តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ១០នាក់ ដោយសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការដដែល នៅព្រឹកថ្ងៃទី១៤ សីហា។ ជាមួយគ្នានេះប្រពន្ធ និងកូនរបស់សកម្មជនបក្សប្រឆាំងប្រមាណ២០នាក់ នាំគ្នាតវ៉ានៅមុខតុលាការកំពូល ទាមទារឱ្យតុលាការដោះលែងប្ដី និងឪពុករបស់គេឱ្យមានសេរីភាពវិញ។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងទាំង ១០រូប លោក សំ សុគង់ មានប្រសាសន៍ថា លោកសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការកំពូល ដែលបានតម្កល់សំណុំរឿងរបស់កូនក្ដីលោកដោយឥតចាត់ការនេះ។ លោកថា មេធាវីមានភស្តុតាងគ្រប់គ្រាន់ដែលតុលាការគួរតែយកជាមូលដ្ឋាន ក្នុងការអនុញ្ញាតឱ្យកូនក្ដីរបស់លោកនៅក្រៅឃុំបណ្ដោះអាសន្នបាន។ លោកចាត់ទុកការសម្រេចរបស់តុលាការនេះថា ជាការញាំញីធ្វើឱ្យកូនក្ដីរបស់លោកជួបការលំបាកកាន់តែខ្លាំង៖ «បើយោងតាមបញ្ញត្តិមាត្រា២០៣ ២០៤ និង ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការកំពូលគួរតែអនុញ្ញាត ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្ដោះអាសន្នដោយសារពួកគាត់ ស្ថិតនៅស្ថានភាពមួយត្រូវការនៅក្រៅឃុំ ដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះដោយសារតែ បញ្ហាការរីករាលដាលជំងឺកូវីដ១៩ ហើយក្រុមគ្រួសារគាត់ហ្នឹង ត្រូវពឹងផ្អែកលើពួកគាត់ទាំងស្រុងតែម្ដង»។
លោកមេធាវី សំ សុគង់ បន្តថា លោកនឹងជួបកូនក្ដីរបស់លោកឆាប់ៗនេះ ដើម្បីពិភាក្សាថា តើនឹងប្ដឹងសុំនៅក្រៅឃុំម្តងទៀតឬក៏យ៉ាងណា។
សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១០នាក់ ដែលប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ននេះមាន ដូចជា លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រិក លោក ថៃ គន្ធា លោក កែវ ថៃ និងលោក ឃឹម ភាណា ជាដើម។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្ត បន្ទាប់ចាប់តាំងពីខែមករារហូតមក។ តុលាការ បានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយដាក់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ព្រោះសកម្មជនខ្លះមានជំងឺប្រចាំកាយ ដែលត្រូវទទួលការព្យាបាលនៅក្រៅពន្ធនាគារ ហើយម្យ៉ាងទៀត ពួកគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ដែលគួរបាននៅក្រៅឃុំ។
ស្របពេលតុលាការកំពូលប្រកាសសាលដីកានេះ គ្រួសារសកម្មជនបក្សប្រឆាំងទាំងនោះបានប្រមូលផ្តុំគ្នានៅមុខតុលាការ ដោយពួកគាត់ចង់ជួបប្តី និងឪពុក ដែលត្រូវបានឆ្មាំពន្ធនាគារបញ្ជូនមកស្តាប់សាលដីកា។
ទោះជាយ៉ាងណា កងសន្តិសុខសាលារាជធានីភ្នំពេញប្រចាំនៅមុខតុលាការកំពូល បានចេញមករារាំង ប្រពន្ធនិងកូនសកម្មជននយោបាយទាំងនោះមិនឱ្យចូលទៅក្នុងបរិវេណតុលាការកំពូលឡើយ។
ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោកស្រី សុខ បូលីម៉ា ថ្លែងថា ពួកលោកស្រីចំនួន៧នាក់ ចង់យកបាយម្ហូប និងថវិកាឱ្យប្ដីនៅក្នុងតុលាការ ប៉ុន្តែក្រុមសន្តិសុខទាំងនោះមិនអនុញ្ញាតឡើយ៖ «និយាយរួមទៅ រៀបថាគេចង់យើងចេញពីត្រង់ហ្នឹង តែខ្ញុំអត់ចេញខ្ញុំក្រាញយំ នៅមុខតុលាការហ្នឹង។ ខ្ញុំអង្គុយសំពះសុំប៉ូលិសយាមនៅហ្នឹងក៏គេមិនឱ្យខ្ញុំចូលទៅដែរ គេដេញខ្ញុំថា ចូលទៅធ្វើអី ខ្ញុំថាយីប្ដីខ្ញុំ បើគេមិនឱ្យខ្ញុំចូល ប្ដីខ្ញុំពេលខ្ញុំទៅជួបប្ដីនៅពន្ធនាគារព្រៃសម្ដងចំណាយលុយច្រើនណាស់ខ្ញុំមិនមានលទ្ធភាពទេ បើនៅមុខតុលាការ ខ្ញុំបានជួបគាត់ទៅ ខ្ញុំហុចលុយឱ្យគាត់ផ្ទាល់ក៏ខ្ញុំអស់ចិត្តដែរ នេះអត់ទាល់តែសោះ»។
លោកមេធាវី សំ សុគង់ ចាត់ទុកការរារាំងមិនឱ្យសាច់ញាតិចូលជួបជនជាប់ឃុំនៅក្នុងតុលាការនេះថា ជាទង្វើខុសច្បាប់។
ប្រពន្ធ និងកូនសកម្មជនបក្សប្រឆាំងទាំងនោះគ្រោងនាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដី និងឪពុករបស់ពួកគេនៅថ្ងៃសុក្រសប្ដាហ៍ក្រោយទៀត ហើយព្រមានថានឹងតវ៉ាជាបន្តបន្ទាប់រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។