តុលាការខេត្តត្បូងឃ្មុំសម្រេចផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី សរុប១៤នាក់ដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ពី ២ ទៅ ៤លានរៀល។ ក្រុមគ្រួសារសកម្មជនទាំងនោះចាត់ទុកសេចក្តីសម្រេចនេះថា ជារឿងអយុត្តិធម៌ ខណៈមន្ត្រីសង្គមស៊ីវិលចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សាលាដំបូងខេត្តត្បូងឃ្មុំប្រកាសសាលក្រមនៅថ្ងៃទី២ កក្កដា ដោយសម្រេចផ្ដន្ទាទោសសកម្មជននយោបាយ១២នាក់ និងសកម្មជនដីធ្លី២នាក់ ដាក់ពន្ធនាគារម្នាក់មួយឆ្នាំពីបទផ្តើមគំនិត សមគំនិត និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងលោក សំ សុគង់ យល់ថា សេចក្តីសម្រេចរបស់តុលាការនេះអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ព្រោះពួកគេមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោកបញ្ជាក់ថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការខេត្តត្បូងឃ្មុំនេះ៖ «ក្រុមមេធាវីការពារយល់ឃើញថា ការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៤លានរៀលនេះ គឺក្រុមមេធាវីយល់ឃើញថាមិនទាន់ទទួលយកបានដោយសារមិនទាន់ផ្តល់ភាពយុត្តិធម៌ដល់កូនក្តី ដោយសារកូនក្តីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេទីមួយ ទីពីរពាក់ព័ន្ធទៅនឹងអង្គហេតុនេះគឺមិនមានអង្គហេតុណាពាក់ព័ន្ធនឹងការញុះញង់ហើយក៏មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ឬក៏គាំទ្រចំពោះការចោទប្រកាន់ពីបទញុះញង់ដែរ»។
ក្នុងចំណោមមនុស្សទាំង ១៤នាក់ដែលតុលាការបានផ្ដន្ទាទោសនេះ មាន ៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ហើយ ៦នាក់ទៀតកំពុងរត់គេចខ្លួន។ ក្នុងចំណោមអ្នកជាប់ឃុំទាំង ៨នាក់ មាន ៦នាក់ គឺជាសកម្មជនបក្សប្រឆាំង មានជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និងលោកស្រី ខន ទន។ ចំណែកពីរនាក់ទៀត ពួកគាត់ជាតំណាងសហគមន៍កសិករ និងសកម្មជនដីធ្លី រួមមាន លោក ផុន សុផល និងលោក សែម ចំណាន។ អាជ្ញាធរបានចាប់ខ្លួនពួកគេជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ ដោយសាររឿងពាក់អាវដែលមានពាក្យថា អរគុណសន្តិភាពតែត្រូវគោរពមាត្រា២ នៃរដ្ឋធម្មនុញ្ញ និងការប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានទូតចិន នៅរាជធានីភ្នំពេញ អំឡុងខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា។
ជុំវិញរឿងនេះ ប្រពន្ធសកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំលោក ស៊ូ យ៉ាន គឺលោកស្រី ស្រី សៀត ខកចិត្តជាខ្លាំងដែលតុលាការខេត្តត្បូងឃ្មុំសម្រេចផ្ដន្ទាទោសប្តីលោកស្រីដាក់ពន្ធនាគារមួយឆ្នាំនិងពិន័យជាប្រាក់ជាប្រាក់៤លានរៀល។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះថា ប្តីលោកស្រីមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយលោកស្រីចាត់ទុកសាលក្រមនេះជារឿងអយុត្តិធម៌។ លោកស្នើសុំឱ្យតុលាការជាន់ខ្ពស់ទំលាក់ចោលការចោទប្រកាន់ និងដោះលែងប្តីលោកស្រីឱ្យមានសេរីភាពឡើងវិញ ព្រោះប្តីលោកស្រីក៏កំពុងមានជំងឺប្រចាំកាយនៅក្នុងពន្ធនាគារដែលត្រូវការព្យាបាលនិងយកចិត្តទុកដាក់ពីគ្រួសារ៖ « ចា៎ខ្ញុំសូមសំណូមពារឱ្យអន្តរជាតិនិងអង្គការនានាជួយវិភាគមើលប្តីខ្ញុំផងថាតើប្តីខ្ញុំខុសអីធ្ងន់ធ្ងរដែរអត់ ប្តីខ្ញុំជាប់ទោសមួយឆ្នាំបង់លុយ៤លានដោយសារនយោបាយ អយុត្តិធម៌មែនព្រោះប្តីខ្ញុំមិនខុសអីផង ទំលាក់ចោទប្រកាន់នានាកុំឱ្យចោទប្រកាន់ប្តីខ្ញុំព្រោះប្តីខ្ញុំគ្មានទោសកំហុសអីទេចា៎»។
ស្រដៀងគ្នានេះដែរ ម្តាយសកម្មជនដីធ្លី កំពុងជាប់ឃុំលោក ផុន សុផល គឺលោកស្រី ភឹម វឹត លើកឡើងថា លោកស្រីមិនអាចទទួលយកសេចក្តីសម្រេចរបស់តុលាការខេត្តត្បូងឃ្មុំបាននោះទេ ព្រោះកូនប្រុសលោកស្រីមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការខេត្តនេះឡើយ។ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ បន្ថែមថា ការផ្ដន្ទាទោសនិងបន្តឃុំខ្លួនកូនលោកស្រីបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ជាពិសេសកូនប្រសារនិងចៅរបស់លោកស្រី កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនដោយសារបាត់បង់មេគ្រួសារ៖ «ខ្ញុំថាឱ្យដោះលែងមកបើមិនមិនដោះលែងខ្ញុំមិនព្រមទេ និយាយអ៊ីចឹងកូនខ្ញុំគ្មានកំហុសអីទេ ខ្ញុំពិបាកណាស់ខ្ញុំប្រាប់ដោយត្រង់កូនខ្ញុំក៏ឈឺខ្ញុំក៏ឈឺហើយប្រពន្ធវាក៏កូនខ្ចីមិនដឹងរកអីដាក់អីទេ ស៊ីតែឈ្នួលគេទេទំរាំបានហូប ខ្ញុំបានអីបើឱ្យកូនរាល់ខែខ្ញុំឯនេះរកតែហូបមិនបានផង»។
ដូចគ្នានឹងមេធាវី និងគ្រួសាររបស់សកម្មជនទាំងនោះដែរ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សសោកស្តាយចំពោះការសម្រេចរបស់តុលាការខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ សកម្មជនទាំងនោះមិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយសកម្មភាពរបស់ពួកគាត់គឺជាការប្រើប្រាស់សិទ្ធិក្នុងនាមប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមជីវភាពនយោបាយ និងសម្ដែងមតិស្របតាមច្បាប់៖ « រឿងសកម្មជននយោបាយ ក៏ដូចសកម្មជនសង្គម ឬសកម្មជនបរិស្ថានទាំងអស់ហ្នឹងខាងសង្គមស៊ីវិលយើងតែងចាត់ទុក្ខថា ជាករណីនយោបាយជាងករណីអនុវត្តច្បាប់ មិនសមណានឹងពួកគាត់មានទោសទណ្ឌអ្វីនោះទេ ពីព្រោះរឿងទាំងអស់នេះពួកគាត់បានអនុវត្តនូវសិទ្ធិរបស់ពួកកាត់ក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យអាស្រ័យដោយរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនដែលផ្តល់សិទ្ធិឱ្យពួកគាត់ចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយសេដ្ឋកិច្ចទាំងអស់ហ្នឹង»។
ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ខែមិថុនា ឆ្នាំ២០២១ នេះ អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនបរិស្ថាន ព្រះសង្ឃខ្មែរថាវរៈ សកម្មជនសង្គម និងក្រុមយុវជនចំនួនប្រមាណ៨០នាក់ហើយដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ ញុះញង់ និងបទប្រមាថថ្នាក់ដឹកនាំ ដែលជាបទចោទពេញនិយមរបស់ព្រះរាជអាជ្ញា ហើយត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា ជាការចោទប្រកាន់តាមទំនើងចិត្ត។
សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានបញ្ចេញប្រតិកម្មថ្កោលទោសករណីទាំងនេះ និងទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំក្នុងសំណុំរឿងនយោបាយទាំងនោះឱ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។