មេធាវី​មួយ​ចំនួន​បដិសេធ​ទទួល​រឿងក្ដី​បណ្ឌិត កែម ឡី ដើម្បី​តតាំង​នៅ​តុលាការ

ដោយ អាស៊ីសេរី
2017.10.10
Share on WhatsApp
Share on WhatsApp
វេទិកា ៨៥៥ (ពី​ឆ្វេង) ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​យុត្តិធម៌​សង្គម លោក សៅ កុសល សមាជិក​គណៈកម្មការ​សង់​ចេតិយ​បណ្ឌិត កែម ឡី លោក នឿន ចាន់នី  គណៈកម្មការ​សាង​សង់​ចេតិយ​បណ្ឌិត កែម ឡី តំណាង​ឲ្យ​អ្នកស្រី ប៊ូ រចនា និង​លោក កែម រិទ្ធិសិត ប្អូន​ប្រុស​បណ្ឌិត កែម ឡី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បាន​អូស​បន្លាយ​ពេល​ជាង ១​ឆ្នាំ​ទៅ​ហើយ ចាប់ពី​ថ្ងៃ​ដែល​ឃាតក​បាញ់សម្លាប់ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។ អំពើ​ឃាតកម្ម​ទាំង​ព្រឹក​ព្រលឹម នៅ​កណ្ដាល​ទីក្រុង​នេះ មាន​ទណ្ឌិត​តែ​ម្នាក់​គត់ គឺ​ឈ្មោះ ជួប សម្លាប់ ដែល​អះអាង​ថា ជា​ជន​ដៃដល់​បាញ់សម្លាប់​អ្នកវិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នេះ។ មាន​ភស្តុតាង និង​សំអាង​ហេតុ​ជាច្រើន​ចំណុច លាតត្រដាង​ថា តាមពិត​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ នៅ​ក្នុង​អង្គ​សវនាការ គឺ​ផ្ទុយគ្នា​ទាំងស្រុង​ទៅ​នឹង​របាយការណ៍​ស្រាវជ្រាវ។

មាន​មេធាវី​មួយ​ចំនួន ដែល​សាច់ញាតិ​របស់​លោក​បណ្ឌិត កែម ឡី ពឹង​ពាក់​សូម​ឲ្យ​ជួយ​សើរើ​សំណុំរឿង​នៅ​ក្នុង​តុលាការ បាន​ច្រានចោល​គ្រប់គ្នា ដោយ​ចាត់ទុកថា នេះ​ជា​រឿងក្ដី​មិនធម្មតា​មួយ ដែល​មាន​អ្នកបញ្ជា​ដែល​មាន​បុណ្យស័ក្ដិ​ធំ​នៅ​ពីក្រោយ​ខ្នង ទើប​អាច​សម្រេច អំពើ​ឃាតកម្ម​នេះ ដោយ​មិន​ញញើត​ពី​ទោស​ទណ្ឌ តាម​ផ្លូវ​ច្បាប់ ឬ​មិន​ខ្លាច​មាន​អ្នក​ចាប់​ចង់​ជាដើម។

គិត​មកដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៧ គឺ​សំណុំរឿង​មួយ​នេះ បាន​បន្ត​អូស​បន្លាយ​អស់​រយៈពេល ១​ឆ្នាំ ៣​ខែ មក​ហើយ។ ក្នុង​រយៈពេល​នេះ គឺ​មានតែ​ទណ្ឌិត​ឈ្មោះ អឿត អាង ហៅ​ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ​ដែល​ចាប់ខ្លួន និង​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

សមាជិក​សាងសង់​ចេតិយ​តម្កល់សព​លោក​បណ្ឌិត កែម ឡី លោក សៅ កុសល ឲ្យ​ដឹង​ថា វា​ពិតជា​ពិបាក​រក​មេធាវី ដើម្បី​ឲ្យ​ជួយ​កាន់​រឿងក្ដី​នេះ​ណាស់។ លោក​បន្ត​ថា ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី ធ្លាប់​ស្វែងរក​មេធាវី​ដើម្បី​ឲ្យ​ជួយ​ដែរ ប៉ុន្តែ​តែង​ត្រូវ​បាន​ច្រានចោល​ជានិច្ច។ ការ​ព្យាយាម​បដិសេធ​នេះ ត្រូវ​បាន​លោក សៅ កុសល លើក​ឡើង​ថា ក្រុម​មេធាវី​ទាំងនោះ បារម្ភ​ពី​សុវត្ថិភាព និង​ថា នេះ​ជា​រឿងក្ដី អាច​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​មិនធម្មតា​ឡើយ ។

នៅ​ថ្ងៃ​តែមួយ​នៃ​ការ​ផ្ដន្ទាទោស​ឈ្មោះ ជួប សម្លាប់ កាលពី​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០១៧ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពេល​រសៀល​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា រឿងក្ដី​នេះ តុលាការ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ គឺ​បាន​ញែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត។

គិត​មកដល់​ថ្ងៃ​ទី១០ ខែ​តុលា នេះ គឺ​មាន​រយៈពេល​ជាង ៧​ខែ​មក​ហើយ មិន​មាន​អ្នកណា​ដឹង​ថា តើ​រឿងក្ដី​ដែល​តុលាការ​បំបែក​ជា​ពីរ ដើម្បី​រក​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ដំណើរការ​ដល់​ណា​ហើយ​នោះ​ទេ។ លោក លី សុផាណា បាន​ត្រឹម​អះអាង​ថា រឿងក្ដី​នេះ កំពុង​ស្ថិត​នៅ​លើ​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ។

ចម្លើយ​សារភាព របស់​ទណ្ឌិត ជួប សម្លាប់ ឬអឿ​ត អាង ទាំង​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើប និង​នៅ​ក្នុង​អង្គ​សវនាការ គឺ​មាន​ចំណុច​នៃ​មន្ទិលសង្ស័យ​ជាច្រើន​ទៀត ដែល​អាច​ឲ្យ​តុលាការ​បើកផ្លូវ​ក្នុង​ការ​ស៊ើបអង្កេត រក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន។ ប៉ុន្តែ រឿងក្ដី​ដ៏​រសើប​មួយ​នេះ បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ទៅ​ហើយ មិន​ឃើញ​មាន​អ្នកទទួលខុសត្រូវ​ផ្សេង។

ទាក់ទិន​នឹង​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ នៅ​ក្នុង​អង្គ​សវនាការ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា វិញ គឺ​ខុសគ្នា​ស្រឡះ ពី​របាយការណ៍​ស្រាវជ្រាវ ដែល​ផ្អែកលើ​មន្ត្រី​អាជ្ញាធរ និង​ក្រុម​សាច់ញាតិ​របស់​ទណ្ឌិត ឈ្មោះ អឿត អាង នេះ។ នៅ​ក្នុង​ថ្ងៃ​ជំនុំជម្រះ ឈ្មោះ អឿត អាង ព្យាយាម​បដិសេធ​ថា ខ្លួន​ពុំ​មាន​ឪពុក​-​ម្ដាយ និង​បងប្អូន​សាច់ញាតិ​ទេ ហើយ​ថែមទាំង​មិនមែន​ជា​ឈ្មោះ អឿត អាង ផង។

ម្យ៉ាង​ការ​បាញ់​សម្លាប់​អ្នកវិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នេះ​ទៀតសោត ព្រោះ​លោក​បណ្ឌិត កែម ឡី ជំពាក់​លុយ​ខ្លួន ៣​ពាន់​ដុល្លារ មិន​ព្រម​សង។ លុយ​ចំនួន ៣​ពាន់​ដុល្លារ​នោះ​គឺជា​ដើមចម​ដែល អឿត អាង បញ្ជាក់​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នេះ បាន​បដិសេធ​ថា មិន​មាន​ឈ្មោះ​នេះ​ឡើយ នៅ​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង។

អនុប្រធាន​ភូមិ​ចំការគ គឺ​លោក ប៉ុន អឿន ដែល​បាន​ទៅ​រស់នៅ និង​ធ្វើជា​អាជ្ញាធរ​ភូមិ​នេះ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​នោះ អះអាង​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ឈ្មោះ អឿត អាង ឬ​មួយ​ក៏​ឈ្មោះ ជួប សម្លាប់ នោះ​ទេ។ ដោយឡែក លោកស្រី ឯក តាប់ បាន​ចេញមុខ​អះអាង​ថា លោកស្រី គឺជា​ម្ដាយបង្កើត​របស់​ទណ្ឌិត​រូប​នេះ ដែល​មាន​ទីតាំងនៅ​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប មុននឹង​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​ខាង​សាច់ញាតិ​ស្រុក​ឪពុក នៅ​ក្នុង​ភូមិ​ឃុំ​ដដែល។

លោក សៅ កុសល សមាជិក​សាងសង់​ចេតិយ​តម្កល់សព​លោក​បណ្ឌិត កែម ឡី មិន​មាន​ជំនឿ​សោះ​ថា យុត្តិធម៌​នឹង​ផ្ដល់​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រាវជ្រាវ​សង្គម​រូប​នេះ​ទេ។ លោក​បន្ត​ថា ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មិន​ខុស​ពី​ឃាតកម្ម​លើ​សកម្មជន​មុនៗ​ដូចជា​លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ប៉ុន្មាន​នោះ​ឡើយ។ លោក សៅ កុសល យល់​ឃើញ​ថា ការ​រង​ចាំ​យុត្តិធម៌​អស់​ពេល​១​ឆ្នាំ ៣​ខែ​ទៅ​ហើយ​នេះ គឺ​ហាក់​មិន​ខុសគ្នា​នោះ​ដែរ ទៅ​នឹង​ការ​រង់ចាំ​យុត្តិធម៌​ដែល​ធ្លាក់​ពីលើ​មេឃ។ លើស​ពី​នេះ​ទៅ​ទៀត គួបផ្សំ​ប្រព័ន្ធ​តុលាការ ត្រូវ​រង​ការ​រិះគន់​ថា ជា​ប្រព័ន្ធ​តុលាការ​តេឡេ​ផង​នោះ ហេតុនេះ​បើ​ទោះ​ជា ប្រឹងប្រែង​ស្វែងរក​យុត្តិធម៌​បែប​ណា ក៏​មិន​ងាយ​បាន​មក​ដោយ​ស្រួល​នោះ​ដែរ។

ងាក​មក​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា វិញ។ លោកស្រី ដែល​មាន​កូន​សុទ្ធតែ​ប្រុស​ក្នុង​បន្ទុក​ចំនួន ៥​នាក់ ត្រូវ​រស់នៅ​ដោយ​លាក់ខ្លួន គេច​ចេញពី​ការ​គំរាម​ប្រមាញ់​ឲ្យ​ផុត​ពូជ ពី​ក្រុម​ឃាតក។ លោកស្រី​ដែល​ពេលនេះ កំពុង​រស់នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព រង់ចាំ​បន្ត​ទៅ​ប្រទេស​បី បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ កូនៗ​ទាំង​៥​នាក់​របស់​លោកស្រី​ត្រូវ​បង្ខំចិត្ត​រស់នៅ​ឆ្ងាយ​ពី​សាលារៀន និង​ពួន​សម្ងំ​លាក់ខ្លួន ព្រោះតែ​ដើម្បី​អាច​ឲ្យ​ជីវិត​រស់​បន្ត​ទៅ​មុខ​ទៀត។ លើស​ពី​នេះ​ទៀត មុន​ពេល​ក្រុម​គ្រួសារ​លោកស្រី សម្រេចចិត្ត​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ គំរាម​សម្លាប់​បំបិទមាត់​ក្រុម​គ្រួសារ​លោកស្រី ប្រសិនបើ​នៅតែ​បន្ត​ទាមទារ​យុត្តិធម៌ ក្នុង​រឿង​ក្ដី​នេះ​ទៀត។

លោក យុង ផានិត ដែល​ត្រូវ​គណៈ​មេធាវី​ចាត់តាំង​ឲ្យ​ការពារ​ក្ដី​ឈ្មោះ ជួប សម្លាប់ ប្រាប់​ថា លោក​ហាក់​ដឹង​រឿងរ៉ាវ​នេះ តិចតួច​ប៉ុណ្ណោះ ពី​កូន​ក្តី​របស់​ខ្លួន។ មូលហេតុ​សំខាន់ គឺ​ទណ្ឌិត​ឈ្មោះ អឿត អាង នេះ​មិនសូវ​ទុកចិត្ត​រូប​លោក សូម្បី​ជា​មេធាវី​ការពារ​ក្ដី​ហើយ​ក៏​ដោយ​ចុះ។ លោក​បន្ត​ថា ក្នុង​ដំណាក់កាល​ស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង លោក​បាន​ដឹង​រឿងរ៉ាវ មិន​ច្រើន​នោះ​ឡើយ ជុំវិញ​អង្គ​ហេតុនេះ មុន​ចូល​សវនាការ។

លោក យុង ផានិត ដែល​ជា​មេធាវី​ជំនាញ​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ យល់​ឃើញ​ថា ប្រសិនបើ​សំណុំរឿង​មួយ ដែល​សម្រេច​ហើយ នៅតែ​មិនទាន់​អស់​មន្ទិលសង្ស័យ នោះ​មាន​ន័យថា យុត្តិធម៌​កើត​ចេញ​ពី​ការ​ជំនុំជម្រះ​នេះ គឺ​មិន​មាន​នៅឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា លោក​រំពឹង​ថា ថ្ងៃ​ណាមួយ​យុត្តិធម៌ ប្រាកដជា​នឹង​កើតមានឡើង។

ការ​ស្នាក់នៅ ដោយ​រង់ចាំ​ពន្លឺ​ជីវិត​ថ្មី ដែល​កូន​ៗ​ពុំ​មាន​ឪពុក​នៅ​ក្បែរ​នោះ លោកស្រី ប៊ូ រចនា អះអាង​ថា វា​កម្សត់ និង​រងា​បំផុត ជាពិសេស​ការចាយវាយ​ប្រចាំថ្ងៃ គឺ​ពុំ​មាន​ចំណូល​ពី​ប្រភព​ចំណូល​ណា​ផ្សេង​ដទៃ ក្រៅពី​សប្បុរសជន​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ​នោះ​ទេ។ លោកស្រី​បន្ត​ថា កូនប្រុស​ទាំង​៥​នាក់ កាន់តែ​ចំរើន​វ័យ​ធំ​ឡើងៗ ដោយ​ពុំ​ទទួល​បាន​ការអប់រំ​នៅ​សាលា​នេះ ធ្វើ​អោយ​លោកស្រី​ហាក់​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វាសនា​របស់​ពួកគេ​ទាំង ៥​នាក់ នៅ​ថ្ងៃ​អនាគត។

ទោះជា​យ៉ាងណា លោក សៅ កុសល ដែល​ជា​សមាជិក​សាងសង់​ចេតិយ​តម្កល់សព​លោក​បណ្ឌិត កែម ឡី យល់ថា​យុត្តិធម៌​នឹង​មិន​អាច​កប់​ជា​រៀង​រហូត​ឡើយ។ សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ដ៏​កក្រើក​ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​យ៉ាង​ប្រញាប់ប្រញាល់​គឺ​តែ​មួយ​ព្រឹក​នោះ ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ថា គឺ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បញ្ចប់​រឿង​រសើប​មួយ​នេះ​អោយ​បាន​ឆាប់ ក្នុង​គោលបំណង​បង្វែរ​ការចាប់អារម្មណ៍​របស់​មហាជន ប៉ុន្តែ​សំណុំ​រឿង​នេះ បន្សល់​នៅ​សំនួរ​ជាច្រើន​ដែល​មិន​ទាន់​មាន​ចម្លើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។