តុលាការក្រុងភ្នំពេញ បានបញ្ចប់សវនាការជំនុំជម្រះលើសំណុំរឿងវាយតំណាងរាស្ត្រហើយ នៅថ្ងៃទី១០ ខែឧសភា នេះ។ ជនជាប់ចោទទាំងបីរូបបានសារភាពថា ខ្លួនពិតជាបានវាយតំណាងរាស្ត្រមែន ប៉ុន្តែគេមិនស្គាល់ថា ជនរងគ្រោះនោះជាតំណាងរាស្ត្រទេពេលប្រព្រឹត្តហិង្សា។ ពួកគេស្នើទៅតុលាការទម្លាក់បទចោទមួយចោល ក្នុងចំណោមបទចោទចំនួនពីរដែលតុលាការបានចោទប្រកាន់។
នៅក្នុងសវនាការជំនុំជម្រះ តុលាការសាកសួរជនជាប់ចោទតែពីររូបទេ គឺលោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ខណៈលោក ចាយ សារិទ្ធ ត្រូវបានតុលាការសាកសួររួចហើយកាលពីពេលថ្មីៗនេះ។ ពួកគេបានសារភាពអំពីមូលហេតុដែលប្រើហិង្សាលើតំណាងរាស្ត្រ គឺដោយសារតំណាងរាស្ត្របក្សសង្គ្រោះជាតិ បានជេរពួកគេថា "អាយ៉ងយួន"។ តុលាការចោទអ្នកទាំងបី ចំនួនពីរបទល្មើស គឺហិង្សាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញមានស្ថានទម្ងន់ទោស។
ជនជាប់ចោទទាំងបីរូបសារភាពថា ពួកគេធ្វើការនៅក្នុងនាយកដ្ឋានកងអង្គរក្ស ស្ថិតនៅក្នុងក្រុមដឺបេ (2B) (ការិយាល័យទី២ទទួលបន្ទុកយកព័ត៌មាន) ប៉ុន្តែមិនបញ្ជាក់លំអិតអំពីការព័ត៌មានទាក់ទងកន្លែងធ្វើការងារឡើយ។
លោក ម៉ៅ ហឿន ដែលដៃទាំងពីរជាប់ខ្នោះស្ថិតក្នុងសំលៀកបំពាក់ពណ៌ស្លាទំ ព្រមទាំងជក់បារីពេលចុះពីលើឡានផងនោះ ត្រូវតុលាការសាកសួរមុនគេ។ ជនសង្ស័យរូបនេះ បំភ្លឺនៅក្នុងសវនាការថា បានបម្រើការងារជាអង្គរក្សបានជាង ៣ឆ្នាំមកហើយ ព្រមទាំងបានទៅរៀននៅប្រទេសវៀតណាម ផងដែរ ប៉ុន្តែមិនបញ្ជាក់ទៅរៀនផ្នែកអីនោះទេ។
ជនជាប់ចោទដដែលបន្តថា មូលហេតុដែលគេទៅមុខវិមានរដ្ឋសភាកាលពីចុងខែតុលា ព្រោះទៅប្រមូលព័ត៌មានដើម្បីផ្ដល់របាយការណ៍ទៅអង្គការប្រជុំរៀងរាល់ថ្ងៃចុងសប្ដាហ៍។ លោកបន្តថា បានជិះម៉ូតូទៅមុខរដ្ឋសភាជាមួយលោក សុត វណ្ណនី ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ គេមិនបាននៅជាមួយគ្នាទេ។ លោកថា មូលហេតុដែលឈានដល់ការប្រើហិង្សាលើតំណាងរាស្ត្រ ព្រោះតំណាងនោះបានជេរគេថា "អាយ៉ងយួន" ហើយគោលបំណងវាយនេះ គឺជាការព្រមានដើម្បីកុំឲ្យជេរគេជេរឯងតាមផ្លូវទៀត។
បុរសមានសម្បុរខ្មៅដែលអះអាងថារៀនបានត្រឹមថ្នាក់ទី៤ សារភាពថា លោកសម្រេចចិត្តមកសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ព្រោះមានអ្នកកាប់អុសម្នាក់ជាអ្នកជិតខាងរបស់លោកប្រាប់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យជនប្រព្រឹត្តចូលខ្លួនមកសារភាពទើបលោកចេញមកសារភាព។
សវនាការជំនុំជម្រះពេញមួយថ្ងៃទី១០ ខែឧសភា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា អនុញ្ញាតឲ្យសាក្សីពីរនាក់ចូលផ្ដល់ចម្លើយ ម្នាក់ជាសន្តិសុខមកពីរដ្ឋសភា និងម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី ខណៈសាក្សីមួយចំនួនទៀតអវត្តមាន ក្នុងនោះក៏មានអ្នកបើកឡានឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងការវាយប្រហារគឺលោក គង់ សភា។ ក្រៅពីសាក្សីក៏មានបង្ហាញភស្តុតាងជាសំណាកឈាម និងបំណែកកញ្ចក់ឡានដែលរងការវាយកម្ទេច ការផ្ដល់ចម្លើយរបស់ក្រុមសមត្ថកិច្ច និងចុងក្រោយគឺការចាក់បញ្ចាំងខ្សែវីដេអូវាយតំណាងរាស្ត្រ។
ជនជាប់ចោទ សុត វណ្ណនី បានសារភាពនៅពេលនេះដែរថា គេបានបម្រើការងារជាអង្គរក្ស ២០ឆ្នាំមកហើយ។ មូលហេតុលោក សុត វណ្ណនី ទៅកន្លែងកើតហេតុដូចលោក ម៉ៅ ហឿន ដើម្បីសង្កេតការណ៍ និងប្រមូលព័ត៌មាន។ លោកថា ក្នុងពេលមានមនុស្សវាយតំណាងរាស្ត្រ លោកចូលទៅឃាត់ទេ ប៉ុន្តែក្នុងតំណាងរាស្ត្រដដែលនោះនៅតែជេរថា "ពួកអាយ៉ងយួន" ដដែលនោះ ធ្វើឲ្យទប់កំហឹងមិនជាប់ក៏ទាត់បីជើង ប៉ុន្តែទាត់ត្រូវតែមួយជើងទេ ចំឆ្អឹងជំនី និងវាយមួយដៃ។ ជនជាប់ចោទដដែលសារភាពទៀតថា មូលហេតុដែលលោកចេញមកសារភាព ព្រោះឃើញគេបង្ហោះតាមហ្វេសប៊ុក ទើបលោកសម្រេចមកសារភាព ដោយសារមិនចង់រត់គេចបន្តទៀត។
ហិង្សានេះបានកើតបន្ទាប់ពីមានបាតុកម្មដែលព្យាយាមទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា នៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ បាតុកម្មកាលនោះ ត្រូវគេកត់សំគាល់ឃើញថា គឺភាគច្រើនជាកម្លាំងសន្តិសុខតាមខណ្ឌ និងកងអង្គរក្សច្រើនជាងពលរដ្ឋ។ ការទាមទារនៅពេលនោះ កម្លាំងអ្នកតវ៉ា គឺជាបុរសដ៏ច្រើនលើសលប់ខុសពីបាតុកម្មតវ៉ារឿងដីធ្លី និងទាមទារដំឡើងប្រាក់ខែជាដើម។
ជនជាប់ចោទទាំង៣នេះ បានចូលខ្លួនសារភាពទទួលកំហុសថា ខ្លួនជាអ្នកវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ក្រោយពីលោក ហ៊ុន សែន អំពាវនាវឲ្យអ្នកប្រព្រឹត្តបទល្មើសចូលសារភាពកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦។
តំណាងរាស្ត្រទាំងពីររូបស្នើទៅតុលាការឲ្យផ្ដន្ទាទោសឲ្យសមនឹងទង្វើរបស់ពាក្យពួកគេ ព្រមទាំងទាមប្ដឹងទាមទារសំណងជាទឹកប្រាក់ចំនួន ១០០លានរៀល។ តំណាងរាស្ត្រទាំងពីររូបមិនមានវត្តមាននៅក្នុងបន្ទប់សវនាការទេ។
បើទោះជនជាប់ចោទទាំងបីនាក់ទទួលស្គាល់ថា ពួកគេបានប្រើហិង្សាលើតំណាងរាស្ត្រមែន ប៉ុន្តែបដិសេធថា មិនបានវាយដំ ឬបំផ្លិចបំផ្លាញឡានរបស់តំណាងរាស្ត្រទាំងពីរគ្រឿងនោះទេ។
ចុងបញ្ចប់នៃសវនាការ មេធាវីការពារក្តីជនរងគ្រោះស្នើទៅតុលាការឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារជនប្រព្រឹត្តជាអតិបរមា និងបន្តទាមទារសំជំងឺចិត្តជាទឹកប្រាក់ ១០០លានរៀលដដែល ដោយប្រកាន់ថា អ្នកទាំង ៣រូបធ្វើការជាក្រុម។ ប៉ុន្តែមេធាវីការពារក្តីជនជាប់ចោទស្នើតុលាការឲ្យបន្ធូរបន្ថយទោស ដោយលើកហេតុផលថា ក្តីរបស់ខ្លួនបានចេញមកសារភាពកំហុស។
ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីជនរងគ្រោះ ជូង ជូងី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកយល់ថា កូនក្ដីរបស់លោកនឹងទទួលបានយុត្តិធម៌៖ «ខ្ញុំមានជំនឿថា ទទួលបានយុត្តិធម៌ ប៉ុន្តែមិនបានពេញលេញអីប៉ុន្មានទេ ព្រោះផល់ប៉ះពាល់លើតំណាងរាស្ត្រធ្ងន់ ហើយបញ្ហាផ្លូវចិត្ត និងសុខភាពមិនអាចយកលុយមកទិញបាន»។
ចំណែកជនជាប់ចោទម្នាក់ឈ្មោះ សុត វណ្ណនី ក្នុងចំណោម ៣នាក់ បានផ្ដល់បទសម្ភាសន៍មកវិទ្យុអាស៊ីសេរី ថា លោកសុំទោស និងសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលវាយតំណាងរាស្ត្របក្សប្រឆាំង៖ «ស្នើទៅតុលាការមេត្តាបន្ធូរបន្ថយទោសដល់រូបខ្ញុំបាទ ខ្ញុំបាទដឹងកំហុសហើយ។ ខ្ញុំមានពាក្យនិយាយទៅកាន់តំណាងរាស្ត្រដែលខ្ញុំវាយដែរ ខ្ញុំសូមទោសគាត់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។