តុលាការភ្នំពេញបិទការស៊ើបសួរបទចោទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រលើសកម្មជនចលនាមាតាធម្មជាតិ
2022.09.07
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានជូនដំណឹងដល់ ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៦នាក់ ថា ការស៊ើបសួរក្នុងសំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ត្រូវបានសួរចប់សព្វគ្រប់ តាមនីតិវិធីហើយ។ សកម្មជនចលនាមាតាធម្មជាតិរីករាយចំពោះ ការបិទបញ្ចប់ការស៊ើបសួរនេះ ហើយពួកគេយល់ថា តុលាការគួរទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេឱ្យបានឆាប់ ដើម្បីលើកកម្ពស់ប្រព័ន្ធតុលាការ និងមុខមាត់រដ្ឋាភិបាល ក្នុងនាមជាប្រធានដែលដឹកនាំកិច្ចប្រជុំអាស៊ានក្នុងពេលខាងមុខនេះ។
សកម្មជនចលនាមាតាធម្មជាតិទាំង ៦នាក់ កាលពីថ្ងៃទី៥ ខែកញ្ញា បានទទួលលិខិតជូនដំណឹងមួយពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែលបានបញ្ជាក់ថា សំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ បានធ្វើការស៊ើបសួរចប់សព្វគ្រប់ តាមនីតិវិធីរួចហើយ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា លោករីករាយនៅពេលទទួលដំណឹងថា សំណុំរឿងក្រុមចលនាមាតាធម្មជាតិត្រូវបានបិទបញ្ចប់ការស៊ើបសួរ។ លោក ថុន រដ្ឋា បន្ថែមថា ដោយសារតែតុលាការមិនទាន់ទម្លាក់បទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ សមាជិកចលនាមាតាធម្មជាតិខ្លះ ជួបការលំបាកខ្លាំងក្នុងការស្វែងរកការងារថ្មី ឬក៏ចូលរួមសហការជាមួយស្ថាប័នដៃគូផ្សេងៗ ហើយមានអ្នកខ្លះពិបាកទទួលបានប្រាក់កម្ចីពីស្ថាប័នផ្ដល់ប្រាក់កម្ចីដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ជាមួយគ្នានេះ លោក ថុន រដ្ឋា យល់ថា រដ្ឋាភិបាលគួរទម្លាក់បទចោទប្រកាន់ទាំងអស់មកលើសកម្មជនចលនាមាតាធម្មជាតិ ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលឡើងវិញមុនដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន (ASEAN) នាចុងឆ្នាំ២០២២នេះ៖ «ការចោទប្រកាន់មកដល់សកម្មជនចលនាមាតាធម្មជាតិនេះ មិនមានចំណេញអ្វីដល់រដ្ឋាភិបាលទេ ផ្ទុយទៅវិញហ្នឹងវាធ្វើឱ្យមហាជន កាន់តែខឹងស្អប់ កាន់តែមិនពេញចិត្ត កាន់តែយល់ច្បាស់ពីប្រព័ន្ធតុលាការនៅស្រុកខ្មែរថា មិនមានភាពយុត្តិធម៌សម្រាប់អ្នកដែលហ៊ានបញ្ចេញមតិ ហ៊ាននិយាយការពិតពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា»។
ជុំវិញរឿងនេះ មេធាវីការពារក្ដីឱ្យក្រុមសកម្មជនចលនាមាតាធម្មជាតិ លោក សំ ចំរើន ប្រាប់វិទ្យុអាស៊ីសេរី ថា បន្ទាប់ពីបិទបញ្ចប់ការស៊ើបសួរនេះ ចៅក្រមស៊ើបសួរនឹងចេញដីកាដំណោះស្រាយសំណុំរឿងក្ដីនេះ ក្នុងពេលឆាប់ៗ។ លោក សំ ចំរើន បន្ថែមថា កន្លងមកលោកមានការលំបាកក្នុងការស្នើសុំថតចម្លងឯកសារសំណុំរឿងរបស់កូនក្ដីលោក ទាំងមូល ដែលមូលហេតុនេះហើយទើបធ្វើឱ្យលោកលំបាកក្នុងការដាក់លិខិតស្នើសុំលើកលែងបទចោទប្រកាន់មកលើកូនក្ដីរបស់លោក។ ទោះជាយ៉ាងណា លោក សំ ចំរើន នៅតែអះអាងថា កូនក្ដីរបស់លោកជាមនុស្សស្អាតស្អំ៖ «យើងជាមេធាវី ទស្សនៈផ្ទាល់ខ្លួនយើងយល់ថា ពួកគាត់សុចរិត និងស្អាតស្អំ យើងយល់អ៊ីចឹងទេណា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយអំពីការបិទបញ្ចប់ការស៊ើបសួរនេះបានទេ នៅថ្ងៃទី៦ ខែកញ្ញានេះ។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក សឹង សែនករុណា យល់ថា តុលាការគួរទម្លាក់រាល់បទចោទទៅលើក្រុមយុវជនចលនាមាតាធម្មជាតិ ព្រោះពួកគេ គឺជាពលរដ្ឋសកម្មគំរូ ក្នុងការតស៊ូមតិដើម្បីលើកកម្ពស់បរិស្ថានក្នុងប្រទេសកម្ពុជា។ លោក សឹង សែនករុណា បន្ថែមថា ការលើកលែងបទចោទប្រកាន់ទៅលើសកម្មជនមាតាធម្មជាតិ មិនត្រឹមតែជាការផ្ដល់បរិយាកាសងាយស្រួលដល់ពួកគេបំពេញការងារនោះទេ តែវាក៏ជាការស្ដារមុខមាត់រដ្ឋាភិបាលកម្ពុជា ក្នុងឆាកអន្តរជាតិលើការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរ៖ «ចំពោះការចោទប្រកាន់នេះ យើងក៏មិនយល់ថា តុលាការមានមូលដ្ឋានអ្វីដែលពាក់ព័ន្ធទៅនឹងរឿងប្រមាថព្រះមហាក្សត្រ ហើយនឹងក្បត់ជាតិនេះ បើយើងឃើញកាយវិការ ការងារគាត់ ការលើកឡើងបញ្ចេញមតិ ឬក៏សកម្មភាពអីទាំងអស់ហ្នឹង វាសុទ្ធសឹងតែរឿងការពារធនធម្មជាតិទាំងអស់»។
ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចោទសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត ពីបទរួមគំនិតក្បត់។ ដោយឡែកសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានព្រះរាជអាជ្ញារងរូបនេះចោទពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ទាក់ទងនឹងការធ្វើការងារបរិស្ថាន។ បន្ទាប់ពីត្រូវបានដោះលែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ២០២១ បច្ចុប្បន្ន សកម្មជនចលនាមាតាធម្មជាតិ ដែលជាម្ចាស់ពានរង្វាន់ អ្នកការពារជួរមុខ (Frontline Defender) និងបានរង្វាន់សកម្មជនការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ កំពុងសកម្មក្នុងការដឹកនាំយុវជនតស៊ូមតិលើរឿងបរិស្ថាន ដោយថ្មីៗនេះពួកគេទាមទារឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅ មកជាទ្រព្យសម្បត្តិរដ្ឋវិញ និងជិះស៊ីក្លូដើម្បីសង្គ្រោះភ្នំតាម៉ៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។