ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីលោកបណ្ឌិត កែម ឡី បានបង្ហាញរបាយការណ៍ស្រាវជ្រាវទី ៤៥ ស្ដីពី ប្រព័ន្ធតុលាការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ ៤ទំព័រ បានលាតត្រដាង ពីគណបក្សកាន់អំណាច ប្រើប្រព័ន្ធតុលាការ ជាឧបករណ៍បម្រើមហិច្ឆតានយោបាយ ដើម្បីក្រាញអំណាច។
ការលាតត្រដាងរបាយការណ៍ថ្មីនេះ ក្រោយពី ក្រុមការងារ ១០០រាត្រី បានចុះសិក្សាស្រាវជ្រាវជិត ១ ឆ្នាំ ដោយបានប្រមួលព័ត៌មាន ពីក្រុមមេធាវី ក្រុមអង្គការការពារសិទ្ធិមនុស្ស និង ពលរដ្ឋរងគ្រោះ ដោយសារប្រព័ន្ធយុត្តិធម៌ជាដើម។ ពួកគេសង្កេតឃើញថា ភាពអយុត្តិធម៌នៅកម្ពុជា បានកើតគ្រប់វិស័យរួមមាន នយោបាយ និង សេដ្ឋកិច្ចជាដើម។ ពលរដ្ឋក្រីក្រមិនអាចឈ្នះអ្នកមានអំណាច អ្នកមានធនធានច្រើន និងមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល។
ខ្លឹមសាររបាយការណ៍នោះបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងទៅលើស្ថាប័នកំពូលៗនៃអំណាចតុលាការ តាមរយៈការដាក់បញ្ចូលសមាជិកគណៈកម្មការកណ្ដាល និងអចិន្ត្រៃយ៍ ក្នុងគណបក្សខ្លួនចូលគ្រប់គ្រងអំណាចតុលាការ ដូចជា ក្រុមប្រឹក្សានៃអង្គចៅក្រម តុលាការកំពូល សាលាឧទ្ធរណ៍ មាន១០រូប។
ពួកគេរកឃើញថា ចំណុចស្នូល សំខាន់ ៣ ដែលគណបក្សកាន់អំណាច កំពុងអនុវត្តរួមមាន ទី១ ការអនុញ្ញាតឱ្យអំណាចនីតិប្រតិបត្តិ គឺក្រសួងយុត្តិធម៌ លូកជ្រៅ ក្នុងកិច្ចការរបស់តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់។ ចំណុចទី ២ ចៅក្រម និងព្រះរាជអាជ្ញាកាត់ក្តី ខ្លាចអំណាចអ្នកធំ ឧកញ្ញ៉ា និងអំពើពុករលួយ បានក្លាយជាជំងឺចាក់ឫសណែន ក្នុងសង្គមច្រើនឆ្នាំមកហើយ។ ទី៣ ប្រព័ន្ធតុលាការ ពុករលួយ និងកាត់ក្ដីលម្អៀង ជាហេតុធ្វើឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជន ជីវភាពប្រជាជនក្រីក្រ និងសង្គមជាតិធំធេង។
សមាជិកក្រុមការងារ ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី រៀបរាប់ថា ពួកគេបានស្រង់ព័ត៌មាន ពីគ្រប់មជ្ឈដ្ឋាន ដើម្បីស្រាវជ្រាវ និងវាយតម្លៃរួម ទាក់ទិនប្រព័ន្ធយុត្តិធម៌ និងការអនុវត្តជាក់ស្ដែងរបស់តុលាការ និងអយ្យការ។ លោកថា បើទោះបីរដ្ឋធម្មនុញ្ញបានចែងពីអំណាចតុលាការ ជាអំណាចឯករាជ្យ ដាច់ចេញពីអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិក្តី តែអនុវត្តជាក់ស្ដែងមិនដូច្នេះទេ។ ចៅក្រម និងព្រះរាជអាជ្ញា នៅតែឋិតក្រោមសម្ពាធគណបក្សកាន់អំណាច និងមន្ត្រីគ្រាក់ៗក្នុងរបបក្រុងភ្នំពេញ ធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពប្រជាជន។ លោកថា ក្រសួងយុត្តិធម៌ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានគ្រប់ដណ្ដប់លើស្ថាប័នតុលាការទាំងមូល និងដាក់សម្ពាធលើសេចក្ដីសម្រេចរបស់តុលាការ ប្រសិនបើរឿងក្តីនោះពាក់ព័ន្ធរឿងនយោបាយ៖ «រដ្ឋធម្មនុញ្ញយើងបានផ្ដល់ឱ្យប្រទេសកម្ពុជា មានការបែងចែកអំណាចដាច់ពីគ្នា ខ្ញុំគិតថា គណបក្សប្រជាជន គួរតែធ្វើការអនុវត្តឱ្យបាននូវច្បាប់រដ្ឋធម្មនុញ្ញយើង។ ឃើញហើយថា ការធ្វេសប្រហែស និងការមិនបានយកចិត្តបានយកចិត្តដាក់ និងគណបក្សប្រជាជនហ្នឹង គឺមានការបណ្ដែតបណ្ដោយឱ្យមានអំពើយុត្តិធម៌ជាច្រើន ក្នុងការស្ថាប័ន តុលាការ យើងឃើញថា មានប្រទេសជាច្រើន ក្នុងពិភពលោក មានប្រព័ន្ធតុលាការ ស្រដៀងយើងដែរ តែគេមានយុត្តិធម៌ជាងយើង»។
ខ្លឹមសាររបាយការណ៍បន្ថែមថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអំណាចកំពូលរបស់តុលាការ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន និងមានសមាជិកចំនួន ៨រូប។ សមាជិកឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម សុទ្ធសឹងជា មន្ត្រីគណៈកម្មការអចិន្ត្រៃយ៍ របស់គណបក្សកាន់អំណាច មាន ១០រូប រួមមាន ប្រធានតុលាការកំពូល លោក ឌិត មន្ទីរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោក អង្គ វង្សវឌ្ឍនា ចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអនុប្រធានតុលាការកំពូល។ លោក អ៊ុក គឹមសិទ្ធិ ព្រះរាជអាជ្ញារងតុលាការកំពូល លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍។ លោក អ៊ុំ សារិទ្ធិ សមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកស្រី លី វួចឡេង ចៅក្រមក្រសួងយុត្តិធម៌។ លោក ជីវ កេង អនុប្រធានតុលាការកំពូល លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង និងជាតំណាងមហាអយ្យការតុលាការកំពូល លោកជំទាវ ជា លាង ជាគណៈព្រះរាជអាជ្ញា មហាអយ្យការ និងជាសហព្រះរាជអាជ្ញាជាតិអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម ដែលពួកគាត់ជាសមាជិកគណៈកម្មការកណ្ដាល នៃគណបក្សកាន់អំណាច។
លើសពីនេះ ចៅក្រម និងតុលាការកំពូល ដែលសមាជិកគណបក្សប្រជាជន ទទួលសំណុំរឿងក្តី ប្រធានបក្សប្រឆាំងលោក កឹម សុខា បានកម្ទេច គណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ ។ របាយការណ៍បន្តថា របបក្រុងភ្នំពេញ បានបង្កើតច្បាប់ថ្មី៣ទៀត ទី១ ច្បាប់លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ទី២ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងទី ៣ ច្បាប់ស្ដីពី ការប្រព្រឹត្តទៅ នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម។ ច្បាប់ទាំងនេះ បានផ្ដល់អំណាចធំធេងដល់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីក្ដោបក្ដាប់អំណាចតុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់។
លោក មួង សូនី សង្កេតឃើញថា ច្បាប់ទាំង៣នេះ បានដើរបញ្ច្រាសពីរដ្ឋធម្មនុញ្ញ ដែលចែងថា អំណាចតុលាការជាអំណាចឯករាជ្យ។ លោកថា ការសម្រេចក្ដី របស់តុលាការគ្រប់ជាន់ថ្នាក់ នៅតែរងសម្ពាធពីក្រសួងយុត្តិធម៌ ដែលជាដើមហេតុ មិនផ្ដល់អំណាចពេញលេញ ដល់តុលាការ បំពេញភារកិច្ចអនុវត្តច្បាប់ ដោយស្មើភាពគ្នាក្នុងសង្គមនោះទេ។ ឧទាហរណ៍ ប្រសិនបើមន្ត្រីគ្រាក់ៗ របស់គណបក្សកាន់អំណាច ប្រព្រឹត្តខុសច្បាប់ ស្ថាប័នតុលាការទាំងនោះ គ្មានឥទ្ធិពល ផ្ដន្ទាទោស មន្ត្រីទាំងនោះទេ៖ «រដ្ឋអំណាចដែលដឹកនាំដោយ គណបក្សប្រជាជន ក្រៅពីការគ្រប់គ្រងតុលាការតាមរយៈ ក្រសួងយុត្តិធម៌ យើងមើលពីផលប៉ះពាល់ ។ ខ្ញុំគិតថា ការគ្រប់គ្រងបែបហ្នឹងគឺផ្ទុយស្រឡះ ពីច្បាប់រដ្ឋធម្មនុញ្ញដែលចែងថា ប្រទេសកម្ពុជាអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស។ អីចឹងបើពេលណា តុលាការមិនឯករាជ មិនបានបំពេញលក្ខខណ្ឌប្រទេសប្រជាធិបតេយ្យ អីចឹងវាដូចគ្នាប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនិស្ត បែបផ្ដាច់ការ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា សមាជិកឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមទាំង ១០រូប គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ព្រោះរបបនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស គណបក្សណា ដែលឈ្នះឆ្នោត គឺមន្ត្រីតុលាការ មន្ត្រីយោធា និងមន្ត្រីរាជការ សុទ្ធតែកើតចេញពីគណបក្សឈ្នះឆ្នោត។ លោកថា គណបក្សឈ្នះឆ្នោតមិនអាចយកមន្ត្រី បក្សប្រឆាំងចូលក្នុងស្ថាប័នសំខាន់ៗជាតិនោះទេ។ លោកបញ្ជាក់ថា ការតែងតាំងមន្ត្រីតុលាការ គឺជាសិទ្ធិរបស់គណបក្សឈ្នះឆ្នោត ដែលបានបង្កើតរាជរដ្ឋាភិបាល និងតែងតាំងមន្ត្រីរបស់ខ្លួនចូលក្នុងស្ថាប័នរបស់រដ្ឋ៖ «ថាៗទៅ អាហ្នឹង មិនមែនត្រឹម១០នាក់ទេ ២០ ទៅ ៣០នាក់ ឬ ១០០ % កើតចេញពីគណបក្សប្រជាជន ក៏អត់មានសិទ្ធិអីថាដែរ។ អាហ្នឹងវាជាសិទ្ធិសម្រេច របស់គណបក្សឈ្នះឆ្នោត។ ជឿអស់លោកយុវជន១០០ថ្ងៃ និង ២០០ថ្ងៃនេះគាត់ថាត្រូវទេ ? ខ្ញុំយល់ថា គាត់ចង់ទិតៀនរដ្ឋាភិបាល ក៏ប៉ុន្តែទិតៀន គេធ្វើត្រឹមត្រូវតាមច្បាប់ ត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំយល់ថា ការតែងតាំងមន្ត្រីតុលាការក្ដី និងមន្ត្រីយោធាក្ដី ដែលគណបក្សប្រជាជនឈ្នះឆ្នោត គឺត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់»។
ទោះយ៉ាងណា អ្នកជំនាញប្រជាធិបតេយ្យ និងជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការប្រកួតប្រជែងផ្នែកនយោបាយ គណបក្សកាន់អំណាចមិនគួរប្រើប្រព័ទ្ធតុលាការនោះទេ។ លោកចាត់ទុករបាយការណ៍នេះ ឆ្លុះបញ្ចាំងទិដ្ឋភាពសង្គមជាតិជាក់ស្ដែង ដែលចង់ឃើញ ស្ថាប័នពាក់ព័ន្ធត្រូវកែទម្រង់ប្រព័ន្ធតុលាការឡើងវិញ ដើម្បីសង្គ្រោះប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ លោកសង្កេតឃើញថា មហាជនទូទៅបានចាត់ទុក ប្រព័ន្ធតុលាការ មិនទាន់មានភាពឯករាជអព្យាក្រឹត្យទេ ដោយសារតែមន្ត្រីតុលាការ និងអយ្យការទាំងអស់ នៅមិនទាន់បំពេញការពារបម្រើផលប្រយោជន៍ពលរដ្ឋ និងការពារសិទ្ធិសេរីភាព ត្រឹមត្រូវតាមក្របខ័ណ្ឌច្បាប់នៅឡើយទេ។ លើសពីនេះ មន្ត្រីតុលាការទាំងអស់ នៅមិនទាន់គាស់ អគតិទាំង៤បានទេ គឺលម្អៀងដោយខ្លាច លម្អៀងដោយស្អប់ លម្អៀងដោយស្រឡាញ់ និងលម្អៀងដោយអាណិត។ ទន្ទឹមនឹងនេះ នៅគ្រាដែលពលរដ្ឋដាក់ពាក្យប្តឹងទៅតុលាការ នៅតែមានភាពស្មុគស្មាញច្រើន៖ «តុលាការ មិនមែនតែមតិអង្គការសង្គមស៊ីវិលយើងទេ មតិពលរដ្ឋក្តី មតិសហគមន៍អន្តរជាតិក្តី របាយការណ៍ដែលបានចេញផ្សាយមួយចំនួន ក៏បានលើកឡើង អំពីឯករាជរបស់តុលាការកម្ពុជា គឺគេមើលឃើញជាក់ស្ដែងថា មិនទាន់មានភាពឯករាជ អព្យាក្រឹត្យទេ ដោយសារតែ អ្នកទាំងអស់នោះ មិនទាន់បានបំពេញតួនាទីខ្លួន ល្អប្រសើរឡើយ ដោយការពារផលប្រយោជន៍ សិទ្ធិសេរីភាពពលរដ្ឋ ស្របតាមច្បាប់ជាតិ និងអន្តរជាតិហ្នឹង យើងកម្រឃើញមាន ក្នុងការពារប្រយោជន៍ពួកគាត់ណាស់»។
របាយការណ៍បន្តថា តុលាការឋិតក្រោមការបង្គាប់បញ្ជារបស់គណបក្សកាន់អំណាច ដែលនាំឱ្យសង្គមជាតិបែកបាក់ជាតិ បែងចែកវណ្ណៈ ពុករលួយ និង បង្កើតវប្បធម៌និទ្ទណ្ឌភាព និងដើរបញ្ច្រាស ពីគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ លើសពីនេះ មន្ត្រីភាគច្រើនក្នុងស្ថាប័នតុលាការ និងអយ្យការ បានយកតួនាទី រកស៊ី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងកាត់ក្តីលម្អៀងទៅរកបុគ្គលមានធនធានច្រើន។
រដ្ឋធម្មនុញ្ញ មាត្រា ១២៨ និង ១៣០ ចែងថា អំណាចតុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគតិ និងការពារសិទ្ធិ សេរីភាពពលរដ្ឋ។ គ្មានមានស្ថាប័នណាមួយ ដែលឋិតក្រោមអំណាចនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឬរដ្ឋាភិបាល អាចទទួលអំណាចពីតុលាការបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។