តុលាការ​កោះ​ហៅ​អ្នកស្រី ថាក់ ឡានី ទៅ​បំភ្លឺ​ជា​លើក​ទី២ នៅ​ថ្ងៃ​ទី១៧ សីហា

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ឲ្យ​ទៅ​បំភ្លឺ​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃ​ទី​១៧ សីហា ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី គឺ​លោក សំ សុគង់ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១០ សីហា ថា លោក​បាន​ទទួល​ដីកា​កោះ ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក​ទៅ​បំភ្លឺ​ជា​លើក​ទីពីរ។

លោក​មេធាវី សំ សុគង់ បន្ត​ថា លោក​នឹង​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​នេះ។ ដោយ​ឡែក​វត្តមាន​កូនក្ដី​របស់​លោក គឺ​អ្នក​ស្រី ថាក់ ឡានី លោក​នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​នេះ ឬ​យ៉ាងណា​ទេ ដោយ​លោក​មិន​ទាន់​ពិគ្រោះ​គ្នា​ជាមួយ​កូនក្ដី​លោក​ឡើយ។

ចំណែក​អ្នកស្រី ថាក់ ឡានី ក៏​មិន​អាច​​ទាក់ទង​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១០ សីហា នេះ​ទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល។

កាល​ពី​ថ្ងៃ​ទី​៨ សីហា ទាំង​អ្នក​មេធាវី សំ សុគង់ និង​អ្នក​ស្រី ថាក់ ឡានី មិន​បាន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​នោះ​ទេ ដោយ​មេធាវី​ស្នើ​ពន្យារ​ពេល។

អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ សីហា ស្រប​ពេល​ជាមួយ​គ្នា​នឹង​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ​សម្រាប់​អ្នកស្រី ថាក់ ឡានី ធ្លាប់​បានប្រកែកថា អ្នកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដូច្នោះ​ទេ ដោយ​អ្នកស្រី បញ្ជាក់​ថា ឃ្លីប​វីដេអូ​ដែល​គេ​បង្ហោះ​ជា​សាធារណៈ​នោះ គឺ​ជា​ការ​កាត់​ត ដើម្បី​ទម្លាក់​កំហុស​មក​លើ​អ្នកស្រី។

​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​តំណាង​ដោយ​លោក​មេធាវី គី តិច បាន​ប្ដឹង​ទាមទារ​ឲ្យ​តុលាការ ផ្ដន្ទាទោស​អ្នកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី តាម​ច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ ១០០​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។