មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស នៅខេត្តបន្ទាយមានជ័យ បានរិះគន់អាជ្ញាធររបបលោក ហ៊ុន សែន ថា អនុវត្តច្បាប់ស្តង់ដារ២ លើការឃុំខ្លួនជនជាតិបរទេសដែលធ្វើខុសច្បាប់នៅកម្ពុជា។ ការរិះគន់នេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិលទទួលដំណឹងថា ជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់ ដែលបើកបនល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់នៅក្រុងប៉ោយប៉ែត នឹងត្រូវដោះលែងឱ្យមានសេរីភាពក្នុងពេលឆាប់ៗ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា អាជ្ញាធរត្រូវចាត់វិធានការជនបរទេសដែលប្រព្រឹត្តិខុសច្បាប់នៅកម្ពុជា ទៅតាមច្បាប់កំណត់ ដូចពលករខ្មែរដែលបានធ្វើខុសច្បាប់នៅឯក្រៅប្រទេសដែរ។ លោកអះអាងថា ការសម្រួលឱ្យមានការដោះលែងជនជាតិម៉ាឡេស៊ី ទាំង៤៧នាក់ឱ្យមានសេរីភាពឡើង
វិញនេះ ដោយគ្រាន់តែពួកគេទទួលទោសមិនដល់ ២ខែនោះ គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះជាការអនុវត្តច្បាប់ស្តង់ដារ២ ហើយធ្វើឱ្យជនបរទេសដទៃទៀតមិនគោរពច្បាប់កម្ពុជា៖ «ហើយទុកឱ្យមេគេ និងរដ្ឋមន្ត្រីគេមកស្នើសុំទៅ ក៏ដោះលែងពេញទឹកពេញដីទៅ ដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាព និងធ្វើឱ្យបរទេសមើលមកកម្ពុជាហាក់បីដូចមានតែច្បាប់ គ្រាន់តែឱ្យមានតែមានៗទៅ ប៉ុន្តែអនុវត្តតាមបបូរមាត់អ្នកធំ និងអ្នកមានអំណាច។ ដូច្នេះរឿងនេះវាប៉ះពាល់ដល់ស្មារតីនៃច្បាប់និងគោលនយោបាយរបស់ជាតិទាំងមូល»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរកម្ពុជានឹងដោះលែងជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់ ដែលបានបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមខែធ្នូកន្លងទៅ។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៨ កុម្ភៈថា ប៉ូលិសខេត្តបន្ទាយមានជ័យបានបញ្ជូនជនជាតិម៉ាឡេស៊ីទាំងនោះ មកពន្ធនាគារដែលលោកគ្រប់គ្រងប្រហែលជិតមួយខែហើយ។
លោកបន្តថា ជនបរទេសទាំងនោះមានស្រីចំនួន ១០នាក់ និងប្រុសចំនួន ៣៧នាក់ដែលពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗ ព្រោះជាបទល្មើសស្រាល៖ «ខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែ តាមនីតិវិធីតុលាការបើតាមដែលខ្ញុំដឹងរឿងនេះប្រហែលជាជាប់មិនយូរទេ យើងមិនដឹងយ៉ាងមិចផង ប៉ុន្តែគ្រាន់តែថា សមត្ថកិច្ចគេចាប់មក ខ្ញុំចាំតែទទួលទេកន្លែងខ្ញុំ។ ពួកគេមិនបង្កការលំបាកនៅក្នុងពន្ធនាគារទេ គឺស្រួលគ្រប់គ្រងទេ គាត់មិនមានបង្កបញ្ហាអីទេ»។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៧ កុម្ភៈ ថា មានជនជាតិម៉ាឡេស៊ី ៤៧នាក់ នៅក្រុងប៉ោយប៉ែត បានជាប់ឃុំឃាំង ដោយសង្ស័យថា ជាប់ពាក់ព័ន្ធការបើកល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។ក្រសួងការបរទេសម៉ាឡេស៊ី បន្តថា នគរបាលខេត្តបន្ទាយមានជ័យ គ្រាន់តែផ្ដល់ដំណឹងអំពីការចាប់ខ្លួននេះកាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅ។ ក្រោយការផ្ដល់ដំណឹងនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំជាធានីភ្នំពេញ បានចុះសួរសុខទុក្ខជនជាប់ឃុំទាំងនោះ ហើយដឹងថា ពួកគេភាគច្រើន ត្រូវបានគេផ្ដល់ការងារឱ្យ ដែលមានប្រាក់ខែច្រើនគួរឱ្យទាក់ទាញនៅមុនការចាប់ខ្លួន។
មន្ត្រីស្ថានទូតបានជួបប្រជុំជាមួយមន្ត្រីពន្ធនាគារ និងចៅក្រមរួចហើយជុំវិញបញ្ហានេះ។ រីឯកំណត់ទូត របស់ស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ ក៏បានលើកយកបញ្ហានេះទៅជម្រាបដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដើម្បីសុំឱ្យដោះលែងជនជាប់ឃុំទាំងនោះ។
ស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញថា ក្រសួងការបរទេសកម្ពុជាបានតាមដានករណីនេះយ៉ាងជិតដិត និងត្រៀមផ្ដល់ជំនួយនានាតាមការចាំបាច់។
លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បទល្មើសបើកបនល្បែងខុសច្បាប់ នៅក្នុងក្រុងប៉ោយប៉ែត មានទាំងជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃជាដើម។ លោកថា ជាទូទៅសមត្ថកិច្ចចាប់បានជនល្មើសមួយចំនួនតូចយកមកផ្ដន្ទាទោស ខណៈដែលរឿងនេះអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានក៏ត្រូវមានទោសដែរ ពីបទឃុបឃិតឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់ឃើញសមត្ថកិច្ចឬអាជ្ញាធរណាម្នាក់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។