តុលាការ​សាកសួរ​បន្ថែ​ម​លើ​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​ជុំវិញ​សំណុំរឿង​រួមគំនិត​ក្បត់

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ សាកសួរ​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​កំពុង​ជាប់ឃុំ នៅ​ថ្ងៃទី​១៥ ខែកក្កដា ជុំវិញ​សំណុំរឿង​រួមគំនិត​ក្បត់​។ មេធាវី​ការពារ​ក្តី និង​គ្រួសារ ស្នើសុំ​ឲ្យ​តុលាការ ពិចារណា​ដោះលែង​សកម្មជន​ទាំងពីរ​រូប​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួកគាត់ គ្រាន់តែ​អនុវត្ត​សិទ្ធិ​នយោបាយ​ស្របតាម​ច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​សង្គមជាតិ ដូច្នេះ​គ្មាន​គំនិត​ក្បត់ជាតិ​នោះ​ទេ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេច​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​គឺ​លោក គង់ ម៉ាស់ និង​លោក ខាន់ ប៊ុនផេង ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា បន្ទាប់ពី​បញ្ចប់​ការសាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​បទ​ចោទ​'' រួមគំនិត​ក្បត់​'។

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប គឺ​លោក សំ សុគង់ ថ្លែង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​កូន​ក្តី​របស់​លោក​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២០ ដោយ​ចោទ​ថា ពួកគាត់​គ្រោង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ពាក់ព័ន្ធ​ជាមួយ​ផែនការ​វិល​ចូល​ស្រុក​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ កាលពីដើម​ខែ​មករា ឆ្នាំ​២០២១​។ លោក បន្ត​ថា កូន​ក្តី​របស់​លោក​ម្នាក់ គឺ​លោក ខាន់ ប៊ុនផេង ឆ្លើយ​តប​ថា គាត់​មិន​បាន​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ទាំងនេះ​ទេ ព្រោះ​គាត់​នៅតែ​ផ្ទះ​ស្ថិត​នៅ​ខេត្ត​បាត់ដំបង​។ ចំណែក លោក គង់ ម៉ាស់ វិញ គាត់​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ដើម្បី​ទៅ​ឃ្លាំមើល​មើល​សវនាការ​សំណុំរឿង​រួមគំនិត​ក្បត់ និង​ញុះញង់​របស់​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។ លោក សំ សុគង់ បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការសាកសួរ​នោះ កូន​ក្តី​របស់​លោក​ទាំង​ពីរ​នាក់ ស្នើសុំ​ឲ្យ​តុលាការ ទមា្លក់​ចោល​បទចោទប្រកាន់​និង​ដោះលែង​ពួកគាត់​វិញ ព្រោះ​ពួកគាត់ មិន​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ដូច​ការ​ចោទប្រកាន់​ឡើយ៖ « ខ្ញុំ​យល់ថា ចៅក្រម​ស៊ើបសួរ គួរតែ​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​ទាំងពីរ​នាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព​ដូច​កូន​ក្តី​ខ្ញុំ​ឈ្មោះ ខាន់ ប៊ុនផេង គាត់​មាន​វ័យ​ចំណាស់​ជិត​៧០​ឆ្នាំ និង​បញ្ហា​សុខភាព ហើយ​ទាក់ទង​នឹង​បញ្ហា​អង្គ​ហេតុនេះ គឺ​យើង​មើល​មិន​ឃើញ​ថា គាត់​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​បទ​ចោទ ប្រកាន់​នោះ​ទេ ។ ចំណែក​លោក គង់ ម៉ាស់ វិញ គាត់​ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ និង​ចង់​ជួបជុំ​គ្រួសារ និង​រកស៊ី​ផ្គត់ផ្គង់​គ្រួសារ ហើយ​ខ្ញុំ​គិតថា សកម្មភាព​គាត់​ធ្វើ​កន្លង​មក​នេះ គឺ​ប្រើ​សិទ្ធិ​ក្នុងនាម​ពលរដ្ឋ​ជាពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​និង​បញ្ចេញមតិ​តែប៉ុណ្ណោះ»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ នៅ​ភ្នំពេញ និង​ចាប់ខ្លួន​លោក ខាន់ ប៊ុនផេង នៅ​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​តែមួយ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ហើយ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ '' រួមគំនិត​ក្បត់​''​។ លោក គង់ ម៉ាស់ ដែល​កំពុង​ជាប់ពន្ធនាគារ​ពីរ​ដង​ទាំង​លើក​នេះ គឺជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ខេត្តស្វាយរៀង ចំណែក​លោក ខាន់ ប៊ុនផេង គឺជា​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែកព្រះស្តេច ខេត្ត​បាត់ដំបង​។ ការ​ចាប់ខ្លួន​សកម្មជន​ទាំងពីរ​នេះ ធ្វើឡើង​នៅមុន​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប៉ុនប៉ង​វិល​ចូល​ប្រទេស​កម្ពុជា​មិនបាន​ជោគជ័យ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​អ្នកស្រី មូរ សុខហួរ។ គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា លោក គង់ ម៉ាស់ និង​លោក ខាន់ ប៊ុនផេង កំពុង​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត​៧​ខែ​ហើយ ប៉ុន្តែ​តុលាការ ទើបតែ​ចាប់ផ្តើម​ស៊ើបសួរ ។ លោក សំ សុគង់ យល់​ថា ការ​ពន្យា​ពេល​ឃុំខ្លួន​ដោយ​យឺតយ៉ាវ​ក្នុង​ការ​ស៊ើបសួរ និង​បើកសវនាការ​កាត់ក្តី​នេះ គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូន​ក្តី​លោក​ទាំងពីរ​នាក់។

កូនស្រី​របស់​លោក ខាន់ ប៊ុនផេង គឺ​លោកស្រី នីម សុកញ្ញា រៀបរាប់​ថា លោកស្រី ស្លុតចិត្ត​ដែល​ឃើញ​ឪពុក​ស្គមស្គាំង ហើយ​គាត់​ប្រាប់​ថា គាត់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ និង​មាន​កម្លាំង​កាយ​ទន់ខ្សោយ​រហូត​មក​ទល់​ពេលនេះ ព្រមទាំង​ត្រូវ​ការ​ថ្នាំ​ពេទ្យ​ជាប្រចាំ​។ លោកស្រី​ទាមទារ​ឲ្យ​តុលាការ ដោះលែង​ឪពុក​និង​សកម្មជន​នយោបាយ​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ពួកគាត់ គ្រាន់តែ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ប៉ុន្តែ​គ្មាន​គំនិត​ក្បត់ជាតិ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ៖ «ទង្វើ​គាត់​ធ្វើ​ដើម្បី​រួបរួម​ជាតិ និង​ធ្វើ​ដើម្បី​ជាតិ​ដូចគ្នា ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​បាន​គេ​ចោទប្រកាន់​គាត់​អ៊ីចឹង ហើយ​គេ​ចោទ​នេះ ខ្ញុំ​ទទួល យក​អត់​បានទេ​។ បុគ្គល​ខ្លះ​ចុះចូល​គាត់​រួចខ្លួន ហើយ​ចំណែក​គាត់​មិន​ព្រម​ចុះចូល ប៉ុន្តែ​ទោះ​គាត់​មិន​បាន​ចុះចូល ក៏​គាត់​មិន​បាន​ធ្វើ​សកម្មភាព​អី​នាំ​ឲ្យ​ប៉ះពាល់​សង្គម ឬ​ក្បត់ជាតិ​នោះ​ទេ​។ ការ​ចោទ​នេះ​វា រឿង​អយុត្តិធម៌​សម្រាប់​គាត់​ណាស់ ហើយ​គាត់​មាន​វ័យ ចំណាស់​ទៀត»។

ទាក់ទង​ករណីនេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការ​ឃុំ​ឃាំង​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​គុក​រយៈពេល​យូរ​ដោយ​មិន​មាន​ការ​កាត់ទោស គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់ និង​រំលោភ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​។ លោក​យល់​ថា ករណី​សកម្មជន​បក្ស​ប្រឆាំង​នេះ តុលាការ​គួរតែ​ពន្លឿន​នីតិវិធី​ជំនុំជម្រះ​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួកគាត់។ ទោះជា​យ៉ាងណា លោក​នៅ​តែ​យល់​ថា ករណី​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​បែបនេះ គឺ​ទាល់​តែ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះជាតិ ទើប​មាន​ការ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ឡើង​វិញ៖ «អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក អង្គការសិទ្ធិមនុស្ស អន្តរជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តែង​សម្ដែង​ការ​ព្រួយ បារម្ភ ហើយ​គេ​តែង​យល់​ថា ការ​ចាប់​និង​ការ​ឃុំខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ​នេះ វា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ចំពោះ​សកម្មជន​ទាំងអស់​នេះ ក៏ដូចជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»។

គិត​មកដល់​ខែកក្កដា ឆ្នាំ​២០២១ នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្តន្ទាទោស​សមាជិក​គណបក្ស​ស​ង្គ្រោះជាតិ​យ៉ាងហោចណាស់ ២០​នាក់​ហើយ ពី​បទ​រួមគំនិត​ក្បត់ ខណៈ​សកម្មជន​ជាង​១​រយ​នាក់​ផ្សេងទៀត កំពុង​រង់ចាំ​សវនាការ​ក្នុង​នោះ​អ្នកខ្លះ​កំពុង​ជាប់ពន្ធនាគារ​។ ក្រៅ​ពី​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ក៏បាន​ចាប់​អ្នកនយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​អ្នកការពារ​សិទ្ធិមនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត​ដាក់​ពន្ធនាគារ​ផង​ដែរ ដោយសារតែ​ពួកគេ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​។ ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​ទាមទារ​ជារឿយៗ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ ជាពិសេស​ស្តារ​លទ្ធិប្រជាធិបតេយ្យ នៅមុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ។ ស្ថាប័ន​ទាំងនោះ ពិនិត្យ​ឃើញ​ថា ក្ដីក្ដាំ​ប្រឆាំង​នឹង​ពួកគេ​នេះ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។