ទងនឹងការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតជាង ២៥០នាក់ ក្នុងពិធីបុណ្យពិសាខបូជា អ្នកនាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅមិនទាន់អាចបញ្ជាក់ឲ្យដឹងពីចំនួនទណ្ឌិតពិតប្រាកដនៅឡើយទេ ដោយសារកំពុងពិនិត្យមើលលើសំណើរបស់ពន្ធនាគាររាជធានីខេត្តចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន៣។
លោក គឹម សន្តិភាព ពន្យល់ថា លក្ខខ័ណ្ឌដែលទណ្ឌិតត្រូវទទួលបានការបន្ធូរបន្ថយ ឬលើកលែងទោស មានការអនុវត្តទោសនៅក្នុងពន្ធនាគារ លក្ខខ័ណ្ឌការកែប្រែខ្លួន ហើយត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ អំពីប្រភេទបទល្មើស និងការខូចខាត ដែលបង្កពីអំពើល្មើសរបស់ទណ្ឌិតនីមួយៗ៖ «បាទ ! យើងប្រជុំពិនិត្យល្ងាចមិញហ្នឹងហើយ ប៉ុន្តែគ្រាន់ថានៅទណ្ឌិតមួយនៅស្រាវជ្រាវរកឯកសារថែមចឹងណា៎។ អ៊ីចឹង ! មកដល់ម៉ោងនេះ តួលេខពិតមិនទាន់មានទេ។ បាទ ! គឺខ្ញុំអត់អាចជម្រាបជូនបានទេ គឺត្រូវរង់ចាំ មានការបញ្ជក់មួយផ្លូវការពីខាងជំនាញមកសិន ទាក់ទងនឹងឯកសារទណ្ឌិតមួយចំនួនដែលគណៈកម្មការជាតិតម្រូវឲ្យស្វែងរក» ។
គណៈកម្មការរាជធានី-ខេត្ត បានធ្វើលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ស្នើអនុគ្រោះទោសដល់ទណ្ឌិត សរុប ២៥២នាក់ ក្នុងនោះមានស្រី ១៦នាក់ សម្រាប់បុណ្យពិសាខបូជា ត្រូវនឹងថ្ងៃទី១៨ ឧសភា ខាងមុខនេះ។
របបក្រុងភ្នំពេញធ្វើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស មាន ៣ដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក។ ក្នុងឆ្នាំ២០១៩ នេះ មានទណ្ឌិត ៤២នាក់ទទួលបានការបន្ធូរបន្ថយទោស និង ៨នាក់ ទទួលបានការលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។