យុវជន​ចោទ​រដ្ឋាភិបាល​គប់គិត​ជាមួយ​លោក លី យ៉ុងផាត់ បំផ្លាញ​បរិស្ថាន ខណៈ​អ្នកការពារ​ត្រូវ​ជាប់​ទោស

ដោយ ទីន ហ្សាការីយ៉ា
2024.10.30
យុវជន​ចោទ​រដ្ឋាភិបាល​គប់គិត​ជាមួយ​លោក លី យ៉ុងផាត់ បំផ្លាញ​បរិស្ថាន ខណៈ​អ្នកការពារ​ត្រូវ​ជាប់​ទោស លោក លី យ៉ុងផាត់ (ឆ្វេង) ចូលជួបអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកសមាគម​ឧកញ៉ាកម្ពុជា

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចោទ​រដ្ឋាភិបាល​ថា គប់គិត​គ្នា​ជាមួយ​លោក​អ្នកឧកញ៉ា លី យ៉ុងផាត់ លក់​កោះកុង​ក្រៅ​ដែល​ជា​ទ្រព្យសម្បត្តិ​រួម​របស់​ជាតិ ដើម្បី​ផលប្រយោជន៍​បុគ្គល​។ ពួកគាត់​អះអាង​បែបនេះ​គឺ​ដោយសារ​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត (SEZ) និង​សម្ព័ន្ធ​អាជីវកម្ម​ជាច្រើន​របស់​លោក លី យ៉ុងផាត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​បន្ត​ផ្ដល់​អាជ្ញាប័ណ្ណ​ស្របច្បាប់​ឱ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ បំផ្លិចបំផ្លាញ​ធម្មជាតិ។

ក្រោយ​ពេល​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ធនធាន​ធម្មជាតិ ពេលនេះ​យុវជន​ចលនា​មាតា​ធម្មជាតិ​ផ្សេងទៀត​បាន​ចេញ​វីដេអូ​តស៊ូ​មតិ​អំពី​កោះកុង​ក្រៅ​សាជាថ្មី​ទៀត។

ក្នុង​វីដេអូ​ជិត ៥​នាទី របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) បាន​រៀបរាប់​ថា រដ្ឋាភិបាល​បាន​លក់​កោះកុង​ក្រៅ​ឱ្យទៅ​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ តាំងពី​ឆ្នាំ​២០១៩ ដើម្បី​យក​ទៅ​ធ្វើជា​ទ្រព្យសម្បត្តិ​ឯកជន​ដែល​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ និង​ធនធាន​ដ៏​សម្បូរ​បែប​នៅក្នុង​តំបន់​កោះកុង​ក្រៅ​។ លើស​ពី​នេះ​យុវជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត (SEZ) របស់​លោក​អ្នកឧកញ៉ា​រូប​នេះ បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ជុំវិញ​តំបន់​កោះកុង​ក្រៅ ហើយ​រដ្ឋាភិបាល​មិនបាន​ដាក់ទោស ឬ​ចុះ​ស៊ើបអង្កេត​ពី​ការ​រកស៊ី​ខុសច្បាប់​របស់​លោក លី យ៉ុងផាត់ នោះ​ឡើយ។

សំណេរ​វីដេអូ៖ «តើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែបនេះ​នឹង​បង្ក​វិនាសកម្ម​កម្រិត​ណា​ដល់​ធនធាន​ធម្មជាតិ​នៅ​កោះកុង​ក្រៅ ប្រសិនបើ​កោះ​នេះ​នៅតែ​បន្ត​ឱ្យ​បុគ្គល​នេះ​គ្រប់គ្រង​?»

ការ​ចេញផ្សាយ​វីដេអូ​កាលពី​ថ្ងៃទី​២៨ ខែតុលា របស់​សកម្មជន​បរិស្ថាន​នេះ គឺ​បន្ទាប់ពី​ក្រសួង​រតនាគារ​របស់​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លោក លី យ៉ុងផាត់ ដោយសារតែ​អាមេរិក​រក​ឃើញ​ថា សម្ព័ន្ធ​អាជីវកម្ម​របស់​លោកមា​ន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។ ទោះជា​បែបនេះ​ក្ដី ក៏​រដ្ឋាភិបាល​នៅតែ​ចេញមុខ​កាង​ការពារ និង​បើកដៃ​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា​រូប​នេះ​បន្ត​កាន់កាប់​កោះកុង​ក្រៅ ខណៈ​សកម្មជន​ការពារ​បរិស្ថាន​៥​នាក់​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

សកម្មជន​ចលនា​មាតា​ធម្មជាតិ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែ​តុលា ថា គោលបំណង​នៃ​ការផលិត​វីដេអូ​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​ដាក់បញ្ចូល​តំបន់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ជាតិ។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន​៥​នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ពួកគាត់​មិន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «រដ្ឋាភិបាល​នៅតែ​មិន​គិតគូរ​ពី​សំឡេង​របស់​ពួកយើង​ក្នុងនាម​ជា​យុវជន​ក្នុងនាម​ជា​ពលរដ្ឋ ជា​សាធារណជន​ដែល​រស់នៅ​ក្នុង​សង្គម​មួយ​ហ្នឹង​ទេ ខ្ញុំ​យល់ថា ពួក​យើង​អស់​សេចក្ដី​ទុកចិត្ត​ទៅ​រដ្ឋាភិបាល ពីព្រោះ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​យក​សំឡេង​យុវជន សំឡេង​សាធារណជន​ជា​អាទិភាព​ទី​១។ ប៉ុន្តែ​បើជា​នៅក្នុង​សង្គម​មិន​យក​សំឡេង​របស់​ពលរដ្ឋ​ជា​សំឡេង​ទី​១​ទេ វា​មិនមែន​ជា​សង្គម​ប្រជាធិបតេយ្យ​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែ​តុលា។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​តែ​ទៅលើ​ក្រុម​យុវជន​ការពារ​បរិស្ថាន ប៉ុន្តែ​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​បែរជា​ពុំ​មាន​ទោស​ទាន់។ លោក​បន្ត​ថា គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ ឬ​សកម្មជន​ការពារ​បរិស្ថាន​នៅ​ពេល​ដែល​ស្ថាប័ន​អនុវត្ត​ច្បាប់​មិន​បាន​ការពារ​ពលរដ្ឋ​ស្លូតត្រង់​ពិតប្រាកដ។

លោក អូត ឡាទីន៖ «អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​នោះ​គឺ​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​នៅក្នុង​ការ​វិនិយោគ​ហើយ​បំផ្លិចបំផ្លាញ ឬក៏​ដកហូត​ធនធាន​នៅក្នុង​តំបន់​ដើម្បី​ធ្វើជា​កម្មសិទ្ធិឯកជន គាត់​បែរជា​មិន​រង​ទោស​ទណ្ឌ​ទៅវិញ។ អ៊ីចឹង​កន្លែង​នេះ​ខ្ញុំ​មើលឃើញ​ថា ហាក់បីដូចជា​អយុត្តិធម៌​។ អ៊ីចឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឱ្យ​ទទួលយក​មតិយោបល់​ចម្រុះ ហើយ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​យុវជន សកម្មជន​ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​សេរីភាព​ឡើងវិញ ហើយ​អាច​ចូលរួម​ចំណែក​ក្នុង​ធ្វើ​កិច្ច​ការងារ​ការពារ​ធនធាន​ធម្មជាតិ»

រយៈពេល​៥​ឆ្នាំ​នៃ​ការ​តស៊ូ​មតិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដើម្បី​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ក្នុង​គោលបំណង​ការពារ​សម្បត្តិ​ជាតិ​កន្លង​មក​នេះ គឺ​ក្រសួង​បរិស្ថាន​តែង​ចេញមុខ​ច្រានចោល​សំណើ​របស់​ពួកគេ​ជាច្រើន​លើក ហើយ​ចាត់ទុក​ទង្វើ​របស់​យុវជន​ទាំងនេះ​ថា ជា​សកម្មភាព​ញុះញង់ និង​ក្បត់​ជាតិ​ទៅវិញ​។ ក្រុម​យុវជន និង​មន្ត្រី​ឃ្លាំមើល​ធនធានធម្មជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព ពីព្រោះ​បច្ចុប្បន្ន​នេះ​ពួកគាត់​សង្កេត​ឃើញ​ថា ពលរដ្ឋ​ចាប់ផ្ដើម​អស់ជំនឿ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់ គឺ​ដោយសារតែ​មន្ត្រី​គ្រាក់ៗ​ក្នុង​ស្ថាប័នរដ្ឋ​ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ប្រព្រឹត្ត​អំពើពុករលួយ​ចាក់ស្រេះ និង​បក្សពួកនិយម​គ្រប់ទិសទី​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​នឹង​ជឿ​ទុក​ចិត្ត ជាពិសេស​គឺ​ក្រុម​យុវជន​ដែល​ការពារ​បរិស្ថាន​ដែល​ជា​ភោគទ្រព្យ​ជាតិ​នោះ បែរ​ជា​ជាប់គុក​ច្រវាក់​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។