លោក រ៉ុង ឈុន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។
លោក រ៉ុង ឈុន លោកត្រូវបានចាប់ខ្លួនទាំងយប់ គឺរយៈពេល ១ម៉ោង ក្រោយពីលោកនិយាយអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីនៅថ្ងៃទី៣១ ខែកក្កដា។
លោក រ៉ុង ឈុន បានចុះទៅពិនិត្យមើលបង្គោលព្រំដែន និងជួបអ្នកភូមិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ កក្កដា ហើយប្រមូលបានព័ត៌មានថា ទាហានវៀតណាម បានចូលមកឈ្លានពានអធិបតេយ្យកម្ពុជា ក្នុងឯកសណ្ឋានយោធាប្រដាប់ដោយកាំភ្លើង ដេញអ្នកភូមិត្រពាំងផ្លុង មិនឲ្យធ្វើស្រែ នៅលើដីខ្មែរ ក្បែរតំបន់ព្រំដែន។
ក្រោយពីបានចុះទៅពិនិត្យ និងជួបពលរដ្ឋនៅតំបន់ព្រំដែននោះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាតំណាង បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយជំរុញរដ្ឋាភិបាល ឱ្យដាក់យោធាការពារព្រំដែន និងទាមទារឲ្យរដ្ឋាភិបាលប្រគល់ដីក្បែរព្រំដែន នៅចំណុចភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទំហំ ៦០ហិកតារ ទៅឲ្យអ្នកភូមិចូលធ្វើស្រែចម្ការវិញ។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីថា លោកបានជួបជជែកផ្ទាល់ជាមួយមនុស្សវ័យចាស់ៗ នៅភូមិត្រពាំងផ្លុង ដែលមានអាយុជាង ៧០ឆ្នាំ សុទ្ធតែនិយាយថា ដីអ្នកភូមិនៅទសវត្សរ៍ឆ្នាំ៧០ នៅឆ្ងាយពីបង្គោលព្រំដែន បច្ចុប្បន្ន ៥០០ម៉ែត្រ ហើយការបាត់បង់ដីជាបន្តបន្ទាប់នេះ គឺកើតមានក្រោយពេលរដ្ឋាភិបាលបោះបង្គោលព្រំដែនរួចរាល់ ជាមួយវៀតណាម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក រ៉ុង ឈុន បន្តថា ទោះជាការបោះបង្គោលព្រំដែន នៅចំណុចភូមិត្រពាំងផ្លុង មានភាពមិនប្រក្រតី ប៉ុន្តែដីទំហំ ៦០ហិកតារ ដែលយោធាវៀតណាម បានចូលមកបណ្ដេញពលរដ្ឋខ្មែរនោះ គឺស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្មែរយ៉ាងពិតប្រាកដ។ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បន្តថា អាជ្ញាធរខេត្តត្បូងឃ្មុំ ធ្លាប់ហាមឃាត់មិនឲ្យអ្នកភូមិត្រពាំងផ្លុង ចូលទៅតំបន់ក្បែរព្រំដែន ក្រោមហេតុផលរង់ចាំការបោះបង្គោលព្រំដែនរួចរាល់។ ប៉ុន្តែ មកដល់ពេលនេះ លោកថា ការបោះបង្គោលព្រំដែននៅភូមិត្រពាំងផ្លុងរួចរាល់ទាំងស្រុងហើយ ដូច្នេះអាជ្ញាធរ ត្រូវចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់នោះ ឲ្យអ្នកភូមិជាម្ចាស់ដីវិញ។
លោក រ៉ុង ឈុន បន្តថា អ្នកភូមិអះអាងដូចៗ គ្នាទៀតថា ទាហានវៀតណាម បានឆ្លងព្រំដែន មកចូលដេញកសិករខ្មែរ ដល់ក្នុងដីខ្មែរជាង ២០០ម៉ែត្រ ពីបង្គោលព្រំដែន។ លោក រ៉ុង ឈុន ថា ការឆ្លងចូលមកដីខ្មែរនេះ ជាទង្វើរំលោភបំពានដែនអធិបតេយ្យខ្មែរ ព្រោះសកម្មភាពនេះ ធ្វើឡើងក្នុងឯកសណ្ឋានយោធា ប្រដាប់ដោយកាំភ្លើង ចូលមកបណ្ដេញពលរដ្ឋខ្មែរ នៅក្នុងដីរបស់ខ្មែរ។
ក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២១ កក្កដា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា អ្នកភូមិត្រពាំងផ្លុង បានរងគ្រោះបាត់បង់ដីជាច្រើន ទៅភាគីវៀតណាម ដោយសារតែការបោះបង្គោលព្រំដែនរួចទៅហើយ ដូច្នេះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលត្រូវតែផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការពារពលរដ្ឋឲ្យបានបង្កបង្កើនផល នៅលើដីមានជម្លោះ ក្បែរព្រំដែនឡើងវិញ។
ទោះជាយ៉ាងណាក្ដី អ្នកភូមិត្រពាំងផ្លុង ប្រាប់អាស៊ីសេរីថា ពួកគាត់លែងហ៊ានទៅក្បែរដីស្រែចម្ការនោះទៀតហើយ តាំងពីថ្ងៃដែលទាហានវៀតណាម បានចូលមកបណ្ដេញមិនឲ្យធ្វើស្រែ កាលពីថ្ងៃទី១៣ កក្កដាមក ព្រោះទាហានខ្មែរ បានដាក់ប៉ុស្តិ៍យាមកាម មិនឲ្យអ្នកភូមិចូល ហើយប៉ូលិសប៉ុស្តិ៍ត្រពាំងផ្លុង បានកោះហៅតំណាង ៦នាក់ ក្នុងចំណោមពលរដ្ឋ ១០៦គ្រួសារ ទៅសួរនាំ ថែមទាំងមានការព្រមាន ពីអាជ្ញាធរស្រុកពញាក្រែក ថា នឹងប្រើវិធានការច្បាប់ទៀតផង។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ លោក រ៉ុង ឈុន បានដឹកកម្មករតវ៉ារកដំណោះស្រាយ ក្នុងវិវាទការងារមួយនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD)។
