ជន​សង្ស័យ​សម្លាប់​ជន​ជាតិ​បារាំង​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចាប់​ខ្លួន

ជន​ជាប់​សង្ស័យ​សម្លាប់​បុរស​ជន​ជាតិ​បារាំង​ម្នាក់ ឈ្មោះ Thierry Lemaire អាយុ​៥០​ឆ្នាំ នៅ​ខេត្ត​សៀមរាប ដែល​រត់​គេច​ខ្លួន​កាល​ពី​៥​ឆ្នាំ​មុន បាន​ត្រូវ​ប៉ូលិស​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​កំពង់ចាម។

ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​នៅ​ខេត្ត​សៀមរាប លោក អ៊ូ ឯម បាន​ត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ. ដក​ស្រង់​ប្រសាសន៍​ឲ្យ​ដឹង​ថា ងូវ សូផាន អាយុ​២៩​ឆ្នាំ ដែល​បាន​ត្រូវ​តុលាការ​ខេត្ត​សៀមរាប ចោទ​ប្រកាន់​ពី​បទ​ប្រើ​អាវុធ​ខុស​ច្បាប់​និង​បាញ់​សម្លាប់​លោក Thierry Lemaire កាល​ពី​ឆ្នាំ​២០០៣​នោះ បាន​ត្រូវ​បញ្ជូន​យក​ទៅ​ដាក់​គុក​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប​ហើយ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ពេល​ណា​តុលាការ​នឹង​បើក​ដំណើរការ​កាត់​ទោស។

ប្រភព​ដដែល​បន្ត​ថា អាជ្ញាធរ​ប៉ូលិស​មាន​ជំនឿ​ថា ងូវ សូផាន សម្លាប់​លោក Lemaire គឺ​ដោយសារ​ការ​ប្រចណ្ឌ ពីព្រោះ​ជន​រង​គ្រោះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​ភរិយា​ដើម​របស់ ងូវ សូផាន៕