សង្គម​ស៊ីវិល​រិះ​គន់​ការ​អនុញ្ញាត​ឱ្យ​ចៅ​ក្រម និង​ព្រះរាជ​អាជ្ញា​ពន្យារ​ពេល​ចូល​និវត្តន៍

ដោយ ទីន ហ្សាការីយ៉ា
2023.04.10
សង្គម​ស៊ីវិល​រិះ​គន់​ការ​អនុញ្ញាត​ឱ្យ​ចៅ​ក្រម និង​ព្រះរាជ​អាជ្ញា​ពន្យារ​ពេល​ចូល​និវត្តន៍ (រូបឯកសារ​តំណាង) ក្រុមប្រឹក្សាជំនុំជម្រះក្នុងអង្គសវនាការមួយ ​នៃ​តុលាការ​យោធា កាល​ពី​ឆ្នាំ២០១៩។
រូប​គេ​ផ្ដល់​ឱ្យ 2019-07-17

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់ រិះ​គន់​ការ​អនុញ្ញាត​ឱ្យ​ចៅ​ក្រុម និង​ព្រះ​រាជ​អាជ្ញា​នៅ​សាលា​ឧទ្ធរណ៍ អាច​ពន្យារ​ពេល​ចូល​និវត្តន៍​រហូត​ដល់​អាយុ ៦៥ឆ្នាំ។ ការ​រិះ​គន់​នេះ ដោយ​សារ​ពួក​គេ​ព្រួយ​បារម្ភ​ថា នឹង​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ ដែល​មាន​ទឹក​ចិត្ត និង​ឆន្ទៈ​ពិត​ប្រាកដ ចង់​ចូល​បំពេញ​ការងារ​ធ្វើ​ជា​ចៅក្រម ឬ​ព្រះ​រាជ​អាជ្ញា ដើម្បី​ជួយ​កែ​ប្រែ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​នៅ​សាលា​ឧទ្ធរណ៍ ដែល​បាន​បំពេញ​ការ​ងារ​យូរ​ឆ្នាំ​ហើយ​នោះ ហើយ​អាច​ពន្យារ​អាយុ​ចូល​និវត្តន៍​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត នឹង​ធ្វើ​ឱ្យ​សមត្ថ​ភាព និង​វ័យ​កាន់​តែ​ចាស់​ទ្រុឌ​ទ្រោម​របស់​ពួក​គេ មិន​អាច​ទទួល​ខុស​ត្រូវ​ការ​ងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើយ។

ពួក​គេ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​ជំនាន់​ក្រោយ ដែល​ត្រៀម​បន្ត​វេន និង​មាន​ឆន្ទៈ​និង​ទឹក​ចិត្ត ត្រូវ​បាត់​បង់​ឱកាស។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា កម្ពុជា​គួរ​តែ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ ដែល​មាន​សមត្ថ​ភាព ចំណេះ​ដឹង និង​បទ​ពិសោធន៍​ថ្មី ដែល​អាច​ចូល​រួម​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​កាន់​តែ​ល្អ​ប្រសើរ ខណៈ​អ្នក​បម្រើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​បច្ចុប្បន្ន កំពុង​រង​ការ​រិះ​គន់​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ ថា​ជាប់​ពាក់​ព័ទ្ធ​ច្រើន​អំពើ​ពុក​រលួយ និង​បំពេញ​តួនាទី​មិន​ឯក​រាជ្យ​និង​អព្យាក្រឹត​ជា​ដើម។ លោក​បន្ត​ថា ប្រជា​ជន​សាមញ្ញ​នៅ​ពេល​មាន​រឿង​រ៉ាវ​ឡើង​តុលា​ការ តែង​ភ័យ​ព្រួយ​ខ្លាច​គ្មាន​ការ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌។

លោក ស៊ឹង សែនករុណា៖ «ផ្ដល់​ឱកាស អាច​ថា​ទៅ​ដល់​ឈាម​ថ្មី ឬ​ក៏​អ្នក​មាន​សមត្ថភាព​ថ្មីៗ អាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​នេះ​ល្អ​ប្រសើរ​ក៏​ថា​បាន ឬ​ក៏​អាច​ស្ដារ​មុខ​មាត់ អំពី​អ្វី​ដែល​រង​ការ​រិះ​គន់​ហ្នឹង អាច​ប្រែប្រួល​មក​ល្អ​ប្រសើរ​ក៏​ថា​បាន​ដែរ។ អ៊ីចឹង! បើ​យើង​រក្សា​ធន​ធាន​មនុស្ស ដែល​វ័យ​ចំណាស់ ហើយ​នៅ​តែ​បន្ត​ទៅ​ទៀត យើង​មាន​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​អំពើ​ពុក​រលួយ ឬ​ក៏​បញ្ហា​ខ្វះ​នូវ​ឯក​រាជ្យ​ភាព អព្យាក្រឹតភាព នៅ​តែ​បន្ត​ទៅ​ទៀត​បាន​។ អ៊ីចឹង! ក៏​គួរ​តែ​មាន​ការ​ផ្ដល់​ឱកាស និង​បង្ហាញ​ឱ្យ​ច្បាស់​លាស់​អំពី​ឆន្ទៈ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ប្រកប​ដោយ​ការ​ជឿ​ជាក់ ពី​ប្រជា​ពល​រដ្ឋ»

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បញ្ចេញ​ប្រតិ​កម្ម​បែប​នេះ បន្ទាប់​ពី​មាន​ព្រះរាជ​ក្រឹត្យ ចុះ​ថ្ងៃ​ទី៨ មេសា អនុញ្ញាត​ឱ្យ​ចៅ​ក្រុម​សាលា​ឧទ្ធរណ៍ និង​ព្រះរាជ​អាជ្ញា​អយ្យ​ការ​អម​សាលា​ឧទ្ធរណ៍ ដែល​ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ ៦០ឆ្នាំ អាច​ពន្យារ​អាយុ​រហូត​ដល់​អាយុ ៦៥ឆ្នាំ។ ព្រះរាជ​ក្រឹត្យ​បន្ត​ថា ការ​អនុញ្ញាត​ឱ្យ​ពន្យារ​ចូល​និវត្តន៍​នេះ ដើម្បី​ដោះ​ស្រាយ​រយៈ​ពេល​អន្តរ​កាល​នៃ​ការ​ខ្វះ​ខាត​ចំនួន​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​នៅ​សាលា​ឧទ្ធរណ៍ សំដៅ​ធានា​និរន្តរ​ភាព​នៃ​កិច្ច​ការ​ដំណើរ​ការ​របស់​ស្ថាប័ន​តុលាការ និង​អង្គ​ការ​អយ្យ​ការ​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សិទ្ធិ​មនុស្ស​និង​អ្នក​ច្បាប់​យល់​ឃើញ​ស្រដៀង​គ្នា​ថា ហេតុ​ផល​នេះ ហាក់​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ ពី​ព្រោះ​កន្លង​មក រដ្ឋាភិបាល​តែង​អះ​អាង​ថា កម្ពុជា​មាន​ធន​ធាន​ជា​យុវជន​ចេញ​ពី​សាលា​រៀន​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។ ពួក​គេ​បន្ថែម​ថា នៅ​ក្នុង​វិស័យ​ច្បាប់ កម្ពុជា​មាន​ធន​ធាន ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក និង​សុទ្ធ​សឹង​ជា​អ្នក​មាន​ចំណេះ​ដឹង និង​សមត្ថ​ភាព​ផ្នែក​ច្បាប់​។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លោក សេង ស៊ីវត្ថា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ទី១០ មេសា​នេះ។

ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា ចែង​ថា បុគ្គល​ដែល​ត្រូវ​ជ្រើស​រើស​សម្រាប់​បំពេញ​មុខ​ងារ​ជា​ចៅ​ក្រម និង​ព្រះរាជ​អាជ្ញា ត្រូវ​តែ​ជា​អ្នក​មាន​សមត្ថ​ភាព និង​ជា​អ្នក​សុចរិត​មាន​សីលធម៌​ស្អាតស្អំ។ លើស​ពី​នេះ ពួក​គេ​ត្រូវ​សម្រេច​សេចក្ដី​ដោយ​មិន​លម្អៀង និង​ត្រូវ​ឈរ​លើ​គោល​ការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​ការ​បំភិត​បំភ័យ ការ​បង្គាប់​បញ្ជា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ភាគី​ណា​មួយ​ក្នុង​រឿង​ក្ដី ឬ​ពី​បុគ្គល​ណា​មួយ​ឡើយ​។ ច្បាប់​ដដែល​បន្ត​ថា ការ​ប្រឡង​ចូល​ធ្វើ​ចៅ​ក្រម បេក្ខជន​ត្រូវ​មាន​សញ្ញាប័ត្រ​ចាប់​ពី​បរិញ្ញាបត្រ​ច្បាប់​ឡើង​ទៅ នឹង​មាន​អាយុ ៣៥ឆ្នាំ​សម្រាប់​បេក្ខជន​ជា​និស្សិត និង​មាន​អាយុ ៤០ឆ្នាំ សម្រាប់​បេក្ខជន​ជា​មន្ត្រី​រាជការ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ដែរ​ថា ការ​អនុញ្ញាត​ឱ្យ​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​អាច​ពន្យារ​អាយុ​ចូល​និវត្តន៍​នេះ ប្រៀប​ដូច​ជា​បិទ​ឱកាស​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​វិជ្ជា​ជីវៈ ជំនាញ និង​សមត្ថ​ភាព​ផ្នែក​ច្បាប់ ដែល​មាន​គំនិត​ថ្មីៗ ពិបាក​ទទួល​បាន​ការងារ ដើម្បី​បម្រើ​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌ ដែល​ពួក​គេ​អាច​ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ ឱ្យ​មហា​ជន​ទូ​ទៅ​មាន​ទំនុក​ចិត្ត។

លោក វ៉ន ចាន់ឡូត៖ «អ្នក​ដែល​គាត់​មាន​គំនិត​ថ្មី គំនិត​ល្អ​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ប្រព័ន្ធ​យុត្តិធម៌ ឱកាស​របស់​គាត់​ហាក់​ត្រូវ​បាន​បិទ ឬ​មិន​សូវ​មាន​សម្រាប់​ពួក​គាត់»

កម្ពុជា​មាន​សាលា​ឧទ្ធរណ៍​ប្រចាំ​តំបន់​ចំនួន៤ សាលា​ឧទ្ធរណ៍​ប្រចាំ​នៅ​ខេត្ត​ត្បូង​ឃ្មុំ បាត់ដំបង ព្រះ​សីហនុ និង​នៅ​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា ការ​ជ្រើស​រើស​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា ដែល​អាច​បំពេញ​ការ​ងារ​ដោយ​ឯក​រាជ្យ គួរ​តែ​មាន​ការ​ប្រឡង​ជ្រើស​រើស​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​គណៈ​កម្ម​ការ​ចម្រុះ និង​អាច​មាន​ការ​ជឿ​ទុក​ចិត្ត​ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បក្ខ​ពួក​និយម ជា​ពិសេស គណ​បក្ស​នយោបាយ។ លើស​ពី​នេះ គណ​បក្ស​នយោបាយ ក៏​គួរ​កុំ​ពាក់​ព័ន្ធ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា ចៀសវាង​ពួក​គេ​ខ្វះ​ភាព​ឯករាជ​នៅ​ពេល​ត្រូវ​កាត់​សេចក្ដី​រឿង​នយោបាយ អ្នក​នយោបាយ ឬ​សកម្ម​ជន​សង្គម​ជា​ដើម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។