឋានបុគ្គលិក។
លោក ស ខេង សម្រេចបែបនេះក្នុងហេតុផលថា ដើម្បីបង្កភាពងាយស្រួលក្នុងការស៊ើបអង្កេតលើរូបលោក (ផែង វណ្ណៈ) ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្ដាញសង្គមហ្វេសប៊ុក (Fecebok) និងពីរករណីផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត និយាយថា ការសម្រេចរបស់លោក ស ខេង បែបនេះ ជាការបោះជំហានទៅមុខរបស់សមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន។ ទោះយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា សំណុំរឿងដែលទាក់ទងនឹងលោក កឹម សុខា អូសបន្លាយយូរ បើធៀបទៅនឹងករណីគំរាមសម្លាប់មន្ត្រីរដ្ឋាភិបាល។
លោក អំ សំអាត៖ «យើងមិនចោទប្រកាន់ លោក ផែង វណ្ណៈ ថាយ៉ាងម៉េចទេ ប៉ុន្តែចង់ឲ្យក្រសួងមហាផ្ទៃ គាត់ធ្វើការដោយយកចិត្តទុកដាក់ និងឯករាជ្យ។ ជនណាដែលប្រព្រឹត្ត គំរាមកំហែងទៅលើឯកឧត្ដម កឹម សុខា សុំឲ្យមានការបញ្ជូនទៅតុលាការ»។
ជុំវិញរឿងបញ្ឈរជើងលោក ផែង វណ្ណៈ នេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងនៅថ្ងៃទី២១ ខែតុលា ថា លោក ផែង វណ្ណៈ មានជាប់ពាក់ព័ន្ធ ៣ករណី ដែលក្រសួងមហាផ្ទៃ ត្រូវស៊ើបអង្កេត គឺករណីគំរាមសម្លាប់លោក កឹម សុខា ករណីបរិហារកេរ្តិ៍អ្នកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា និងលោក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការព្រំដែននៃកងយោធពលខេមរភូមិន្ទ តាមហ្វេសប៊ុក និងករណីមួយទៀត ជារឿងផ្ទាល់ខ្លួនរបស់លោក ផែង វណ្ណៈ ដែលលោក ខៀវ សុភ័គ មិនទាន់អាចបញ្ជាក់ថា ជាករណីអ្វីនោះទេ។
លោក ខៀវ សុភ័គ៖ «ធម្មតាទេ មន្ត្រីរាជការដែលមានតួនាទី ប្រសិនជាគាត់ប៉ះពាល់ការងារស៊ើបអង្កេត យើងត្រូវផ្ទេរការងារ ពាក្យសាមញ្ញថា បញ្ឈរជើង។ បើសិនជាគាត់ស្ថិតនៅក្នុងតួនាទី ឬសិទ្ធិអំណាច អាចប៉ះពាល់ដល់ការងារស៊ើបអង្កេត»។
លោក ផែង វណ្ណៈ មានតួនាទីជាអនុប្រធានការិយាល័យនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។ ខណៈដែលក្រសួងបញ្ឈរជើងដូចនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា លោក ផែង វណ្ណៈ មិនតម្រូវឲ្យមានការទទួលខុសត្រូវលើការងាររបស់លោកទៀតទេ។
លោក ផែង វណ្ណៈ បដិសេធមិនផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ទាក់ទងរឿងនេះទេ។
ដោយឡែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់បង្ហាញការយល់ឃើញចំពោះវិធានការនេះនៅឡើយទេ ដោយលោកនឹងតាមដានការអនុវត្តការងាររបស់សមត្ថកិច្ច៖ «យើងមិនអាចវាយតម្លៃមុនបានភ្លាមទេ នៅពេលទើបតែចាប់ផ្ដើមចំណាត់ការ។ រង់ចាំមើលលទ្ធផលសិន»។
កាលពីឆ្នាំ២០១៣ គណនេយ្យហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បានបង្ហោះសារគំរាមសម្លាប់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ សារព្រមានបានបង្ហោះរូបកាំភ្លើងខ្លី មានគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ និងសរសេរថា ទុក ៧គ្រាប់ឲ្យលោក កឹម សុខា គ្រាប់ទី១ បាញ់ដៃឆ្វេង គ្រាប់ទី២ បាញ់ដៃស្ដាំ គ្រាប់ទី៣ បាញ់ជើងឆ្វេង គ្រាប់ទី៤ បាញ់ជើងស្ដាំ គ្រាប់ទី៥ បាញ់ចំពោះ គ្រាប់ទី៦ បាញ់បេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាលលោក កឹម សុខា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា សព្វថ្ងៃនេះក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការមួយដែលមានមន្ត្រីជំនាញ និងដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មួយរូបដើម្បីស៊ើបអង្កេតករណីលោក ផែង វណ្ណៈ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។