អាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ទៀត ក្នុងនោះក៏មានលោក គង់ ម៉ាស់ ដែលទើបចេញពីពន្ធនាគារ
2020.12.31
អាជ្ញាធររបបក្រុងភ្នំពេញបន្តចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ២រូបទៀត ដាក់ពន្ធនាគារនៅថ្ងៃទី៣១ ធ្នូ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ គឺជារឿងនយោបាយ។
អាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ២រូប គឺ សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក គង់ម៉ាស់ និងចៅសង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង លោក ខាន់ ប៊ុនផេង បញ្ជូនទៅតុលាការក្រុងភ្នំពេញ ក្រោមបទចោទដូចៗគ្នា គឺបទ «រួមគំនិតក្បត់»។
ប្រពន្ធលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ឲ្យដឹងថា ការចាប់ខ្លួននេះ គឺជារឿងអយុត្តិធម៌បំផុត ព្រោះប្តីលោកស្រីមិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកស្រីចាត់ទុកការចាប់ខ្លួននេះថាជារឿងនយោបាយ និងស្នើឲ្យតុលាការដោះលែងប្តីលោកស្រីឲ្យមានសេរីភាពវិញ និងទម្លាក់បទចោទប្រកាន់ទាំងនេះ៖ «និយាយទៅ អត់ដឹងថា គេចាប់មូលហេតុអីទេ។ ធម្មតា ឧទាហរណ៍ថា បើសិនជាគាត់ធ្វើអ្វីខុស ឬមានបញ្ហា គេមានដីកា គេប្រាប់មុន ឬក៏គេបង្ហាញដីកាមក។ ប៉ុន្តែ នេះគាត់ទៅញាំកាហ្វេ ស្រាប់តែគេចាប់គាត់ដាក់ឡានយកទៅហ្មង»។
សកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ ទើបតែរួចផុតពីការឃុំឃាំងកាលពីខែសីហាកន្លងទៅនេះទេ បន្ទាប់ពីតុលាការបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ១៨ខែ និង១៥ថ្ងៃ ពីបទញុះញង់ និងបរិហារកេរ្តិ៍មន្ត្រីរាជការសាធារណៈ។
ចំណែកប្រពន្ធលោក ខាន់ ប៊ុនផេង គឺលោកស្រី ម៉ែន គន្ធាវី ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ធ្នូ លោកស្រីមិនទាន់បានទទួលដំណឹងពីប្តីលោកស្រីថា អាជ្ញាធរបានបញ្ជូនខ្លួន ឬឃុំខ្លួនប្តីលោកស្រីនៅទីណានោះទេ។ លោកស្រីស្នើឲ្យអាជ្ញាធរផ្តល់ព័ត៌មានឲ្យក្រុមគ្រួសារពីករណីចាប់ខ្លួននេះ ហើយស្នើឲ្យអង្គការជាតិ និងអន្តរជាតិជួយតាមដាន ឃ្លាំមើលរឿងនេះ។ លោកស្រីចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ ព្រោះប្តីលោកស្រីមិនបានប្រព្រឹត្តិកំហុស ឬធ្វើសកម្មភាពអ្វីខុសច្បាប់នោះទេ៖ «មានតែរឿងនយោបាយហ្នឹងហើយ ព្រោះគាត់អត់មានទំនាស់ជាមួយអ្នកជិតខាងឬក៏មានស្អីណាទេ អត់ដែលទេ។ ចំពោះរឿងហ្នឹង វាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែរហ្នឹង ព្រោះអីនៅស្ងៀមៗមកចាប់អញ្ចឹង អត់មានធ្វើអីផងហ្នឹង។ ខ្ញុំចង់ស្នើសុំឲ្យគេដោះលែងមក ព្រោះអីគាត់អត់មានកំហុសអីទេ ហើយគាត់ឈឺផង។ មុននឹងខ្ញុំមក គាត់ចេះតែថា ដូចមិនស្រួលខ្លួនដែរ ប៉ុន្តែខ្ញុំអាងថា ខ្ញុំមកតែ២-៣ថ្ងៃ ខ្ញុំទៅវិញហើយ។ គាត់មានជំងឺខ្វះកាល់ស្យូម ហើយនឹងខ្វះគ្រាប់ឈាម ហើយនឹងមានជំងឺបេះដូង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងថា អាជ្ញាធរចាប់ខ្លួនសកម្មជននយោបាយបក្សប្រឆាំងទាំងពីររូប តាមដីការបស់តុលាការ៖ «សមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការ ហើយបានបញ្ជូនទៅតុលាការហើយ។ សមត្ថកិច្ចបានចាប់គាត់កាលពីថ្ងៃត្រង់ ហើយកំពុងតែបញ្ជូនមកភ្នំពេញ»។
តុលាការក្រុងភ្នំពេញបានចេញដីកាបញ្ជូនលោក គង់ ម៉ាស់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកលោក ខាន់ ប៊ុនផេង វិញអាជ្ញាធរឱ្យដឹងថា កំពុងបញ្ជូនលោកមករាជធានីភ្នំពេញ។
ការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់នេះ ធ្វើឡើងនៅមុនថ្ងៃកំណត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដាក់គម្រោងវិលចូលស្រុកជាលើកទី២នៅថ្ងៃទី៤ មករា ខាងមុខ ដើម្បីចូលខ្លួនក្នុងសវនាការជំនុំជម្រះរឿងឧបឃាត និងសំណុំរឿងដទៃទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីចាប់ខ្លួនជាបន្តបន្ទាប់នេះ គឺជារឿងនយោបាយ ដូចករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងអំឡុងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩យ៉ាងដូច្នេះដែរ។ លោកស្នើឲ្យអ្នកនយោបាយទាំងអស់គួរស្វែងរកដំណោះស្រាយ ដោយការចរចាគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជនមូលដ្ឋានផ្សេងទៀត៖ «មតិជាតិ អន្តរជាតិមួយចំនួនហ្នឹង គេយល់ថា រឿងទាំងអស់នេះ វាពាក់ព័ន្ធនឹងស្ថានភាពនយោបាយ រឿងនយោបាយ។ អញ្ចឹង ការណ៍ដែលមិនចង់ឲ្យមានបញ្ហាទាំងអស់នេះកើតឡើងទៀត ខ្ញុំគិតថាអ្នកនយោបាយទាំងអស់ហ្នឹង គួរតែមានច្រកណាដែលអាចជជែកគ្នា ចរចាគ្នាឡើងវិញ ដើម្បីធ្វើយ៉ាងម៉េចគិតអំពីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយធ្វើយ៉ាងម៉េចយើងបញ្ចប់ទៅនូវការយកប្រជាពលរដ្ឋធ្វើជាឧបករណ៍ផ្នែកនយោបាយអីជាបន្តបន្ទាប់ទៀត ពីព្រោះយើងឃើញថា អ្នកដែលរងគ្រោះ គឺជាពលរដ្ឋ»។
ក្នុងឆ្នាំ២០២០ នេះ អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជននយោបាយ សកម្មជនបរិស្ថាន ព្រះសង្ឃ និងក្រុមយុវជនប្រមាណជាង៥០នាក់ហើយ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទញុះញង់ រួមគំនិតក្បត់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សផង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយស្នើឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ។ ស្ថាប័នទាំងនោះ យល់ថា ក្ដីក្ដាំប្រឆាំងនឹងពួកគេនេះ ធ្វើឡើងក្រោមហេតុផលនយោបាយ មិនមែនជាការអនុវត្តច្បាប់ដោយត្រឹមត្រូវនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។