តុលាការ​សម្រេច​ឃុំខ្លួន​អ្នកទោស​មេក្លោង​គ្រឿងញៀន និង​បក្ខពួក ១១​នាក់ ពី​បទ​លាង​លុយ និង​បទល្មើស​ផ្សេងទៀត

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​អ្នកទោស​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ និង​បក្ខពួក​ចំនួន ១១​នាក់​ពី​បទ​លាងលុយកខ្វក់ ព្រមទាំង​បទល្មើស​ជាច្រើន​ទៀត និង​បង្គាប់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃស កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពន្លឿន​នីតិវិធី​ស្រាវជ្រាវ​ស្វែងរក​អ្នក​ពាក់ព័ន្ធ ដើម្បី​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កី ម៉ានេរ៉ា សម្រេច​ចេញ​ដីកា​ឃុំខ្លួន​អ្នក​ទោស​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ និង​បក្ខពួក​ចំនួន ១១​នាក់ នៅ​ពន្ធនាការ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃទី៣០ ខែ​សីហា ដោយ​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់ ប្លន់​មាន​ស្ថាន​ទម្ងន់ បង្ខាំង​មាន​ស្ថាន​ទម្ងន់ ក្រុម​ប្រដាប់​អាវុធ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត និង​បទល្មើស​ផ្សេងៗ​ទៀត​។ នេះ​បើ​យោង​តាម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែសីហា​។ ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​បែប​នេះ ក្រោយ​ពី​តំណាង​អយ្យការ លោក វង្ស សាវ៉ាត បាន​បើក​ការ​ស៊ើបសួរ​ក្រុម​ឧក្រិដ្ឋជន​ទាំង ១១​នាក់​ជាច្រើន​ថ្ងៃ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​ពន្ធនាគារ​បាន​បង្កើន​សកម្មភាព​ការពារ​សន្តិសុខ ហើយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​មានការ​ឃុំខ្លួន​ពួកគេ​ដាច់ដោយឡែក​ពី​គ្នា​។ បន្ថែម​ពី​នេះ លោក​បញ្ជាក់​ថា ខាង​ពន្ធនាគារ​ក៏​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ពួកគេ​ចូល​សួរសុខទុក្ខ​ដែរ។

លោក នុត សវនា៖ «អត់​មាន​ឱ្យ[​សាច់ញាតិ​]ចូល​ទេ​ព្រោះ​ស្ថិត​ក្រោម​ការ​រឹត​បន្តឹង​ការងារ​សន្តិសុខ ហើយ​កំពុងProcess [​ដំណើរការ​]ការងារ​ហ្នឹង​យើង​មិនអាច​ឆ្វៀលឆ្វាត់​បាន​ទេ។ កិច្ចការ​គ្រប់គ្រង​ជន​ជាប់ឃុំ​គឺ​បែងចែក​តាម​ចំណាត់ថ្នាក់​សន្តិសុខ និង​ប្រភេទ​បទល្មើស ហើយ​ប្រសិនបើ​បទល្មើស​ណា​ដែល​នៅ​ជុំគ្នា​បង្ក​ឱ្យ​មាន​ហានិភ័យ ខ្ពស់​អាហ្នឹង​ក៏​យើង​បំបែក​គ្នា​ដែរ»។

នគរបាល​ថ្នាក់​ជាតិ និង​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​ចេញ​ប្រតិបត្តិ​ការ​ចាប់​តាម​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ និង​បក្ខ​ពួក​ខ្លួន ១១​នាក់​តាំងពី​យប់​ថ្ងៃទី​១៨ ខែ​សីហា រហូត​ដល់​ថ្ងៃទី​២២ ខែ​សីហា ក្រោយពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ចេញ​ប្រតិបត្តិការ​ប្រដាប់​ដោយ​អាវុធ​សម្រុក​ចូល​ទៅ​រំដោះ​អ្នកទោស​តៃវ៉ាន់​ឈ្មោះ ឆេន ស៊ីន​ហាន (Chen hsin han) ជាប់ទោស​ចំនួន ៥២​ឆ្នាំ ​ពីបទ​ជួញដូរ​គ្រឿងញៀន ក្នុង​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៧ ខែ​សីហា។

ទោះជា​យ៉ាងណា ក្នុង​សន្និសីទកាសែត​របស់​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ កាលពី​ថ្ងៃទី​២៣ ខែ​សីហា ក្នុង​គ្រា​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ថតរូប​ជនសង្ស័យ​ទាំង ៩​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ជា​ស្ត្រី​ចិន​ម្នាក់​បាន​ព្យាយាម​និយាយ​ជា​ភាសា​អង់គ្លេស​ថា ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច មិនមែន​ជា​ការ​ពិត។ បន្ទាប់​មក​មន្ត្រី​អាជ្ញាធរ​បាន​យកដៃ​ទះ​ខ្នង​ស្ត្រីជន​ជាតិចិន​រូប​នោះ ដើម្បី​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​លោក ម៉ក់ ជីតូ ចាត់ទុក​មតិ​រិះគន់​ករណីនេះ​ជា​ការ​រៀបចំ​ឆាកល្ខោន​សម្ដែង​នោះ​ថា ជា​ក្រុម​អ្នកប្រឆាំង​។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា នគរបាល​ជាតិ​កំពុង​រៀបចំ​ឯកសារ​ទៅកាន់​ប៉ូលិស​អាំងទែប៉ូល (Interpol) និង​បាន​ស្នើ​ទៅ​ភ្នាក់ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​អាមេរិក (DA) ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទួរគី និង​ខ្មែរ​សរុប ៨​នាក់​ដែល​កំពុង​រត់គេច​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំដោះ​អ្នកទោស។

លោក ម៉ក់ ជីតូ៖ «កាលណា​ជនសង្ស័យ​រុក​ទៅដល់​ជន​ត្រូវ​ចោទ ជា​ពិរុទ្ធជន​អ៊ីចឹង​អាហ្នឹង​គេ​យក​ទៅ​ឃុំ​សិន​ហើយ រយៈពេល​សវនាការ​អាច ៦​ខែ បទល្មើស​ឧក្រិដ្ឋ​។ ឥឡូវនេះ យើង​កំពុង​តែ​បន្ត​យើង​សហការ​ជាមួយ​ប្រទេសជិតខាង​យើង ត្រូវធ្វើ​ឯកសារ​ទៅ​ខាង​ភ្នាក់ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​អាមេរិក(DA)ជួយ​ស្រាវជ្រាវ​ពាក់ព័ន្ធ​មុខសញ្ញា​ផ្សេងៗ ហើយ​យើង​បាន​រៀបចំ​ឯកសារ​ទៅ​អាំងទែប៉ូល​ចេញ​និវាទក្រហម(Red Notice)»។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ករណីនេះ​ជា​រឿង​ធំ និង​បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន ដ្បិត​ឧក្រិដ្ឋជន​ដែល​មាន​បក្ខពួក​នោះ​ជា​អ្នកមាន​លុយ​ច្រើន។ លោក​ព្រួយ​បារម្ភ​ថា ឧក្រិដ្ឋជន​ដែល​មាន​លុយ​ច្រើន​បែបនេះ ការប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ក៏​ប្រឈម​កើតមាន​ច្រើន​ដែរ ដែល​ធ្វើ​ឱ្យ​ដំណើរការ​ស៊ើប​អង្កេត​គ្មាន​ប្រសិទ្ធភាព។

លោក រស់ សុដ្ឋា៖ «ផ្នែក​តុលាការ​ប្រព័ន្ធ​យុត្តិធម៌ គួរតែ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​ធានា​យុត្តិធម៌ ១០០​ភាគរយ​ដោយ​គ្មាន​ការរើសអើង ដោយ​គ្មាន​បទដ្ឋាន​ពីរ ចំពោះ​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ហ្នឹង។ នៅពេល​វិធានការ​ច្បាប់​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ជនល្មើស​ទាំង​មន្ត្រីជាន់ខ្ពស់​ដែល​មាន​ការ​ពាក់ព័ន្ធ​ផង បូក​ផ្សំ​នឹង​ការអប់រំ ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​នេះ បូក​ផ្សំ​ជាមួយ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ថែមទៀត ខ្ញុំ​គិតថា រឿង​ហ្នឹង​នឹង​ដោះស្រាយ​ចេញ​ហើយ»។

លោក រស់ សុដ្ឋា លើកឡើង​ថា ករណី​ដែល​ស្ត្រីជន​ជាតិចិន​ព្យាយាម​និយាយ​បកស្រាយ​ថា ករណីនេះ​ជា​រឿងប្រឌិត​ក្នុង​សន្និសីទ​កាសែត គឺជា​ចំណុចរសើប​មួយ​ដែល​សមត្ថកិច្ច​មិនអាច​បង្ហាញ​ព័ត៌មាន​ឱ្យ​ទូលំទូលាយ។ លោក​ថា ត្រង់​ចំណុច​នេះ​ជា​តឹកតាង​មួយ​ក្នុង​ការ​ស៊ើបអង្កេត ហើយ​លោក​ស្នើ​ដល់​តុលាការ​បន្ត​ការស៊ើបអង្កេត និង​បែក​សំណុំ​រឿង​នេះ ដោយ​ឈរ​លើ​ភាព​ឯករាជ្យ ដើម្បី​ឱ្យ​មហាជន​អស់​មន្ទិលសង្ស័យ​។ លើស​ពី​នេះ​ទៀត លោក រស់ សុដ្ឋា លើកឡើង​ថា ប្រសិនបើ ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ​ត្រូវ​បាន​គេ​ជួល​ឱ្យមក​សម្ដែង​អាជ្ញាធរ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ករណី​នេះ ហើយ​ក្រុម​ជនល្មើស​ទាំងនោះ​នឹង​ពិបាក​ទទួល​បាន​យុត្តិធម៌ ដោយសារ​មានការ​រារាំង​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។