ប៉ូលិស​ស៊ើប​អង្កេត​រឿង​ចោរ​ប្លន់​នៅ​សំឡូត

សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ក្រុម​ប្លន់​ប្រដាប់អាវុធ​ដែល​បាន​ប្រើ​ឯកសណ្ឋាន​កងទ័ព​ប្លន់​ផ្ទះ​អ្នកភូមិ​មួយ​នៅ​ស្រុក​សំឡូត​នៅ​ឡើយ​ទេ។ ប៉ុន្តែពួកគេអះអាង​ថា​កំពុង​ធ្វើ​កិច្ច​សហការ​ជា​មួយ​អង្គភាព​ទ័ព​ក្នុង​ការ​តាម​ស្រាវជ្រាវ​ក្រុម​ចោរ​ប្លន់​នោះ​ហើយ។

សមត្ថកិច្ច​ប៉ូលិស និង​អង្គភាព​កងទ័ព​បាន​ថ្លែង​ថា ពួក​គេ​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​តាម​រក​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចំនួន ៥​នាក់ ដែល​បាន​ក្លែងបន្លំ​ឯកសណ្ឋាន​កងទ័ព​ធ្វើ​សក​ម្ម​ភាព​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នកភូមិ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ជឹម ភើយ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើជើង​លេខ ៥២​ប្រចាំ​ទិស​សំឡូត​ប៉ៃលិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៨​ខែ​ធ្នូថា អង្គភាព​ទ័ព​កំពុង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស ប៉េអឹម​ស្រុក​សំឡូត ដើម្បី​ស្រាវជ្រាវ​រក​មុខសញ្ញា​ក្រុម​ចោរប្លន់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រើ​ឯកសណ្ឋាន​កងទ័ព។

លោក ជឹម ភើយ មាន​ប្រសាសន៍​ថា ៖ « រឿង​ឯក​សណ្ឋាន​ហ្នឹង​យើង​ហាម​មិន​បាន​ទេ ឥឡូវ​បើ​និយាយ​ពី​ប៉ារ៉ាពេញ​វាល។ កុំនិយាយ​តែ​កងទ័ព សូម្បី​តែ​កម្មករ​ដឹក​ពោត​ដឹក​សណ្តែក​វា​សុទ្ឋតែ​ទាហាន​អស់​ហើយ អាហ្នឹង​វា​គួរ​តែ​យើង​មាន​វិធានការ​ទប់ស្កាត់​ខោអាវ​បាន​វា​ត្រូវ»

កាល​ពី​វេលា​ម៉ោង ៧, ៣០នាទី​ល្ងាច​ថ្ងៃ​ពុធ​ថ្មី​ៗនេះមាន​ជន​មិន​ស្គាល់​មុខ ៥​នាក់​មាន​ឯកសណ្ឋាន​កងទ័ព​មាន​អាវុធ​អាកា​បត់ ៤​ដើមបាន​ចូល​ទៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឈូក ម៉េង នៅ​ភូមិ​ស្រែ​ស្តៅ ស្រុក​សំឡូត​ភ្ជុង និង​ចាប់​មនុស្ស ៨​នាក់​ចង​ស្លាបសេក​ប្លន់​យក​លុយ​អស់ ២៥​លាន​រៀល មាស​២​ដំឡឹង​កន្លះ​ និង​ទូរស័ព្ទ​ដៃ ៤គ្រឿង។

លោក ឈូក ម៉េង ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ប្លន់​បាន​ថ្លែង​ថា ចោរ​ប្លន់​ឯក​សណ្ឋាន​កងទ័ព​ទាំង ៥​នាក់មុន​ដំបូង​បាន​ចូល​ទៅ​គំរាម​ថា មេ​បញ្ជាការ​ពួក​គេ​បញ្ជា​ឲ្យ​មក​ឆែកឆេរ​រក​កាំភ្លើង​អាកា ១​ដើម និង​កាំភ្លើង​ខ្លី ១ដើម​ហើយ​ប្លន់​តែ​ម្តង។

លោក លី ប៊ួយ អធិការ​នគរបាល​ស្រុក​សំឡូត​ថ្លែងថា ប៉ូលិស​ប៉េអឹម​កំពុង​ធ្វើការ​ជាមួយ​កង​យោធា​ដើម្បី​រក​មុខ​សញ្ញា​របស់​ក្រុម​ចោរប្លន់​នោះ ៖ «យើង​កំពុង​ដាក់​កម្លាំង​ស្រាវជ្រាវ​បន្ត​ទាក់​ទង​ជា​មួយ​ខាង​កងពល ខាង​វរៈ​ស្រាវជ្រាវ​កម្លាំង​ដែល​បាត់​មុខ វា​មាន​ពន្លឺខ្លះៗ​ដែរ​»

លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់​ដំបង​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ជុំវិញ​សមាសភាព​ក្រុម​ចោរ​ប្លន់​ខាង​លើ​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បាន​ដាក់​បញ្ជា​កម្លាំង​សមត្ថកិច្ច​លោក​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត។

លោក​ស្នងការ​បន្ត​ថា ៖ «មក​ដល់​ពេល​នេះ​ខ្ញុំ​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ស្រាវជ្រាវ​យើង​មិន​ដឹង​ថា គាត់​ជា​យោធា​ពិតប្រាកដយើង​ម៉េច​សន្និដ្ឋាន​ថា អញ្ចឹង​គ្រាន់​ថា គេ​ឃើញ​សកម្មភាព​គាត់​ពាក់​អាវ​ជា​ប៉ារ៉ា​អញ្ចឹងចាំ​មើល​ខ្ញុំ​ឲ្យ​​គេ​ស្រាវជ្រាវ​ទៅ​ស្រុក​ថា តើ​ក្រុម​នេះ​ជា​ក្រុម​មួយណា​ពិត​ប្រាកដ​»។

ជន​រងគ្រោះ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សន្និដ្ឋាន​ថា ក្រុម​ចោរ​ប្លន់​ទាំង ៥​នាក់​គឺ​ចេញ​មក​ពី​ជួរ​កងទ័ព ប៉ុន្តែ​ខាង​កងទ័ព​វិញ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ យ៉ាង​ណា​ក៏ដោយ​អ្នក​ភូមិ​មួយ​ចំនួន នៅ​ស្រុក​សំឡូត​បាន​ថ្លែង​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​ដែល​មាន​រូបភាព​ជា​ឯកសណ្ឋាន​កងទ័ព​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​មាន​ការ​ព្រួយ​បារម្ភ៕