តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​សំណុំ​រឿង​ឧបឃាត ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៩នាក់

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា សម្រេច​លើក​ពេល​សវនាការ​សំណុំ​រឿង​ បទ​ឧបឃាត ប្រឆាំង​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩នាក់ តាម​សំណើ​របស់​មេធាវី។ អ្នក​វិភាគ​ថា សំណុំ​រឿង​នយោបាយ​មួយ​នេះ នៅ​មិន​ទាន់​អាច​បើក​ផ្លូវ​ឲ្យ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ វិល​ចូល​កម្ពុជា​វិញ​បាន​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩នាក់ គឺ​លោក​មេធាវី សំ សុគង់ បាន​ស្នើសុំ​ឲ្យ​តុលាការ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដើម្បី​បើក​ផ្លូវ​ឲ្យ​កូន​ក្ដី​ទាំង​អស់ បាន​វិល​ចូល​រួម​ក្នុង​សវនាការ​ដោយ​ផ្ទាល់ ពី​ព្រោះ​កូន​ក្ដី​មាន​ឆន្ទៈ​ចង់​បំភ្លឺ​នៅ​មុខ​ចៅក្រម។ លោក សំ សុគង់ ឲ្យ​ដឹង​ថា ចៅក្រម​មិន​បាន​បញ្ជាក់​ យល់​ព្រម​នឹង​សំណើ​នេះ​ទេ តែ​បាន​ប្រាប់​មេធាវី ឱ្យ​ផ្ញើ​អាសយដ្ឋាន​របស់​កូន​ក្ដី​ទាំង​នោះ ដើម្បី​តុលាការ​មាន​ឱកាស​បញ្ជូន​ដីកា​ឲ្យ​ដោយ​ផ្ទាល់៖ « ខ្ញុំ​យល់​ឃើញ​ថា សំណុំ​រឿង​នេះ វា​ជា​រឿង​សំណុំ​នយោបាយ។ ជា​រឿង​នយោបាយ គួរ​ដោះ​ស្រាយ​តាម​នយោបាយ ជា​ជាង​យើង​យក​ច្បាប់​មក​ដោះ​ស្រាយ។ បើ​កាល​ណា​​យើង​យក​ផ្លូវ​ច្បាប់​មក​ដោះ​ស្រាយ ខ្ញុំ​គិត​ថា យុត្តិធម៌​នឹង​មិន​អាច​ផ្ដល់​ដល់​កូន​ក្ដី​របស់​ខ្ញុំ​ទាំង​អស់​ទេ ដោយសារ​វា​ពាក់ព័ន្ធ​រឿង​នយោបាយ​ច្រើន​ជាង​ផ្លូវ​ច្បាប់។ អ៊ីចឹង យើង​គួរ​​តែ​ដោះ​ស្រាយ​តាម​បែប​នយោបាយ វា​ប្រសើរ​ជាង​យក​ផ្លូវ​ច្បាប់​មក​ដោះ​ស្រាយ ដោយសារ​តែ​យក​ច្បាប់​មក​ដោះ​ស្រាយ សូម្បី​អ្នក​សម្រេច ក៏​ពិបាក​ដោះ​ស្រាយ​ដែរ»

តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចោទ​ក្រុម​មេដឹកនាំ​​គណ​បក្ស​ប្រឆាំង ​​ចំនួន​​៩​នាក់ ពី​បទ​ឧបឃាត ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​មុន​គម្រោង​មាតុភូមិ​និវត្តន៍​​លើក​ទី១ របស់​លោក សម រង្ស៊ី។ រដ្ឋាភិបាល​បាន​លុប​ចោល​លិខិត​ឆ្លង​ដែន​របស់​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដោយ​សំអាង​លើ​បទ​ចោទ​នេះ។

ក្រុម​មេដឹកនាំ​គណបក្ស​​ប្រឆាំង​ទាំង​​៩នាក់ ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នេះ រួម​មាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ភរិយា អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក នុត រំដួល។ អ្នក​ទាំង ៩នាក់​នោះ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​ខ្លះ​នៅ​ប្រទេស​បារាំង និង​ខ្លះ​ទៀត នៅ​សហរដ្ឋ​អាមេរិក។

ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ៩នាក់ ធ្លាប់​បញ្ជាក់​ថា ពួក​គេ​មាន​បំណង​ចង់​វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ស្ដីទី លោក សម រង្ស៊ី ខណៈ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ខ្លះ ក៏​មាន​ឆន្ទៈ​ចូលរួម​ក្នុង​ដំណើរ​វិល​ត្រឡប់​នេះ​ដែរ ដោយ​អះអាង​ថា ពួក​គេ​គ្មាន​ចេតនា​ចូល​កម្ពុជា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

ពាក់ព័ន្ធ​ករណី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ៤នាក់ ក្នុង​ចំណោម ៩នាក់ បាន​នាំ​គ្នា​ទៅ​ដាក់​លិខិត​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington DC) កាល​ពី​ថ្ងៃ​ទី១០ វិច្ឆិកា ដើម្បី​ស្នើសុំ​សុពលភាព​លិខិត​ឆ្លង​​ដែន​ឡើង​វិញ ដើម្បី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន មិន​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ឡើយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា តុលាការ និង​ប្រមុខ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍​ករណី​ដំណើរ​វិល​ត្រឡប់​របស់​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន។ តែ​យ៉ាង​ណា លោក​ថា អាស្រ័យ​លើ​ឆន្ទៈ​របស់​តុលាការ និង​មេដឹកនាំ​រដ្ឋាភិបាល៖ « គ្មាន​នរណា​ធំ​ជាង​តុលាការ​ទេ ហើយ​គ្មាន​នរណា​ធំ​ជាង​នាយក​រដ្ឋ​មន្ត្រី​ទេ ព្រោះ​នាយក​រដ្ឋមន្ត្រី​មាន​បុព្វសិទ្ធិ ដើម្បី​លើក​លែង​ទោស ទី១ ហើយ​ទី២ គ្មាន​នរណា​ធំ​ជាង​តុលាការ​ទេ។ មាន​តែ ២ហ្នឹង ហើយ​បើ​និយាយ​ដើម្បី​បញ្ចេញ​ព័ត៌មាន​ ខ្ញុំ​មិន​ឲ្យ​តម្លៃ​ទេ»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត សេង សារី យល់​ថា ដំណោះ​ស្រាយ​នយោបាយ​មាន​ច្រើន ប្រសិន​បើ​អ្នក​នយោបាយ​មាន​ឆន្ទៈ ដូច​ជា តាម​រយៈ​ការ​សម្រប​សម្រួល​នយោបាយ ការ​ស្នើសុំ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ការ​ប្រើប្រាស់​ផ្លូវ​តុលាការ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ និង​ជម្រើស​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​ដាក់​គំនាប។

តែ​យ៉ាង​ណា លោក សេង សារី យល់​ថា រដ្ឋាភិបាល​គួរ​បើក​ច្រក​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ចូល​ប្រទេស​វិញ ដើម្បី​សម្របសម្រួល​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​រៀបចំ​សម្រាប់​​ការ​បោះ​ឆ្នោត​ អាណត្តិ​ក្រោយ៖ « បញ្ហា​ដែល​កើត​មក​កន្លង​មក គឺ​អ្នក​នយោបាយ​ព្យាយាម​យក​បញ្ហា​ជាតិ មក​ទម្លាក់​ជា​បញ្ហា​ផ្ទាល់​ខ្លួន។ ដល់​ពេល​អ៊ីចឹង​ទៅ​រឿង​ជម្លោះ​នយោបាយ គឺ​ក្លាយ​ទៅ​ជា​ជម្លោះ​បុគ្គល។ អ៊ីចឹង​ហើយ បើ​ខ្ញុំ​ផ្ដល់​​ជា​យោបល់​ជូន​ទៅ​គណបក្ស​ប្រឆាំង គួរ​តែ​ផ្លាស់​ប្ដូរ​នៃ​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន តាម​រយៈ​ការ​មិន​ព្យាយាម​វាយ​ប្រហារ​ ឬ​ក៏​ឯកជន​ភាព​របស់​ដៃគូ។ គណបក្ស​កាន់​អំណាច ក៏​ដូច​គ្នា​ដែរ គួរ​តែ​បញ្ឈប់​យន្ត​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ដៃ​គូរ​លក្ខណៈ​ជា​បុគ្គល​ជា​អ្នក​នយោបាយ។ ដូច្នេះ​ហើយ ខ្ញុំ​មើល​ឃើញ​ថា បើ​សិន​ជា​រឿង​នយោបាយ វា​លើក​តម្កើង​ទៅ​ជា​រឿង​នយោបាយ ហើយ​ដោះ​ស្រាយ​របៀប​នយោបាយ ខ្ញុំ​យល់​ថា វា​មិន​ធ្លាក់​ដុនដាប​ដល់​បច្ចុប្បន្ន​ទេ»

ក្រៅពី​សំណុំ​រឿង​បទ​ឧបឃាត​នេះ ​តុលាការ​ក្រុង​ភ្នំពេញ ក៏​នឹង​បើក​សវនាការ​សំណុំ​រឿង​ប្រឆាំង​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៩នាក់ មួយ​ករណី​ទៀត គឺ​បទ​រួម​គំនិត​ក្បត់ និង​ បទ​ញុះញង់​ នៅ​ថ្ងៃទី២៦ វិច្ឆិកា​ខាង​មុខ។ ភាគ​ច្រើន នៃ​មនុស្ស​ទាំង ៥៩នាក់​នេះ ក៏​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ដែរ។ ក្រុម​មន្ត្រី និង​សកម្មជន​មួយ​ចំនួន​អះអាង​ថា ពួក​គេ​នឹង​ចូលរួម​សវនាការ​តាម​ការ​កំណត់ ប្រសិន​បើ​តុលាការ និង​រដ្ឋាភិបាល​ព្រម​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។