លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​

អាស៊ីសេរី
2020.07.31
រ៉ុង ឈុន ០៧៣១២០ លោក រ៉ុង ឈុន នៅ​ក្នុង​រថយន្ត ដែល​ដៃ​ទាំង​ពីរ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដាក់​ខ្នោះ​ទៅ​ក្រោយ ពេល​​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ លើ​ទំព័រព័ត៌មាន​ Fresh News

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ នេះ​។

លោក រ៉ុង ឈុន ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់ គឺ​រយៈ​ពេល ១ម៉ោង ក្រោយ​ពី​លោក​​និយាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា​។

លោក រ៉ុង ឈុន បាន​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ជួប​អ្នក​ភូមិ​​នៅស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ កក្កដា ហើយ​ប្រមូល​បាន​ព័ត៌មាន​ថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ក្នុង​ឯកសណ្ឋាន​យោធា​ប្រដាប់​ដោយ​កាំភ្លើង ដេញ​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើស្រែ នៅ​លើ​ដីខ្មែរ ក្បែរ​តំបន់​ព្រំដែន។

ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ និង​ជួប​ពលរដ្ឋ​នៅ​តំបន់​ព្រំ​ដែន​នោះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជា​តំណាង បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ ដោយ​ជំរុញ​រដ្ឋាភិបាល ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ក្បែរ​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទំហំ ៦០ហិកតារ ទៅ​ឲ្យ​អ្នកភូមិ​ចូល​ធ្វើស្រែ​ចម្ការ​វិញ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ជួប​ជជែក​ផ្ទាល់​ជាមួយ​មនុស្ស​វ័យ​ចាស់ៗ នៅ​ភូមិ​ត្រពាំងផ្លុង ដែល​មាន​អាយុ​ជាង ៧០ឆ្នាំ សុទ្ធតែ​និយាយ​ថា ដី​អ្នក​ភូមិ​នៅ​ទសវត្សរ៍​ឆ្នាំ៧០ នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំ​ដែន បច្ចុប្បន្ន ៥០០ម៉ែត្រ ហើយ​ការ​បាត់បង់​ដី​ជា​បន្ត​បន្ទាប់​នេះ គឺ​កើត​មាន​ក្រោយ​ពេល​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​រួច​រាល់ ជាមួយ​វៀតណាម នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោក រ៉ុង ឈុន បន្ត​ថា ទោះ​ជា​ការ​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ដី​ទំហំ ៦០ហិកតារ ដែល​យោធា​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នោះ គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បន្ត​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ត្រពាំងផ្លុង ចូល​ទៅ​តំបន់​ក្បែរ​ព្រំដែន ក្រោម​ហេតុផល​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ភូមិ​ត្រពាំងផ្លុង​រួចរាល់​ទាំង​ស្រុង​ហើយ ដូច្នេះ​អាជ្ញាធរ ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​នោះ ឲ្យ​អ្នកភូមិ​ជា​ម្ចាស់ដី​វិញ។

លោក រ៉ុង ឈុន បន្ត​ថា អ្នកភូមិ​អះ​អាង​ដូចៗ គ្នា​ទៀត​ថា ទាហាន​វៀតណាម បាន​ឆ្លង​ព្រំដែន មក​ចូល​ដេញ​កសិករ​ខ្មែរ ដល់​ក្នុង​ដីខ្មែរ​ជាង ២០០ម៉ែត្រ ពី​បង្គោល​ព្រំ​ដែន។ លោក រ៉ុង ឈុន ថា ការ​ឆ្លង​ចូល​មក​ដីខ្មែរ​នេះ ជា​ទង្វើ​រំលោភ​បំពាន​ដែន​អធិបតេយ្យ​ខ្មែរ ព្រោះ​សកម្មភាព​នេះ ធ្វើឡើង​ក្នុង​ឯកសណ្ឋាន​យោធា ប្រដាប់​ដោយ​កាំភ្លើង ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ដី​របស់​ខ្មែរ។

ក្នុង​សេចក្ដីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី២១ កក្កដា ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា អ្នក​ភូមិ​ត្រពាំង​ផ្លុង បាន​រងគ្រោះ​បាត់បង់​ដី​ជា​ច្រើន ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​រួច​ទៅ​ហើយ ដូច្នេះ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ការពារ​ពលរដ្ឋ​ឲ្យ​បាន​បង្កបង្កើន​ផល នៅ​លើ​ដី​មាន​ជម្លោះ ក្បែរ​ព្រំដែន​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណាក្ដី អ្នក​ភូមិ​ត្រពាំងផ្លុង ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​លែង​ហ៊ាន​ទៅ​ក្បែរ​ដីស្រែ​ចម្ការ​នោះ​ទៀត​ហើយ តាំងពី​ថ្ងៃ​ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​មិន​ឲ្យ​ធ្វើ​ស្រែ កាល​ពី​ថ្ងៃ​ទី១៣ កក្កដា​មក ព្រោះ​ទាហាន​ខ្មែរ បាន​ដាក់​ប៉ុស្តិ៍​យាមកាម មិន​ឲ្យ​អ្នក​ភូមិ​ចូល ហើយ​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំងផ្លុង បាន​កោះហៅ​តំណាង ៦នាក់ ក្នុង​ចំណោម​ពលរដ្ឋ ១០៦គ្រួសារ ទៅ​សួរ​នាំ ថែម​ទាំង​មាន​ការ​ព្រមាន ពី​អាជ្ញាធរ​ស្រុក​ពញាក្រែក ថា នឹង​ប្រើ​វិធានការ​ច្បាប់​ទៀត​ផង។

 

 

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ លោក​​​ រ៉ុង ឈុន បាន​ដឹក​កម្មករ​តវ៉ា​រក​ដំណោះ​ស្រាយ ក្នុង​វិវាទ​ការងារ​មួយ​នៅ​រោងចក្រកាត់ដេរ​សំលៀកបំពាក់ ឈ្មោះ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD)។

លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។
លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។
រូប៖ កម្មករ

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។