របាយការណ៍ចំនួន១២៥ទំព័រស្តីពីការរំលោភសិទ្ធិជាតិពន្ធខ្មែរក្នុងតំបន់ដីសណ្តរទន្លេមេកុងនៃប្រទេសវៀតណាមស្តីពីការរំលោភសិទ្ធិរបស់ខ្មែរក្រោមនៅវៀតណាម និងការរំលោភដោយរដ្ឋាភិបាលខ្មែរមកលើខ្មែរក្រោមនៅកម្ពុជាផងដែរ។
នៅក្នុងរបាយការណ៍នេះដែរ រដ្ឋាភិបាលវៀតណាមបានបង្រ្កាបការសម្ដែងមតិដោយខ្មែរកម្ពុជាក្រោមនិងហាមឃាត់ខ្មែរក្រោមមិនឲ្យបោះពុម្ពផ្សាយសិទ្ធិមនុស្ស។
លោក ប្រែដ អាដាំ នាយកអង្គការសិទ្ធិមនុស្សប្រចាំអាស៊ីបានមានប្រសាសន៍ថា ប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាមចំពោះការតវ៉ាដោយសន្តិវិធីរបស់ខ្មែរក្រោមការបង្ហាញវិធីសាស្ត្រតឹងរ៉ឹងក្នុងការបំបិទមាត់អ្នកខ្វែងយោបល់។
របាយការណ៍បន្តទៀតថា នៅក្នុងការតវ៉ាមួយដែលដឹកនាំដោយព្រះសង្ឃខ្មែរក្រោមនៅស្រុកឃ្លាំង នៅឆ្នាំ២០០៧ វៀតណាមបានប្រតិកម្មយ៉ាងខ្លាំង។
បន្ទាប់មកអាជ្ញាធរវៀតណាមបានចាប់ផ្សឹកព្រះសង្ឃចំនួនយ៉ាងតិច២០អង្គនិងបណ្តេញចេញពីសាលាបាលីនៅខេត្តឃ្លាំងចំនួន២៥អង្គ។
អាជ្ញាធរវៀតណាមបានបញ្ជូនព្រះសង្ឃត្រឡប់ទៅភូមិកំណើតវិញឬចាប់ឃុំក្នុងផ្ទះឬក្រោមការត្រួតពិនិត្យពីសមត្ថកិច្ចប៉ូលិសជាដើម ហើយត្រូវប៉ូលិសវាយសួរចម្លើយថែមទៀត។
នៅខែកុម្ភៈ ឆ្នាំ២០០៧ ព្រះសង្ឃព្រះនាម អៀង សុខធឿន ត្រូវបានគេធ្វើគត់ក្នុងកាលៈទេសៈដែលគួរឲ្យសង្ស័យបន្ទាប់ពីព្រះភិក្ខុសង្ឃអង្គនេះបានចូលរូមតវ៉ាមួយនៅភ្នំពេញ។
នៅខែមិថុនា ឆ្នាំ២០០៧ដែរ អាជ្ញាធរខ្មែរបានចាប់ផ្សឹកនិងនិរទេសសកម្មជនព្រះសង្ឃខ្មែរក្រោមមួយអង្គ នាម ទឹម សាខន ដែលត្រូវគេវិនិច្ឆ័យដាក់គុកនៅវៀតណាមចំនួនមួយឆ្នាំ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានស្នើឲ្យរដ្ឋាភិបាលខ្មែរធ្វើការស៊ើបអង្កេតចំពោះការធ្វើគត់ព្រះសង្ឃ អៀង សុខធឿន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានស្នើឲ្យរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យលោក ទឹម សាខន ដែលគេចាប់ឃុំខ្លួនក្នុងផ្ទះនោះ ដោះលែងឲ្យវិលត្រឡប់មកផ្ទះរបស់លោកវិញនៅកម្ពុជាប្រសិនជាលោកចង់ត្រឡប់មកកម្ពុជាវិញ។
លោក ប្រែដ អាដាំ បានមានប្រសាសន៍ទៀតថា ការកាប់សម្លាប់ ការដាក់គុក និងការផ្សឹកព្រះសង្ឃខ្មែរក្រោម ជាសារមួយដ៏រន្ធត់ទៅដល់សកម្មជនខ្មែរក្រោមទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅប្រទេសវៀតណាម។
លោកមានប្រសាសន៍បញ្ជាក់ថា ក្រុមជាតិពន្ធមួយនេះតាមពិតដែលគួរស្ថិតនៅក្រោមការការពារពីប្រទេសទាំងពីរនេះបែរទៅជាអត់ទទួលបានកិច្ចការពារអ្វីទាំងអស់ទៅវិញ៕