សភាស៊ើបសួរសាលាឧទ្ធរណ៍នឹងបើកសវនាការបណ្ដឹងស្នើសុំវត្ថុចាប់យករបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅរសៀលថ្ងៃទី៣១ មីនាសប្ដាហ៍ក្រោយនេះ។ ក្រុមប្រឹក្សាជំនុំជម្រះរឿងនេះ មាន៣ រូប គឺលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សា ហើយលោក យូ ប៊ុនណា និងលោក លាង សំណាត់ ជាចៅក្រមប្រឹក្សា អមដោយក្រឡាបញ្ជីលោក កែវ វណ្ណៈ។
មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺលោក សំ ចំរើន ឱ្យដឹងថា នេះសវនាការនៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍ទាក់ទងនឹងបណ្ដឹងស្នើសុំវត្ថុចាប់យក ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ដែលកន្លងមក ខាងតុលាការក្រុងភ្នំពេញបានរក្សាទុក មិនព្រមផ្ដល់ឱ្យកូនក្តីរបស់លោក។ លោកបញ្ជាក់ថា លោក និងកូនក្ដីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលរួមតតាំងក្តីនេះនៅសាលាឧទ្ធរណ៍តាមកាលកំណត់។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ" និងបទ "ផលិតវីដេអូអាសអាភាស"។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង៩ ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមកដល់ពេលនេះ ពួកលោកគ្មានសេរីភាពដើរហើរពេញលេញឡើយ ដោយសារតុលាការក្រុងភ្នំពេញមិនព្រមផ្ដល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដល់ពួកលោកវិញ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានលើកហេតុផលថា វត្ថុចាប់យកទាំងនេះនៅមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ ហើយតំណាងអយ្យការក៏យល់ស្របបែបនេះដែរ។
ទោះជាយ៉ាងណា មេធាវី និងមន្ត្រីសិទ្ធិមនុស្ស អះអាងថា ទាំងលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ គ្រាន់តែជាគ្រឿងសម្គាល់ខ្លួនប៉ុណ្ណោះ មិនមែនជាភស្តុតាង ឬវត្ថុតាងដែលនាំទៅរកការពិតនោះទេ។ ម្យ៉ាងទៀត អ្នកទាំងពីរលែងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាយូរមកហើយ ដូច្នេះចៅក្រមស៊ើបសួរត្រូវតែប្រគល់គ្រឿងសម្គាល់ខ្លួនទាំងនេះជូនពួកគេវិញ ដើម្បីឱ្យអ្នកទាំងពីរអាចដើរហើរបានដោយសេរី និងស្វែងរកការងារធ្វើទៅតាមបំណងរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។