រដ្ឋសភាបានបានបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នទៅព្រឹទ្ធសភាភ្លាមៗក្រោយអនុម័តរួចរាល់ កាលពីថ្ងៃទី១០ មេសា។ អ្នកឃ្លាំមើលសង្គមស្នើសុំព្រឹទ្ធសភាពន្យារពេលប្រជុំពិភាក្សាសេចក្ដីព្រាងច្បាប់នេះ ស្របពេលមេដឹកនាំបក្សប្រឆាំងចាត់ទុកការអនុម័តច្បាប់នេះថា ជាការធ្វើរដ្ឋប្រហារម្តងទៀតពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រឹទ្ធសភាបានទទួលសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នហើយ ហើយគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទីច័ន្ទ ទី១៣ មេសា ដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១១ មេសា។ លោកបញ្ជាក់ថា ដោយសារសេចក្តីព្រាងច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ព្រឹទ្ធសភាមានពេល ៥ថ្ងៃ ដើម្បីបំពេញនីតិវិធី ហើយការប្រជុំជាវិសាមញ្ញដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះអាចនឹងធ្វើឡើងនៅថ្ងៃទី១៧ មេសា ខាងមុខ។
លោក ម៉ម ប៊ុននាង អះអាងដូចក្រុមមន្ត្រីរដ្ឋាភិបាលដែរថា សេចក្តីព្រាងច្បាប់នេះមានភាពចាំបាច់ដើម្បីគ្រប់គ្រងស្ថានភាពអាសន្នរបស់ប្រទេស តួយ៉ាង ករណីការរាតត្បាតនៃជំងឺកវីដ-១៩ ជាដើម។ ហេតុដូច្នេះលោកថា ព្រឹទ្ធសភាមិនអាចពន្យារពេលពិនិត្យច្បាប់នេះតាមការស្នើរបស់សង្គមស៊ីវិលនោះឡើយ៖ «ប្រសិនបើយើងអែអង់ មានបញ្ហាកើតឡើងប៉ះពាល់ដល់សុខភាព ឬក៏អាយុជីវិតរបស់ប្រជាពលរដ្ឋ តើអង្គការសង្គមស៊ីវិលទទួលខុសត្រូវ ឬរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ ? នេះមិនមែនថាផ្ចាញ់ផ្ចាលទេ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលយល់ឃើញថា ច្បាប់នេះគឺជាការចាំបាច់»។
សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ មេសា មានចំនួន៥ ជំពូក ចែកជា១២ មាត្រា។ តាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសក្នុងភាពអាសន្នធ្វើឡើងមិនឱ្យលើសពីរយៈពេល ៣ខែឡើយ ក៏ប៉ុន្តែអាចត្រូវប្រកាសបន្តបានក្នុងលក្ខខណ្ឌដូចគ្នានេះ។ ការបញ្ចប់ស្ថានភាពអាសន្នរបស់ប្រទេស ទោះក្នុងរូបភាពណាក៏ដោយសុទ្ធតែធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្ត្រី។ លក្ខខណ្ឌនៃការដាក់ប្រទេសក្នុងភាពអាសន្ន គឺនៅពេលជាប្រឈមមុខនឹងគ្រោះថ្នាក់ មានជាអាទិ៍ សង្គ្រាម ជំងឺឆ្លងប៉ះពាល់ដល់សុខភាពសាធារណៈ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែត ណាត យល់ថា សេចក្តីព្រាងច្បាប់នេះមានលក្ខណៈរឹតត្បិតជ្រុលហួសហេតុលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ លោកថា ព្រឹទ្ធសភា និងស្ថាប័នថ្នាក់លើទៀត មិនគួរអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះតាមតែចិត្តរបស់លោក ហ៊ុន សែន នោះឡើយ៖ «សូមឱ្យព្រឹទ្ធសភាដែលគ្រោងកោះប្រជុំវិសាមញ្ញនៅខាងមុខហ្នឹង ធ្វើការពិចារណាអាចផ្អឹបទុកសិនច្បាប់ហ្នឹង ឬក៏បើមិនអាចផ្អឹបទុកទេ ទៅដល់ស្ថាប័នព្រះមហាក្សត្រ ឬក៏ប្រមុខរដ្ឋស្តីទីហ្នឹង សូមឱ្យកុំចុះហត្ថលេខា កុំឡាយព្រះហស្ថទៅ ដើម្បីសិក្សាឱ្យស៊ីជម្រៅ ឱ្យបានត្រឹមត្រូវស្របទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិផង ហើយនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផង»។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ផ្ដល់អំណាចច្រើនលើសលប់ដល់រដ្ឋាភិបាលឱ្យដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជា ការធ្វើដំណើរ ការជួបប្រជុំ ការប្រមូលផ្តុំ និងការប្រកបមុខរបរជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាលមានសិទ្ធិឈ្លបយកការណ៍តាមប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ ហើយក៏អាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមបានដែរ។ ជាពិសេស វិធានការអ្វីក៏រដ្ឋាភិបាលអាចធ្វើបានដែរ ឱ្យតែយល់ថា សមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន រហូតដល់អាចគ្រប់គ្រងប្រទេសតាមរបបអាជ្ញាសឹកទៀតផង។ បើពលរដ្ឋណាមិនគោរពច្បាប់នេះ ឬក៏ធ្វើអ្វីដែលអាជ្ញាធរចាត់ទុកថា ជាការរារាំងកិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែរហូតដល់១០ ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ១០លានរៀល ដោយនេះមិនទាន់គិតពីទោសព្រហ្មទណ្ឌដទៃទៀតនៅឡើយទេ។ ចំពោះអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានវិញ គឺនឹងត្រូវពិន័យជាប្រាក់ចន្លោះពីជាង១ ម៉ឺនដុល្លាររហូតដល់២៥ ម៉ឺនដុល្លារអាមេរិក បើមិនគោរព ឬបង្កការរារាំងចំពោះការអនុវត្តច្បាប់នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅពេលថ្មីៗនេះថា ច្បាប់នេះធ្វើឡើងដើម្បីទុកជាឧបករណ៍ផ្នែកច្បាប់ដើម្បីអនុវត្តមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ គឺនៅពេលព្រះមហាក្សត្រដាក់ប្រទេសក្នុងភាពអាសន្ន។ លោកបកស្រាយថា ច្បាប់នេះគ្មានគោលដៅគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ ឬធ្វើបាបក្រុមណាមួយនោះឡើយ ក៏ប៉ុន្តែដើម្បីគោលដៅទុកប្រើនៅពេលសភាពការណ៍ត្រួតត្រាលែងបាន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបកស្រាយឱ្យច្បាស់ទេថា តើសភាពការណ៍បែបណាឱ្យប្រាកដដែលលោកនឹងប្រើច្បាប់នេះ ព្រោះលោកបានសារភាពរួចហើយថា ទោះជាគ្មានច្បាប់ក៏លោកអាចប្រើកម្លាំងបង្ក្រាបពលរដ្ឋបានដែរ៖ «កាលណាសភាពការណ៍ត្រួតត្រាលែងបានដោយបទបញ្ជា ដោយការអំពាវនាវហើយ គេដាក់ហើយ កុំឆ្ងល់ពេក និយាយជារួមអ៊ីចឹងតែម្តងទៅ ឱ្យវាស្រួលស្តាប់។ អាហ្នឹងវាត្រូវអ៊ីចឹង ប្រទេសណាក៏គេធ្វើអ៊ីចឹង។ ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន ? ហើយមកបន្ទោសថា ឆ្លៀតយកអាកូវីដ ដើម្បីធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីបំបិទមាត់ សិទ្ធិអ្នកបញ្ចេញមតិនៅពេលក្រោយ។ យី ! ហ្អែង ចង្រៃមែនតែម្ដងវ៉ី»។
ទោះជាយ៉ាងណា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើហ្វេសប៊ុកនៅថ្ងៃទី១០ មេសាថា លោក ហ៊ុន សែន ធ្វើច្បាប់នេះឡើង ទុកប្រើនៅពេលគាត់ផ្ទេរអំណាចទៅឱ្យកូននៅក្នុងពេល១ ឆ្នាំ ឬ២ ឆ្នាំខាងមុខទៀតនេះ។ លោកជឿថា នៅពេលផ្ទេរអំណាចនោះ លោក ហ៊ុន សែន នឹងប្រើច្បាប់នេះដើម្បីកម្ចាត់នរណាដែលហ៊ានប្រឆាំងនឹងបំណងរបស់គាត់ ជាពិសេសគឺមន្ត្រីក្នុងជួរបក្សប្រជាជនកម្ពុជាខ្លួនឯង និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដែលមិនពេញចិត្តរបបគ្រួសារនិយមដឹកនាំដោយត្រកូល ហ៊ុន។
មេដឹកនាំបក្សប្រឆាំងរូបនេះ ចាត់ទុកការអនុម័តសេចក្តីព្រាងច្បាប់នេះ ថាជាការធ្វើរដ្ឋប្រហារជាថ្មីម្តងទៀតពីសំណាក់លោក ហ៊ុន សែន។ លោក សម រង្ស៊ី រៀបរាប់ថា លោក ហ៊ុន សែន បានប្លន់អំណាចពីពលរដ្ឋម្តងរួចទៅហើយតាមរយៈការបោះឆ្នោតក្លែងក្លាយកាលពីខែកក្កដា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១០ មេសា គាត់បានប្លន់អំណាចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ទុកសម្រាប់ត្រកូល ហ៊ុន របស់គាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។