សង្គម​ស៊ីវិល​មក​ពី​៧០​ប្រទេស​ចូល​រួម​សន្និបាត​ពិភពលោក​នៅ​សៀមរាប

ក្រុម​អ្នក​ជំនាញ និង​អ្នក​គ្រប់គ្រង​នៃ​អង្គការមិន​មែន​​រដ្ឋាភិបាល​ប្រមាណ​ជាង ២៥០​នាក់ មក​ពី​ប្រទេស​ចំនួន ៧០ ក្នុង​ពិភពលោក បាន​រួម​គ្នា​ធ្វើ​សន្និបាត​ពិភពលោក​លើក​ទី​២ ២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដើម្បី​ធ្វើ​ចលនា​ពិភពលោក​បើក​ចំហ​រួម​គ្នា​មួយ ដោយ​ចង់​បាន​សេរីភាព​ពេញលេញ​មក​ឱ្យ​សង្គម​ស៊ីវិល ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ជោគជ័យ​​នៃ​ការងារ​អភិវឌ្ឍន៍​នៅ​តាម​ប្រទេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន។

មាន​អង្គការ និង​សមាគម​មិន​មែន​​រដ្ឋាភិបាល​មក​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​​បង្ហា​ញ​ថា ពួកគេ​កំពុង​​ព្រួយ​បារម្ភ​អំពី​រដ្ឋាភិបាល​ ដែល​បាន​កំណត់​ព្រំដែន​សេរីភាព​នៃ​ការងារ​របស់​ពួក​គេ​​នោះ។

ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​បញ្ហា​ដូច​គ្នា​នេះ ​នៅ​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​គ្រោង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគម​នានា ហើយ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​វេទិកា​អន្តរជាតិ ដើម្បី​ស្វែង​រក​មធ្យោបាយ​រួម​គ្នា​កាល​ពី​ពេល​ថ្មីៗ។

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​របស់​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅ​ជា​ភាសា​អង់គ្លេស​ថា The NGO Forum on Cambodia ដែល​ជា​អ្នក​ចូល​រួម​ក្នុង​សន្និបាត​​ពិភពលោក​​លើក​ទី​២​នោះ​ដែរ មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មិថុនា​ថា សម្រាប់​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​ការ​ព្រួយ​បារម្ភ​​អំពី​លំហ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​សេរី​ នៅ​ពេល​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​​នៅ​ពេល​ខាង​មុខ​នេះ ដោយ​គេ​ខ្លាច​តែ​ច្បាប់​នោះ​មិន​ល្អ ហើយ​ពេល​ចេញ​ទៅ​ប្រើប្រាស់​វា​អាច​កម្រិត​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល។

លោក ឈិត សំអាត បន្ត​ថា ៖ «យើង​ធ្វើ​រួម​គ្នា​ដើម្បី​ធានា​នូវ​លំហ​ហ្នឹង ហើយ​ក៏​យើង​នឹង​យក​ក្របខ័ណ្ឌ​ដែល​យើង​ពិភាក្សា​រួម​គ្នា​ដែល​​បាន​ពី​វេទិកា​នៅ​សៀមរាប​ហ្នឹង និង​យក​ទៅ​ប្រជុំ​នៅ​​មូសាន (ប្រទេសកូរ៉េ) នៅ​ចុង​ឆ្នាំ​២០១១​នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទាំង​អស់​នៅ​លើ​ពិភពលោក​ហ្នឹង គឺ​ថា គិតគូរ​ពិចារណា​ទៅ​លើ​លំហ ឬ​ក៏​សេរីភាព​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល ឬ​ក៏​សមាគម​ធ្វើការ​ដោយ​សេរី​បន្ត​ទៅ​ទៀត»

សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ច្បាប់​ស្តីពី​​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​នោះ​យ៉ាង​ណា​ដើម្បី​រក្សា​នូវ​សេរីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ពួកគេ​​ឱ្យ​មាន​សេរីភាព​ទូលំទូលាយ​ ដូច​ដែល​ពួកគេ​កំពុង​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោកស្រី ខារ៉ូលីន ម៉ាកខូសលែនដ៍ (Caroline Mc Causland) ជា​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណៈកម្មការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) ​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​​​គោរព​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​ច្បាប់​ដើម្បី​ធ្វើ​ការ​កំណត់​ទៅ​លើ​បញ្ហា​ផ្សេងៗ ប៉ុន្តែ​ចំពោះ​ការ​គ្រោង​រៀបចំ​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​​រដ្ឋាភិបាល និង​សមាគម​នៅ​កម្ពុជា​នោះ យើង​ពិត​ជា​ចង់​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​គោរព​នូវ​សេរីភាព​របស់​សមាគម​មិន​មែន​រដ្ឋាភិបាល បន្ទាប់​ពី​ធ្វើការ​ចុះ​បញ្ជី​រួច​រាល់​ហើយ​នោះ។

លោកស្រី​បន្ថែម​ថា ៖ «ប្រទេស​ជា​ច្រើន​គេ​មាន​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​ច្បាប់​នោះ​បាន​ហុច​ផល​ប្រយោជន៍​ទៅ​ឱ្យ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូច​ជា​ឱ្យ​រួច​ពន្ធ​ជា​ដើម ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​សមរម្យ។ ដូច្នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ស្នើ​សុំ​ឱ្យ​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត ប្រសិន​បើ​អង្គការ​ណា​មួយ​ចង់​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ដឹង​ហើយ​ថា កម្ពុជា​មាន​ច្បាប់​ជា​ច្រើន​ហើយ ដែល​អាច​ឱ្យ​សង្គម​ស៊ីវិល​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់​ក្នុង​កិច្ច​ប្រតិបត្តិការ ដូច្នេះ​យើង​មិន​ចង់​បាន​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ទៀត​ទេ»

ក្រុម​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ដែល​មក​ពី​ប្រទេស​ជា​ច្រើន​បាន​សន្យា​ថា នឹង​ជួយ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​តស៊ូ​មតិ​ចំពោះ​ការ​គ្រោង​រៀបចំ​ច្បាប់​ដែល​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នៅ​កម្ពុជា​នោះ។

លោកស្រី អេមីលី ដេទូរ៉ាកា(Emele Duituraga) មក​ពី​ប្រទេស​ហ្វីជី (Fiji) ​មាន​ប្រសាសន៍​ថា យើង​នឹង​ឈរ​ទាំង​អស់​គ្នា​ជាមួយ​អង្គការ​​មិន​មែន​​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា ដើម្បី​ទទូច​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ធ្វើ​ការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​គម្រោង​ធ្វើ​ច្បាប់​ស្ដីពី​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​នោះ។ ពេល​បច្ចុប្បន្ន​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ ​ដើម្បី​ធ្វើការ​ពិភាក្សា​​សម្រេច៕