តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែនលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែន។ ក្នុងសំណុំរឿងតែមួយនេះ តុលាការក៏បានផ្ដន្ទាទោសសកម្មជន ២នាក់ទៀត ឱ្យជាប់ពន្ធនាគារជិត ២ឆ្នាំផងដែរ។ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងតំណាងប្រទេសប្រជាធិបតេយ្យរិះគន់ធ្ងន់ៗ ចំពោះសេចក្ដីសម្រេចនេះថា ជាការរំលោភសិទ្ធិបញ្ចេញមតិ និងជារឿងអយុត្តិធម៌។
ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក លិ សុខា ប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៨ សីហា ដោយសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ចំណែកសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល តុលាការបានផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារម្នាក់ ២០ខែ ក្នុងបទចោទដូចគ្នានេះដែរ។ ជាមួយគ្នានេះ តុលាការបានពិន័យអ្នកទាំងបីជាប្រាក់ ម្នាក់ ២ លានរៀល និងបង្គាប់ឱ្យបង់សំណងរួមគ្នាដល់ដើមបណ្ដឹងរដ្ឋប្បវេណី គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាទឹកប្រាក់ចំនួន ៤០០លានរៀល ឬប្រហែល ១០ម៉ឺនដុល្លារអាមេរិក។
ក្រោយចៅក្រមប្រកាសសាលក្រមនេះរួចភ្លាម លោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល បានស្រែកព្រមគ្នានៅក្នុងបន្ទប់សវនាការថា «អយុត្តិធម៌ ណាស់» «តុលាការមិនឯករាជ្យ»និងថា«តុលាការកាត់ក្តីក្រោមសម្ពាធរបស់អ្នកនយោបាយ»។ មន្ត្រីតុលាការបានស្នើឱ្យអ្នកទាំងបីផ្ដិតមេដៃលើក្រដាសមួយសន្លឹក។ លោក រ៉ុង ឈុន បានបដិសេធ ដោយសារតែក្រដាសនោះមិនមានសរសេរអ្វីទាំងអស់ ប៉ុន្តែសកម្មជនពីរនាក់ទៀត បានផ្ដិតមេដៃមុនលោក រ៉ុង ឈុន រួចទៅហើយ។
អាជ្ញាធរមិនអនុញ្ញាតឱ្យសាច់ញាតិណាម្នាក់បានទៅជួបជជែកគ្នាជាមួយលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនោះទេ ក្រោមហេតុផលថា ដើម្បីបង្ការជំងឺកូវីដ-១៩។ ពួកគាត់ទាំង ៣នាក់ បានសម្រេចនៅព្រឹកថ្ងៃដដែល ឱ្យក្រុមមេធាវីការពារក្តីប្តឹងទាស់សាលក្រមផ្ដន្ទាទោសនេះទៅសាលាឧទ្ធរណ៍បន្តទៀត។
សហមេធាវីការពារក្តីឱ្យសកម្មជនទាំង ៣នាក់ គឺលោក សំ សុគង់ បញ្ជាក់ថា ពួកលោកនឹងរៀបចំបណ្ដឹងឧទ្ធរណ៍ដាក់ជូនតុលាការនាពេលឆាប់ៗ ខាងមុខនេះ ទៅតាមសំណើរបស់កូនក្តី។ លោក សំ សុគង់ ថ្លែងថា ការផ្ដន្ទាទោសកូនក្តីលោកទាំង ៣នាក់នេះ គឺជារឿងអយុត្តិធម៌ និងធ្ងន់ធ្ងរហួសប្រមាណ ជាពិសេសសម្រាប់លោក រ៉ុង ឈុន ព្រោះតុលាការផ្ដន្ទាទោសគាត់រហូតដល់កម្រិតអតិបរមានៃទោស៖« សាលក្រមកាលពីព្រឹកមិញនេះ ខ្ញុំជាមេធាវីមានការខកចិត្ត ដោយសារមេធាវីយល់ឃើញថា ទាក់ទងទៅនឹងអង្គហេតុ និងអង្គច្បាប់ គឺកូនក្តីគួរតែបានរួចផុតពីបទចោទប្រកាន់។ ប៉ុន្តែសាលក្រមដែលប្រកាសព្រឹកមិញនេះ គឺផ្ដន្ទាទោសមានលក្ខណៈធ្ងន់ធ្ងរ រហូតដល់ជាអតិបរមាដែលមេធាវីពុំដែលបានជួបប្រទះ ហើយនិងមានការសម្រេចឱ្យសងសំណងខូចខាតទៅដល់ដើមបណ្ដឹងរដ្ឋប្បវេណីក៏មានលក្ខណៈធ្ងន់ធ្ងរដែលមិនស៊ីជាមួយនឹងការខូចខាត ឬក៏ព្យសនកម្មនៅក្នុងអង្គហេតុនេះទេ»។
ក្រមព្រហ្មទណ្ឌមាត្រា ៤៩៥ចែងថា ការញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ។ ដូច្នេះមានន័យថា តុលាការកាត់ទោសលោក រ៉ុង ឈុន ដល់កម្រិតខ្ពស់បំផុតនៃទោស។
ការប្រកាសសាលក្រមសំណុំរឿងនេះ មានការចូលរួមស្ដាប់ និងឃ្លាំមើលប្រហែលជាង ២០នាក់។ អ្នកទាំងនោះ រួមមាន សាច់ញាតិ មន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួន។
ក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ថ្លែងនៅខាងមុខតុលាការថា ការសម្រេចរបស់តុលាការនេះ ជារឿងមិនត្រឹមត្រូវ ខ្វះភាពឯករាជ្យ និងមិនអាចទទួលយកបាន៖ « យើងមានការសោកស្ពាយជាខ្លាំង ដែលយើងមិនអាចទទួលយកបាន ដោយតុលាការចោទប្រកាន់ ( ផ្ដន្ទាទោស ) អ្នកស្នេហាជាតិ អ្នកដែលគ្មានកំហុសរហូតទៅដល់ ២ឆ្នាំ។ នេះជាការអនុវត្តស្តង់ដារពីរដែលយើងមើលឃើញនៅក្នុងសង្គមខ្មែរយើង។ »
ស្រដៀងគ្នានេះ ប្រពន្ធរបស់លោក តុន និមល គឺលោកស្រី ជ័យ ស្រីនី ថ្កោលទោសសាលក្រមផ្ដន្ទាទោសនេះ និងបន្តទាមទារឱ្យអាជ្ញាធរដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពវិញ។ លោកស្រីស្នើដល់សហគមន៍ជាតិ និងអន្តរជាតិឱ្យតាមដានករណីនេះ ពីព្រោះទាំងប្តីលោកស្រី និងសកម្មជនដទៃទៀត មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។

អាជ្ញាធរបានចាប់លោក រ៉ុង ឈុន កាលពីខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបញ្ចេញមតិទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ មួយខែក្រោយមក អាជ្ញាធរបានចាប់ខ្លួនកញ្ញា ស កណិការ អំឡុងពេលការតវ៉ាដោយអហិង្សា ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងលោក រ៉ុង ឈុន។ ចំណែក សមាជិកគណបក្សសង្គ្រោះជាតិ លោក តុន និមល វិញ អាជ្ញាធរបានចាប់ខ្លួនលោកនៅខែតុលា ឆ្នាំ២០២០ អំឡុងការប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ។ សកម្មជនទាំងបីរូប បានជាប់ឃុំបណ្ដោះអាសន្នរង់ចាំសវនាការតាំងពីពេលនោះមក។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលសោកស្គាយជាខ្លាំងចំពោះការផ្ដន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ពីព្រោះសកម្មភាពរបស់ពួកគាត់មិនមែនជាបទល្មើសនោះឡើយ។ លោកសង្កត់ធ្ងន់ថា ការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពមូលដ្ឋានដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោក នី សុខា បន្ថែមថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន ជុំវិញការបញ្ចេញមតិរឿងព្រំដែននេះ គឺជាបំបាក់ស្មារតីពលរដ្ឋ និងយុវជនដទៃទៀតមិនឱ្យលើកឡើងពីបញ្ហាព្រំដែន៖ « បញ្ហាព្រំដែននេះ វាជាចំណុចរសើបរបស់រដ្ឋាភិបាល ពិសេសគឺព្រំដែនកម្ពុជាជាមួយវៀតណាម ដូច្នេះហើយចង់ ឬមិនចង់ តុលាការអាចខ្វះឯករាជ្យភាពខ្លះក្នុងការដាក់ទោសទណ្ឌនេះ»។
ការផ្ដន្ទាទោស លោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនេះ ក៏រងការរិះគន់ពីតំណាងទូតប្រទេសប្រជាធិបតេយ្យមួយចំនួនដែរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) បានសរសេរលើបណ្ដាញធ្វីតធ័រ (Twitter) ថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏គួរឱ្យគោរពនោះ បង្កើតចម្ងល់យ៉ាងធ្ងន់ធ្ងរអំពីសេរីភាពបញ្ចេញមតិដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងជាធាតុផ្សំដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ។ លោកសង្កត់ធ្ងន់ថា ប្រព័ន្ធតុលាការមិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេងសកម្មជនអហិង្សានិយមនោះទេ។
ស្រដៀងគ្នានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ផាប្លូ កង (Pablo Kang) បង្ហោះសារលើធ្វីតធ័រ (Twitter) ថា លោកសង្វេគចិត្តណាស់ដែលឃើញសាលក្រមដ៏អាក្រក់ចេញដោយតុលាការក្រុងភ្នំពេញលើលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល។ លោកបន្តថា អ្វីដែលមនុស្សភាគច្រើនមើលឃើញនោះ គឺសកម្មភាពរបស់ពួកគាត់ទាំង៣ ជាការបញ្ចេញមតិដោយសន្តិវិធីស្របតាមច្បាប់ មិនមែនជាអំពើញុះញង់នោះទេ។ លោកបន្ថែមថា កម្ពុជាគួរតែមានស្ថានភាពល្អជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។