តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា កាត់ទោសប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ (CTSWF) លោក ម៉ម រីទ្ធី ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
សហជីព និងសង្គមសម្ដែងការសោកស្ដាយ និងចាត់ទុកការយកច្បាប់ព្រហ្មទណ្ឌ មកធ្វើការចោទប្រកាន់នេះ ថា ជារឿងអយុត្តិធម៌ និងជាការបំភិតបំភ័យ និងយាយីដល់សិទ្ធិរបស់សហជីព។
ក្នុងដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ បានកាត់ទោសឱ្យលោក ម៉ម រីទ្ធី ជាប់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀលផងដែរ។
ជុំវិញរឿងនេះ សហភាពការងារកម្ពុជា (CLC) បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៨ ខែឧសភា ដោយចាត់ទុកការចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមៗ តាមអំណាចសាលក្រមកំបាំងមុខនេះថា ជាសកម្មភាពបំភិតបំភ័យ សម្លុត និងយាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត។
មួយវិញទៀត ការចាប់មេដឹកនាំសហជីពរូបនេះ គឺជាការបង្កឧបសគ្គដល់ការប្រើប្រាស់សិទ្ធិសហជីព ការរំខានធ្ងន់ធ្ងរដល់សិទ្ធិសហជីព ការរំលោភបំពានលើគោលការណ៍សេរីភាពសមាគម និងការវាយប្រហារធ្ងន់ធ្ងរលើសិទ្ធិសហជីព។
សហភាពការងារកម្ពុជា ថា ការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទប្រកាន់ និងចាប់ខ្លួនមកលើ លោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល ដោយសារតែការបញ្ចេញមតិរបស់លោក គឺក្នុងគោលដៅស្ថាបនា និងកែតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានសមស្រប និងមានតម្លាភាពរបស់សមត្ថកិច្ច ខេត្តព្រះសីហនុ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែឧសភា ដោយចាត់ទុកករណីនេះ ថា ជាការគំរាមកំហែងសកម្មភាពសហជីព។
លោក អាត់ ធន់៖ «គាត់គ្រាន់តែធ្វើការបម្រើកម្មករ ក្នុងជាសហជីពទេ។ អ្វីដែលគាត់ គឺគាត់ជួយក្មេង ដែលត្រូវគេចាប់ឃុំ ហើយទីបំផុតគាត់ត្រូវបានប្ដឹងចោទប្រកាន់ធ្ងន់ធ្ងរ ថាអាហ្នឹងជារឿងយុត្តិធម៌ និងបំភិតបំភ័យទៅលើគាត់ធ្ងន់ធ្ងរ»។
រីឯប្រពន្ធរបស់លោក ម៉ម រីទ្ធី គឺលោកស្រី គង់ សុដា អំពាវនាវឱ្យតុលាការ និងសមត្ថកិច្ចដោះលែងបី្ដឱ្យមានសេរីភាពវិញ ដោយលោកស្រីថា ប្ដីរបស់គាត់មិនបានធ្វើខុសឡើយ។
លោកស្រី គង់ សុដា៖ «បើសំណូមពររបស់ខ្ញុំ គឺឱ្យក្រុមអាជ្ញាធរនិងក្រុមការងារគាត់ជួយឱ្យគាត់បានចេញមកខាងក្រៅឃុំអ៊ីចឹង»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែឧសភា ថា ប្រសិនបើភាគីពាក់ព័ន្ធមិនសុខចិត្តការសម្រេចរបស់តុលាការនោះ គឺអាចប្ដឹងទៅតុលាការជាន់ខ្ពស់បន្តទៀតបាន។
លោក អ៊ី រិន្ទ៖ «តុលាការគាត់សម្រេចហើយ ហើយបើអ្នកកើតទុក្ខមិនសុខចិត្តអីអាចប្ដឹងឧទ្ធរណ៍បាន»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៨ ខែឧសភា ថា ករណីចាប់ខ្លួននេះ ជាការធ្វើទុក្ខបុកម្នេញ ការរំលោភបំពាន ការយាយីទៅលើការធ្វើសកម្មភាព និងការងាររបស់មេដឹកនាំសហជីព។
លោកថា ចំណុចទាំងអស់នេះ តែងតែត្រូវសហគមន៍ជាតិ និងអន្តរជាតិរិះគន់ អំពីការរំលោភបំពាន ការរឹតត្បិតលើសិទ្ធិសេរីភាពនៃសហជីព និងការងារជាដើម។
លោក អំ សំអាត៖ «យើងអត់ចង់ឃើញការរិះគន់ ការលើកឡើងជាដដែល ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសហជីព សិទ្ធិមនុស្សនៅក្នុងកម្ពុជាទេ។ យើងការគោរពទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ បទដ្ឋានស្ដីអំពីសិទ្ធិមនុស្ស ដែលកម្ពុជាទទួលស្គាល់ ដូចជា ច្បាប់អន្តរជាតិស្ដីពីការងារ ហើយនឹងធានាអំពីសិទ្ធិសេរីភាពសហជីពស្របច្បាប់ ដែលការពារផលនូវសហជីព និងផលប្រយោជន៍កម្មករតាមច្បាប់នោះ»។
តុលាការក្រុងភ្នំពេញ កាលពីទី៧ ខែឧសភា បានបញ្ជាឱ្យក្រុមកងកម្លាំង សមត្ថកិច្ចចាប់ខ្លួនលោក ម៉ម រិទ្ធី ដាក់ពន្ធនាគារទៅតាមអំណាចសាលក្រមតុលាការ ដែលសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ករណីលោកបញ្ចេញមតិ រឿងការចាប់ឃុំខ្លួនបុគ្គលិកជាស្ត្រីម្នាក់ ឈ្មោះ ម៉ម ស្រីល័ក្ខណ នៅកាស៊ីណូ ជិនប៉ី ដែលលោកមើលឃើញថា ជារឿងអយុត្តិធម៌ ដែលមេដឹកនាំសហជីពត្រូវចេញមុខជួយការពារ និងទាមទារយុត្តិធម៌។
ក្រោយការប្រឹងប្រែងតស៊ូមតិ ជាមួយក្រុមហ៊ុនអស់ជាច្រើនខែមកនោះ តុលាការខេត្តព្រះសីហនុ បានសម្រេចដោះលែងបុគ្គលិកស្ត្រីរូបនោះ ឱ្យនៅក្រៅឃុំ ប៉ុន្តែបែរជាមានពាក្យប្ដឹងលោក ម៉ម រិទ្ធី ទៅវិញ។
កាស៊ីណូ ជិនប៉ី ដែលលោក ម៉ម រិទ្ធី ប្រឹងតស៊ូមតិទាមទារឱ្យអ្នកស្រី ម៉ម ស្រីល័ក្ខណ នោះ គឺរបស់លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕