អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២នាក់​ទៀត ក្នុងនោះ​ក៏​មាន​លោក គង់ ម៉ាស់ ដែលទើប​ចេញ​ពីពន្ធនាគារ

0:00 / 0:00

អាជ្ញាធរ​​របប​ក្រុងភ្នំពេញ​​បន្ត​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​២រូប​ទៀត ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី៣១ ធ្នូ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​នេះ គឺ​ជា​រឿង​នយោបាយ។

អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២រូប គឺ ​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​​ខេត្តស្វាយរៀង លោក គង់ម៉ាស់ និង​ចៅសង្កាត់​ព្រែកព្រះស្តេច ខេត្តបាត់ដំបង លោក ខាន់ ប៊ុនផេង បញ្ជូន​ទៅ​តុលាការ​ក្រុងភ្នំពេញ​ ក្រោម​បទចោទ​ដូចៗគ្នា គឺ​បទ «រួមគំនិតក្បត់»។

ប្រពន្ធ​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ឲ្យ​ដឹងថា ការចាប់ខ្លួន​នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្តិ​កំហុស​​ដូច​ការចោទ​ប្រកាន់​របស់​តុលាការ​នោះទេ។ លោកស្រី​ចាត់ទុក​ការចាប់​ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ និង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្តី​លោកស្រី​ឲ្យ​មាន​សេរីភាព​វិញ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំងនេះ៖ «និយាយ​ទៅ​ អត់​ដឹង​ថា គេ​ចាប់​មូលហេតុ​អីទេ។ ធម្មតា ឧទាហរណ៍​ថា បើសិន​ជា​គាត់​ធ្វើអ្វី​ខុស​ ឬ​មាន​បញ្ហា គេ​មាន​ដីកា គេ​ប្រាប់​មុន ឬក៏​គេ​បង្ហាញ​ដីកា​មក។ ប៉ុន្តែ​ នេះ​គាត់​ទៅ​ញាំ​កាហ្វេ ស្រាប់​តែ​គេ​ចាប់​គាត់​ដាក់​ឡាន​យក​ទៅ​ហ្មង»

សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ ទើប​តែ​​រួចផុត​ពី​ការឃុំឃាំង​កាល​ពី​ខែសីហា​កន្លង​ទៅ​នេះ​ទេ បន្ទាប់​ពី​តុលាការ​បាន​​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​១៨ខែ និង​១៥ថ្ងៃ ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​មន្ត្រី​រាជការ​សាធារណៈ។

ចំណែក​ប្រពន្ធ​លោក ខាន់ ប៊ុនផេង គឺ​លោកស្រី ម៉ែន គន្ធាវី ឱ្យ​ដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី៣១ ធ្នូ លោកស្រី​មិនទាន់​បាន​ទទួល​ដំណឹង​ពី​ប្តី​លោកស្រី​ថា អាជ្ញាធរ​បាន​បញ្ជូន​ខ្លួន ឬ​ឃុំ​ខ្លួន​ប្តី​លោកស្រី​នៅទី​ណា​នោះទេ។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ឲ្យ​ក្រុម​គ្រួសារ​ពី​ករណី​ចាប់​​ខ្លួន​នេះ ហើយ​ស្នើ​ឲ្យ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ជួយ​តាមដាន ឃ្លាំមើល​រឿងនេះ។ លោកស្រី​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ ព្រោះ​ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្តិ​កំហុស​ ឬធ្វើ​សកម្មភាព​អ្វី​ខុស​ច្បាប់​នោះ​ទេ៖ «មាន​តែ​រឿង​នយោបាយ​ហ្នឹង​ហើយ ព្រោះ​គាត់​អត់​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​ឬក៏​មាន​ស្អី​ណា​ទេ អត់​ដែល​ទេ។ ចំពោះ​រឿង​ហ្នឹង​ វា​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដែរ​ហ្នឹង ព្រោះអី​នៅ​ស្ងៀមៗ​មក​ចាប់​អញ្ចឹង អត់មាន​ធ្វើ​អី​ផង​ហ្នឹង។ ខ្ញុំ​ចង់​ស្នើ​សុំ​ឲ្យ​គេ​ដោះលែង​មក ព្រោះអី​គាត់​អត់​មាន​កំហុស​អីទេ ហើយ​គាត់​ឈឺ​ផង។ មុន​នឹង​ខ្ញុំ​មក គាត់​ចេះ​តែ​ថា ដូច​មិន​ស្រួល​ខ្លួន​ដែរ ប៉ុន្តែ​ខ្ញុំ​អាង​ថា ខ្ញុំ​មក​តែ២-៣ថ្ងៃ ខ្ញុំ​ទៅ​វិញ​ហើយ។ គាត់​មាន​ជំងឺ​ខ្វះ​កាល់ស្យូម ហើយ​នឹង​ខ្វះ​គ្រាប់​ឈាម ហើយ​នឹង​មាន​ជំងឺបេះដូង»

ឆ្លើយតប​រឿង​នេះ អ្នកនាំ​​ពាក្យ​​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ លោក ឆាយ គឹមខឿន លើកឡើង​ថា អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ទាំង​ពីររូប តាម​ដីកា​របស់​តុលាការ៖ «សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​តុលាការ ហើយ​បាន​បញ្ជូន​​ទៅ​តុលាការ​ហើយ។ សមត្ថកិច្ច​បាន​ចាប់​គាត់​កាល​ពីថ្ងៃត្រង់ ហើយ​កំពុង​តែ​បញ្ជូន​មក​ភ្នំពេញ»

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​​បញ្ជូន​លោក គង់ ម៉ាស់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ចំណែក​​លោក ខាន់ ប៊ុនផេង វិញអាជ្ញាធរ​ឱ្យដឹង​ថា កំពុង​បញ្ជូន​លោក​មក​រាជធានីភ្នំពេញ។

ការចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់​​​នេះ ធ្វើ​ឡើង​នៅ​មុន​​ថ្ងៃ​កំណត់​​​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដាក់​គម្រោង​​​​វិល​ចូល​ស្រុក​ជា​លើកទី២​នៅ​ថ្ងៃទី៤ មករា​ ខាង​មុខ ដើម្បី​​ចូល​ខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះ​រឿង​ឧបឃាត និង​សំណុំ​រឿង​ដទៃ​ទៀត។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ គឺជា​រឿង​នយោបាយ ដូច​ករណី​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​អំឡុង​​​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩យ៉ាង​ដូច្នេះ​ដែរ។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​គួរ​ស្វែងរក​ដំណោះ​ស្រាយ ដោយ​ការចរចា​គ្នា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ហើយ​បញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​មូលដ្ឋាន​ផ្សេងទៀត៖ «មតិ​ជាតិ ​អន្តរជាតិ​មួយ​ចំនួន​ហ្នឹង គេ​យល់​ថា រឿង​ទាំងអស់​នេះ​ វា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ រឿង​នយោបាយ។ អញ្ចឹង​ ការណ៍​ដែល​មិន​ចង់​ឲ្យ​មាន​បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​ទៀត​ ខ្ញុំគិត​ថាអ្នកនយោបាយ​ទាំងអស់​ហ្នឹង គួរតែ​មាន​ច្រក​ណា​ដែល​អាច​ជជែក​គ្នា ចរចា​គ្នា​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​គិត​អំពី​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​ធ្វើ​យ៉ាងម៉េច​យើង​បញ្ចប់​ទៅនូវ​ការយក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឧបករណ៍​ផ្នែក​នយោបាយ​អីជា​បន្ត​បន្ទាប់​ទៀត ពី​ព្រោះ​យើង​ឃើញ​ថា អ្នក​ដែល​រងគ្រោះ គឺជា​ពលរដ្ឋ»

ក្នុង​ឆ្នាំ២០២០ នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​​នយោបាយ​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ​ និង​ក្រុម​យុវជន​​ប្រមាណ​ជាង​​​៥០នាក់​ហើយ ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពីបទ​ញុះញង់ រួមគំនិត​ក្បត់ និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាដើម។ ក្រុម​សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន រួមទាំង​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់​ ​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ។ ស្ថាប័ន​ទាំងនោះ​ យល់ថា​​​​​ ក្ដីក្ដាំ​ប្រឆាំង​នឹង​ពួកគេ​នេះ​​ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។