តុលាការ​ផ្ដន្ទាទោស​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​គូ​ស្នេហ៍​នៅ​ភ្នំពេញ​ដាក់​ពន្ធនាគារ​៣១ឆ្នាំ

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ក្ដី​ឱ្យ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដាក់​ពន្ធនាគារ ៣១ឆ្នាំ និង​បង់​សំណង​ជំងឺ​ចិត្ត ២លាន​ដុល្លារ ដល់​ឪពុក​ម្ដាយ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ពីរ​នាក់ គឺ​ម្នាក់​១លាន​ដុល្លារ។ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ ដែល​រង​របួស​ម្នាក់ ៣០ម៉ឺន និង​២០ម៉ឺន​ដុល្លារ និង​ម្ដាយ​ជនរងគ្រោះ ៥​ម៉ឺន​ដុល្លារ​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ធ្នូ រក​ឃើញ​ខ្មាន់​កាំភ្លើង​ស្រី ស៊ីណា ប្រព្រឹត្តិ​អំពើ​ឃាតកម្ម បទ​ប៉ុនប៉ង​ឃាតកម្ម បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ទ​រំលោភ​សិទ្ធិ​លំនៅឋាន។

កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិត​នៅ​បុរី​ប៉េងហួត​បឹង​ស្នោរ ក្នុង​ខណ្ឌ​ច្បារអំពៅ ដែល​ផ្ដើម​ចេញ​ពី​ទំនាស់​បន្តិចបន្តួច​រឿង​ស្នួល​ខោអាវ​ឆ្លង​ចូល​ព្រំ​ដី​គ្នា។

ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ទាំង​ពីរ​នាក់​មាន​អាយុ​ជាង ២០ឆ្នាំ​ជា​គូ​ដណ្ដឹង​ជិត​រៀបការ​ជាមួយ​គ្នា។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឧកញ៉ា ស្រី ស៊ីណា ក្នុង​ពេល​ព្យាយាម​រត់​គេច​ខ្លួន​ទៅ​ដល់​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ក្នុង​ពេល​ចាប់​នោះ​ជន​ដៃ​ដល់​រូប​នេះ ហាក់​គ្មាន​ញញើត​សមត្ថកិច្ច និង​បាន​សារភាព​ថា គាត់​ពិត​ជា​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​មែន។

ករណី​បាញ់​សម្លាប់​យុវជន​ពីរ​នាក់​ជា​គូ​ដណ្ដឹង​នឹង​គ្នា​នេះ បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ រន្ធត់​ចិត្ត និង​សោកស្ដាយ ហើយ​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ដល់​ជន​ប្រព្រឹត្ត​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។