អធិការនគរបាលស្រុកបាភ្នំ គឺលោក សូ សាវ៉ាត មានប្រសាសន៍នៅថ្ងៃទី២៧ ខែឧសភា នេះថា នៅចំណុចភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង វេលាម៉ោង ៨យប់ ថ្ងៃទី២៦ ឧសភា មានយុវជនប្រមាណ ៣នាក់ប្រដាប់ដោយពូថៅ បានទៅប្រទាញប្រទង់ជាមួយមន្ត្រីប៉ូលិស មួយរំពេចនោះ ស្រាប់តែកាំភ្លើង បានរាលកៃ បង្កឲ្យមន្ត្រីប៉ូលិសរងរបួសចំនួន ២នាក់ ម្នាក់ជាប្រធានប៉ុស្តិ៍ ស្ពឺខ ស្រុកបាភ្នំ គឺ លោក ព្រំ ដារ៉ា និងម្នាក់ទៀតជាមន្ត្រីប៉ូលិស ស្ពឺខ លោក ទ្បុង សាវុទ្ធី និងបណ្ដាលឲ្យស្លាប់យុវជនម្នាក់ គឺលោក ម៉ាវ សាវរ័ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
លោក សូ សាវ៉ាត៖ «មេប៉ុស្តិ៍បានត្រឹមតែម៉ាស្រែកថា ជួយអញផងគេវាយហើយ អញ្ចឹងគាត់អត់ដឹងថាអ្នកណាវាយទេ ហើយមន្ត្រីប៉ុស្តិ៍ដែលនៅហ្នឹងគាត់ឃើញ គាត់ឃើញអាហ្នឹងរត់កាន់ពូថៅចេញទៅ គាត់ក៏រត់ដេញមក ពេលដែលរត់ដេញមកបត់ផ្លូវមកជើងប្រហែលជា ១០០ម៉ែត្រពីកន្លែងកើតហេតុទី១ អាជនល្មើសដែលវាយលោកមេប៉ុស្តិ៍ ក៏បកមកអ្នកដេញហ្នឹង ដោយសារឃើញអ្នកដេញហ្នឹងតែម្នាក់ឯង អញ្ចឹងវាងាកមកវាយពូថៅរកកាប់យើង យើងក៏បាញ់ទ្បើងទៅលើមួយគ្រាប់ទៅ ពេលហ្នឹងវាក៏អត់មានឈប់ដែរ វាបានលោតមកចាប់កាណុងកាំភ្លើងយើងជាប់ហើយកាប់យើងមួយពូថៅត្រូវក្បាលខាងផ្នែកខាងក្រោយហើយពេលនោះកាំភ្លើងក៏ផ្ទុះទៅជាមួយ»។
វិទ្យុអាស៊ីសេរី ពុំអាចធ្វើការទំនាក់ទំនងជាមួយសាច់ញាតិនៃសព ដើម្បីបកស្រាយជុំវិញបញ្ហានេះបានទេ។
ចំណែកឯលោកស្រី ជាអាជីវករនៅក្បែរកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះម្នាក់ រស់នៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា នៅយប់នោះគាត់ឃើញមានមនុស្សរត់ប្រដេញគ្នា លុះក្រោយមកស្រាប់តែឮស្នូរកាំភ្លើង ដោយម្នាក់ៗភ័យក៏បិទតូបរត់ចូលផ្ទះរៀងៗខ្លួន៖ «ឃើញមនុស្សអូរៗ ម៉ែថាឲ្យចូលផ្ទះទៅ ខ្ញុំខ្លាចខ្ញុំលែងមើលទៅ ខ្ញុំមិននៅមើលទេ ហើយបិទទ្វារទៅ ពេលបាញ់មិនទាន់មានមនុស្សរោមទេ អ្នកបាញ់គេទៅឈរ ហើយគាត់ដើរចេញ បានខាងប៉ូលិសគេអ្នកយកចេញ ព្រោះអត់មានបងប្អូនអី! អ្នកណាហ៊ានប៉ះពាល់ទេ ព្រោះខាងប៉ូលិសគេចាត់ការទាំងអស់ហ្នឹង»។
ពិធីបុណ្យឡើងអ្នកតានេះ គេតែងប្រារព្ធធ្វើមួយឆ្នាំម្ដង គឺនៅថ្ងៃពេញបូណ៌មី ខែឧសភា ដែលត្រូវនឹងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃចន្ទ ជារៀងរាល់ឆ្នាំ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២ ប្រជាពលរដ្ឋនៅខេត្តព្រៃវែង បានប្រារព្ធបុណ្យទ្បើងអ្នកតានៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងពិធីនោះមានមនុស្សមកពីគ្រប់ទិសទី ដើម្បីចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ ប៉ុន្តែនៅពេលនោះដែរ ប្រជាពលរដ្ឋ និងមន្ត្រីប៉ូលិសមូលដ្ឋានបានអះអាងថា ក៏មានមន្ត្រីប៉ូលិសមានទំនាស់ជាមួយយុវជនប្រមាណ ពីរ បីនាក់ ហើយមួយរំពេចនោះប៉ូលិសបានបាញ់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅកណ្ដាលហ្វូងមនុស្ស ហើយ បន្ទាប់មកមនុស្សបានផ្អើលរត់គេចរៀងៗខ្លួន។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ អ្នកសម្របសម្រួលអង្គការ អាដហុក (Adhoc) ស្រុកបាភ្នំ គឺលោកស្រី ទ្បៃ អិន បង្ហើបឲ្យដឹងថា ហេតុការណ៍នោះមានការប្រទាញប្រទង់គ្នារហូតឈានទៅដល់កាប់ និងពូថៅ ហើយ បាញ់ដោយកាំភ្លើង ដែលបង្កឲ្យមានយុវជនម្នាក់ស្លាប់ និងប៉ូលិសរងរបួសធ្ងន់ ២នាក់ ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង និងម្នាក់ទៀតព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅ ឯរាជធានីភ្នំពេញ។
លោកស្រី ទ្បៃ អិន៖ «ប្រជាពលរដ្ឋគាត់អត់ហ៊ាន ព្រោះអីពេលហ្នឹងសុទ្ធតែអ្នកដំណើរមកពីឆ្ងាយដល់ពេលអញ្ចឹងពិបាករក ព្រោះថ្ងៃហ្នឹងថ្ងៃបុណ្យមកគ្រប់ទិស»។
តែ លោកស្រី បានបន្ថែមទៀតថា នៅពេលនេះពុំមានសាក្សីណាម្នាក់ហ៊ានបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះនៅឡើយទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហានៅពុំទាន់ដោះស្រាយឲ្យបានចប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។