មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធថា កម្ពុជាមិនអាចជួបប្រជុំទ្វេភាគីរវាងកម្ពុជា-ថៃ មុននឹងទៅប្រជុំគណៈកម្មការព្រំដែនទូទៅ ហ្ជីប៊ីស៊ី (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន ហ្ចេប៊ីស៊ី (JBC) នៅឥណ្ឌូណេស៊ី នាថ្ងៃទី៧-៨ ខែមេសា ខាងមុខនោះបានទេ។
រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីនាំពាក្យ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ នៅថ្ងៃទី២៩ មីនា ថាថៃគ្មានតួនាទីអ្វីក្រៅប្រធានអាស៊ាន ដើម្បីបង្គាប់ឲ្យកម្ពុជាធ្វើការប្រជុំណាមួយជាមួយប្រទេសថៃ មុនពេលកំណត់ ដែលរៀបចំឡើងដោយឥណ្ឌូណេស៊ីនោះទេ។
លោក ផៃ ស៊ីផាន បានលើកឡើងដូច្នេះនៅបន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍ថៃ (Bangkok Post) បាន ចុះផ្សាយកាលពីល្ងាចថ្ងៃទី២៨ មីនា ដោយស្រង់សំដីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិត វង់សូវ៉ាន់ (Prawit Wong Suwan) បានមានប្រសាសន៍ថា ភាគីថៃយល់ព្រមពិភាក្សាគ្នាអំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅឥណ្ឌូណេស៊ី ហើយការប្រជុំនោះត្រូវធ្វើឡើងដោយទ្វេភាគី ប៉ុន្តែមុននឹងទៅប្រជុំនៅឥណ្ឌូណេស៊ី ថៃទទូចឲ្យកម្ពុជាជួបពិភាក្សាគ្នាទ្វេភាគីជាមុនសិន។
លោក ប្រាវិត វង់សូវ៉ាន់ ក៏បានទទូចដល់ភាគីកម្ពុជាទៀតថា នៅក្នុងកិច្ចប្រជុំនៅឥណ្ឌូណេស៊ី ពេលខាងមុខនោះ គឺភាគីទាំងពីរគួរតែលើកយកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន (JBC) មកធ្វើការប្រជុំមុនគណៈកម្មការព្រំដែនទូទៅ (GBC) ពីព្រោះថា របៀបវារៈប្រជុំគណៈកម្មការព្រំដែនទូទៅនេះ ភាគីទំាងពីរធ្លាប់បានពិភាក្សាគ្នារួចហើយ វាគ្មានបញ្ហាអ្វីទេ។
ទាក់ទងទៅនឹងករណីនេះ លោក ផៃ ស៊ីផាន ក៏បានបដិសេធថា ការប្រជុំនោះមិនអាចធ្វើការប្រជុំគណៈកម្មការណាមុន ឬក្រោយទេ គឺត្រូវធ្វើឡើងទាំងពីរ។
មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង បានពន្យល់ថា ទោះជាយ៉ាងណាមិនអាចធ្វើអ្វីក្រៅពីការជួបនៅឥណ្ឌូណេស៊ីនោះទេ ព្រោះថាកន្លងមក កម្ពុជា និងថៃតែងតែបានជួបប្រជុំទ្វេភាគីជាច្រើនលើក តែមិនគោរពកិច្ចសន្យារបស់ខ្លួនទេ បញ្ហាដែលសំខាន់ កម្ពុជារង់ចាំតែការសម្រេចរបស់ប្រធានអាស៊ានទេ។
កាលពីព្រឹកថ្ងៃទី២៨ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមេដឹកនាំថៃថា កម្ពុជានឹងលើកយកបញ្ហាប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន (JBC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប្រសិនបើឥណ្ឌូណេស៊ីដោះស្រាយបញ្ហានេះមិនបានទេនោះ។
កិច្ចប្រជុំរវាងកម្ពុជា-ថៃ នេះ ត្រូវបានគេគ្រោងធ្វើឡើងនៅថ្ងៃទី២៤-២៥ មីនា នេះ ប៉ុន្តែកាលពីថ្ងៃទី១៦ មីនា ក្រសួងការបរទេសឥណ្ឌូណេស៊ីបានជួនដំណឹងដល់ក្រសួងការបរទេសកម្ពុជា លើកពេលប្រជុំនេះ ទៅធ្វើនៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០១១ វិញ៕