តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ប្រធានសហជីពកញ្ញា ស កណិកា នៅចុងខែមករា។ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឲ្យមានការដោះលែងកញ្ញា ស កណិកា និងអ្នកជាប់ឃុំផ្សេងទៀត ដោយសារសកម្មភាពតវ៉ាឲ្យដោះលែង លោក រ៉ុង ឈុន។
មេធាវីការពារក្ដីឲ្យ កញ្ញា ស កណិកា គឺលោកមេធាវី ជូង ជូងី ជំរុញឲ្យចៅក្រមតុលាការកំពូលដោះលែងកូនក្ដីឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយអះអាងថា កញ្ញា មិនបានប្រព្រឹត្តិបទល្មើសញុះញង់ឡើយ។ លោកមេធាវីបន្តថា ការឃុំខ្លួនច្រើនខែមកនេះ បណ្ដាលឲ្យកូនក្ដី មានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ លោកថា ក្រុមមេធាវីទាំង ៣នាក់ ចង់ឲ្យតុលាការកំពូល ដោះលែងកូនក្ដី ដើម្បីឲ្យកញ្ញា ស កណិកា មានឱកាស បានបង្កើនស្មារតី ត្រៀមតតាំងក្ដី នៅពេលខាងមុខ៖ « ហើយនៅពេលដែលគាត់ជាប់ឃុំអ៊ីចឹង វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ស្មារតីរបស់គាត់។ គាត់មិនអាចការពារសិទ្ធិគាត់បានល្អ ដូចគាត់ នៅក្រៅឃុំទេ។ អ៊ីចឹង ក្រុមខ្ញុំជាសហមេធាវី សុំឲ្យតុលាការកំពូល ផ្ដល់សិទ្ធិឲ្យគាត់នៅក្រៅឃុំ ដើម្បីឲ្យគាត់អាចព្យាបាលជំងឺគាត់បានល្អ ហើយប្រើសិទ្ធិការពារសិទ្ធិបានល្អ»។
នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ហៅកាត់ស៊ីឡា (CILA) កញ្ញា ស កណិកា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងសកម្មភាពចូលរួមតវ៉ា នៅខាងមុខតុលាការ ទាមទារឲ្យដោះលែងអ្នកឃ្លាំមើលព្រំដែន និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ។
ម្ដាយរបស់កញ្ញា ស កណិកា គឺលោកស្រី ជឹម សុផល ទទូចឲ្យតុលាការកំពូលដោះលែងកូនស្រីវិញ។ លោកស្រីអះអាងថា កញ្ញា ស កណិកា ជាមនុស្សស្អាតស្អំ ស្លូតបូត និងគ្មានលទ្ធភាពបង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមទេ៖ « រាល់ថ្ងៃ ខ្ញុំទាល់ដៃច្រើន ហើយខ្ញុំឈឺផងម្នាក់ឯងអ្វីអ៊ីចឹង។ ចង់ឲ្យបានគេដោះលែង»។
ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើអង្គសេចក្ដី កញ្ញា ស កណិកា និងលោក រ៉ុង ឈុន នៅថ្ងៃទី១៥ មករា។
នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួន និងចោទប្រកាន់សកម្មជនសង្គមទាំងអស់ ពាក់ព័ន្ធនឹងការតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន គឺមានហេតុផលនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ លោកបន្តថា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ សុទ្ធតែសម្ដែងការព្រួយបារម្ភចំពោះការចាប់ខ្លួន ក្រុមសកម្មជនសង្គមកន្លងមកថា ជាការរឹតត្បិត និងរំលោភសិទ្ធិសម្ដែងមតិធ្ងន់ធ្ងរ៖ « អ៊ីចឹង គេមើលឃើញថា ការចាប់ខ្លួន ចាប់ពីលោក រ៉ុង ឈុន មកដល់បច្ចុប្បន្ននេះ ជាករណីនយោបាយ ច្រើនជាងការអនុវត្តច្បាប់»។
រយៈពេលពេញមួយឆ្នាំ២០២០ នគរបាលបានចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គម ព្រំដែន ព្រះសង្ឃ អ្នកសារព័ត៌មាន អ្នកច្រៀងរិះគន់ និងអ្នកតវ៉ាសម្ដែងមតិ ៦៤នាក់។ មន្ត្រីតុលាការ បានចោទប្រកាន់ពួកគេ ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ញុះញង់មិនឱ្យយោធិនស្ដាប់បញ្ជា និងការជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម។ តែយ៉ាងណា ក្រុមអង្គការអង្គការសិទ្ធិមនុស្ស ថ្កោលទោសការចាប់ខ្លួននេះជាបន្តបន្ទាប់ និងហៅការបង្ក្រាបនេះថា ជារំលោភបំពានសិទ្ធិពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។