កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បានបើកវគ្គរួមគ្នាហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរឆ្នាំ២០១៤ នៅថ្ងៃទី២១ មេសា ដែលលំហាត់នេះធ្វើឡើងនៅកម្ពុជា។
វគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរឆ្នាំ២០១៤ នេះ មានរយៈពេល ១០ថ្ងៃ ហ្វឹកហ្វឺនដើម្បីបង្កើនជំនាញ និងសម្ថភាពទាហានក្នុងកិច្ចសហប្រតិបត្តការ ដើម្បីជួយផ្នែកមនុស្សធម៌។
ឧត្ដមសេនីយ៍ត្រី ជន ហ្គូដដែល (John Goodale) ឧបការីអគ្គលេខាធិការមេបញ្ជាការកងទ័ពឆ្មាំជាតិនៃរដ្ឋ អ៊ីដាហូ (Idaho) សហរដ្ឋអាមេរិក បញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរឆ្នាំ២០១៤ នេះ សំដៅលើកកម្ពស់សមត្ថភាពកងទាហានប្រទេសទាំងពីរ ដើម្បីត្រៀមជាស្រេច និងមានសមត្ថភាពប្រតិបត្តិការអន្តរជាតិ រួមទាំងផ្ដល់ឱកាសឲ្យទាហានធ្វើការងារជាមួយភ្នាក់ងារផ្សេងទៀតដែលធ្វើការខាងមនុស្សធម៌ និងសង្គ្រោះបន្ទាន់។
ចំណែកភាគីកម្ពុជា លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក ដែលចូលរួមពិធីនោះរំពឹងថា កងទាហានភាគីកម្ពុជា នឹងទទួលបានបទពិសោធន៍ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមសហការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។