ក្រុម​យុវជន ១០០​រាត្រី​ត្រៀម​បង្ហាញ​របាយការណ៍​ស្ដីពី​មន្ត្រី​អសកម្ម​ ៤​ប្រភេទ ធ្វើ​ឱ្យ​ជាតិ​អន្តរាយ

0:00 / 0:00

ក្រុមការងារ ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​លោក បណ្ឌិត កែម ឡី ត្រៀម​ផ្សាយ​របាយការណ៍​រាត្រី​ទី៤៤ ស្ដីពី​មន្ត្រី ៤​ប្រភេទ ដែល​ជា​ឫសគល់ ធ្វើ​ឱ្យ​ជាតិ​មហន្តរាយ និង​ប៉ះពាល់​ដល់​គោល​នយោបាយ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​របប​ក្រុង​ភ្នំពេញ។ ការ​លាតត្រដាង​របាយ​ការណ៍​នេះ ក្រោយពី​ពួកគេ​បាន​ស្រាវជ្រាវ​ប្រើ​រយៈពេល​ជាច្រើន​ខែ ដោយ​បាន​ចុះ​មូលដ្ឋាន​ប្រមូល​ព័ត៌មាន ពី​មន្ត្រី​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ។

របាយការណ៍​កម្រាស់​៥​ទំព័រ ដោយ​គ្រោង​ចេញផ្សាយ​នា​ពេល​ឆាប់ៗ​នេះ របស់​ក្រុម​យុវជន ១០០​រាត្រី ក្នុង​បំណង លុបបំបាត់​មន្ត្រី​ទាំង​៤​ប្រភេទ​នេះ ដែល​ពួកគេ​រក​ឃើញ​ថា ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ដែល​មាន​នៅ​លើ​ក្រដាស និង​ធ្វើ​ឱ្យ​កើតមាន​វិបត្តិ​សង្គម នយោបាយ សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​បាត់បង់​ធនធានធម្មជាតិ​ជាដើម។

សមាជិក​ក្រុមការងារ ១០០​រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ឱ្យ​ដឹង​នៅ​ថ្ងៃទី២១ មីនា ថា វិធីសាស្ត្រ​នៃ​ការស៊ើបអង្កេត​នេះ ពួកគេ​បាន​ចុះ​មូលដ្ឋាន​តាម​ភូមិ​-​ឃុំ​/​សង្កាត់ រហូតដល់​ថ្នាក់​ជាតិ ដោយ​ត្រូវ​ចំណាយ​ពេល ១២​ខែ ដើម្បី​តាមដាន​ពី​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ស្ថាប័នរដ្ឋ សមត្ថកិច្ច និង​ប្រព័ន្ធ​យុត្តិធម៌​។ លោក​ថា របាយការណ៍​នេះ ពួក​លោក​គ្រោង​នឹង​ផ្ញើ​ជូន​ប្រមុខ​ដឹកនាំ​រដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​កែ​លម្អ​ឡើងវិញ ក្នុង​ទិសដៅ​ជួយ​សង្គមជាតិ ពលរដ្ឋ និង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៖ «យើង​ឃើញ​ថា មន្ត្រី​៤​ប្រភេទ​នេះ គឺ​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​ទៅ​លើ​អធិបតេយ្យភាព​របស់​ប្រទេស ដែល​នាំ​ឱ្យ​ប្រទេស​កម្ពុជា​យើង មិន​មាន​ការ​អភិវឌ្ឍ​ន៍​ជឿនលឿន​ទេ ហើយ​កម្ពុជា​នឹង​បាត់​បង់លុយ​ជាច្រើន​ទៅលើ​មន្ត្រី​ទាំងនេះ ចំណាយ​លុយ​ក្រៅផ្លូវការ អស់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ហើយ​ពលរដ្ឋ​ខ្មែរ​រង​ភាព​អយុត្តិធម៌​ដោយសារ​មន្ត្រី​ទាំង​៤​ប្រភេទ​នេះ»។

ខ្លឹមសារ​នៃ​របាយការណ៍​បង្ហាញថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​លប់​បំបាត់ និង​កែ​លម្អ​មន្ត្រី​៤​ប្រភេទ​នេះ​រួមមាន មន្ត្រី​មិន​ធ្វើ​ការងារ ជា​មន្ត្រី​ខ្មោច ចាំតែ​បើក​ប្រាក់ខែ សរសេរ​របាយការណ៍​កុហក​ថ្នាក់លើ និង​បង់លុយ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ទី​២ មន្ត្រី​ពុករលួយ លួច​លុយ​គម្រោង​អភិវឌ្ឍន៍​របស់​ជាតិ ទារ​លុយ​ថ្លៃ​សេវា​សាធារណៈ​ពី​ប្រជាជន ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត បង្កើត​ឱ្យ​មាន​អយុត្តិធម៌​សង្គម​ជាដើម។ ទី​៣ មន្ត្រី​មិន​ចូលនិវត្តន៍ និង​ចែក​ដំណែង​ឱ្យ​កូន​ដោយ​មិន​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ធ្វើ​ការងារ​រដ្ឋ។ ទី​៤​មន្ត្រី​មិន​ចេះ​អ្វី​ទាល់តែសោះ គឺ​គ្មាន​សមត្ថភាព​ឬ​មិន​ចេះ​អក្សរ គ្មាន​ជំនាញ ធ្វើការ​ងារ​តាម​គេ​បញ្ជា។

ក្រោយពី​ការ​ចុះ​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​១០០​រាត្រី​តាម​ឃុំ​/​សង្កាត់ និង​ការ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីរាជការ​មួយ​ចំនួន រកឃើញ​ថា មន្ត្រី​ទាំង​៤​ប្រភេទ​នេះ មាន​ប្រមាណ​៧០​ភាគរយ​។

​ឆ្លើយតប​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍ថា ខ្លឹមសារ​នៃ​របាយការណ៍​នេះ រដ្ឋាភិបាល​ជ្រាប​ជា​យូរ​មក​ហើយ និង​កំពុង​ដោះស្រាយ​តាម​នីតិវិធី ដោយ​មាន​ការ​អប់រំ ណែនាំ​ផ្អែក​តាម​បទបញ្ជាផ្ទៃក្នុង ការ​ដាស់តឿន និង​ការអនុវត្ត​ច្បាប់​ជាដើម​។ លោក​ថា ថ្មីៗ​នេះ​ប្រមុខ​រដ្ឋាភិបាល​បាន​វះកាត់​មន្ត្រី​មួយ​ចំនួន​ដែរ និង​បាន​បង្កើត​ស្ថាប័ន​ច្រក​ចេញ​ចូល​តែមួយ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​ការ​សូកប៉ាន់​ជាដើម។ លោក​បញ្ជាក់​ថា ក្រុម​យុវជន​ដែល​ចុះ​សិក្សា​ស្រាវជ្រាវ​នេះ​គឺជា​រឿង​ចាស់ ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ តែ​ការ​ដោះស្រាយ​នោះ​ទៀតសោត​មិន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះ​ទេ​៖ «យើង​ធ្វើតាម​នីតិវិធី​របស់​យើង មានការ​អប់រំ​ផង ការ​ចាប់​បង្ខំ​ដើម្បី​ឱ្យ​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង​ក៏ដូចជា​ច្បាប់​ផ្សេងៗ​ផង​មិន​អាច​ថា គ្នា​ធ្វើ​ខុស​ហើយ​ដេញ​ចោល​ភ្លាមៗ​ទេ​។ តែ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​វះកាត់ មួយ​ចំនួន​ហើយ​។ ខ្ញុំ​យល់ថា ក្មួយៗ​សិក្សា​ស្រាវជ្រាវ​នេះ​សុទ្ធ​ជា​រឿង​ចាស់​ទេ»។

មន្ត្រី​នាំពាក្យ​នៃ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ខ្លឹមសារ​របាយការណ៍​នេះ គឺជា​ព័ត៌មាន​យ៉ាង​សំខាន់​ដាក់​ជូន​ប្រមុខ​ដឹកនាំ​រដ្ឋ ថា តើ​ចំណុច​អវិជ្ជមាន​ដែល​បាន​រក​ឃើញ​ទាំងនោះ​ជា​រឿង​ពិត ឬ​យ៉ាងណា​? ក៏ប៉ុន្តែ​ប្រសិនបើ​ជា​ការ​ពិត តើ​រដ្ឋាភិបាល​ត្រូវ​រក​វិធី​បែប​ណា​ដើម្បី​កែទម្រង់​មន្ត្រី​អសកម្ម​ទាំងនោះ។ លោក​ថា សកម្មភាព​របស់​ក្រុម​យុវជន​បាន​រួម​ចំណែក​ជួយ​ដល់​សង្គមជាតិ ក្នុងនាម​ជា​ពលរដ្ឋ ដែល​ច្បាប់​អនុញ្ញាត និង​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម​មួយ​ផ្នែក ប្រសិនបើ​របប​ក្រុងភ្នំពេញ​យក​មក​ពិចារណា និង​អនុវត្ត​៖ «ជាការ​រួមចំណែក​សំខាន់​មួយ ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ជា​ពន្លឺ​មួយ​ក្នុង​ការ​ធ្វើការ​កែទម្រង់​ការដឹកនាំ និង​ការគ្រប់គ្រង​មន្ត្រី​ទាំងអស់​ហ្នឹង ដើម្បី​តម្រង់​ទិញ​កុំ​ឱ្យ​មានការ​ប្រព្រឹត្ត​ទង្វើ​បែប​ហ្នឹង​ទៀត​។ ត្រូវ​ដាក់​វិន័យ​រដ្ឋបាល និង​ច្បាប់​បើ​រកឃើញ​ថា មន្ត្រី​ទាំងអស់​នោះ មិនបាន​ប្រព្រឹត្ត​តាម​តួនាទី​ខ្លួន»។

ខ្លឹមសារ​នៃ​របាយការណ៍​របស់​ក្រុមការងារ ១០០​រាត្រី បន្ថែម​ថា ប្រសិនបើ​ពុំ​មាន​វិធានការ​លុបបំបាត់​ឬ​កំណែ​ទម្រង់​មន្ត្រី​ទាំង​៤​ប្រភេទ​នោះ​ទេ នឹង​ប៉ះពាល់​ធំធេង​ដល់​ការអភិវឌ្ឍ​សង្គមជាតិ ធនធាន​ធម្មជាតិ និង​បាត់បង់​ថវិកាជាតិ បង្កើត​ឱ្យ​មាន​អយុត្តិធម៌​សង្គម ធ្វើ​បាប​រាស្ត្រ​ទន់ខ្សោយ រាំងស្ទះ​មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​មាន​ចំណេះដឹង​ពិតប្រាកដ​បម្រើ​ការងារ​រដ្ឋ ហើយ​លើស​ពី​នេះ​ទៀត គឺ​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ដល់​មុខមាត់​គណបក្ស​កាន់អំណាច​ខ្លួនឯង​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។