អាជ្ញាធរ បញ្ជូន​ក្រុម «ស្ត្រីក្លាហាន» ​៣នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ​ខណៈ​​បង្ខំ​ឲ្យ​សកម្មជន ៨នាក់​ទៀត​ ចុះ​កិច្ចសន្យា​ឈប់​តវ៉ា

ដោយ៖​ អាស៊ីសេរី
2020.12.30
អាជ្ញាធរ បញ្ជូន​ក្រុម «ស្ត្រីក្លាហាន» ​៣នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ​ខណៈ​​បង្ខំ​ឲ្យ​សកម្មជន ៨នាក់​ទៀត​ ចុះ​កិច្ចសន្យា​ឈប់​តវ៉ា ទិដ្ឋភាពខាងមុខសាលាដំបូង​រាជធានី​ភ្នំពេញ
រូប៖ ពលរដ្ឋ

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បញ្ជូន​ក្រុម «ស្ត្រីក្លាហាន» ដែល​ជា​ក្រុម​សកម្មជន​ឈឺឆ្អាល​សង្គម​ ៣នាក់​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃទី៣០ ធ្នូ ខណៈ​សកម្មជន​៨នាក់​ទៀត​បង្ខំ​ឱ្យ​​ធ្វើ​កិច្ចសន្យា​ឈប់​​​ចូលរួម​តវ៉ា​​នៅ​ថ្ងៃ​ក្រោយ​ទៀត។ មន្ត្រី​សង្គមស៊ីវិល​ យល់ថា រឿងនេះ​​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។

សកម្មជន​ឈឺឆ្អាល​សង្គម​ទាំង​បីនាក់​ដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​នោះ​ ​រួមមាន​២នាក់​មកពី​រាជធានី​ភ្នំពេញ ​គឺ​លោកស្រី ហុង អាន និង​ លោកស្រី សាន ស្រីនៀត និង​ម្នាក់​ទៀត​​ គឺ​លោកស្រី ប៉ៃ រ៉េន មកពី​ខេត្តឧត្ដរមានជ័យ។ អ្នកទាំងបី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី២៨ និង​២៩។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នកទាំងបី​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍។

កូន​ប្រុស​របស់​លោកស្រី ហុង អាន ​​គឺ​លោក ហេង ឆាយ ថា ការចាប់ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បញ្ជាក់​ថា ម្ដាយ​របស់​លោក​​ជា​មនុស្ស​​ស្លូតត្រង់​ និង​​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​​អ្វី​ឡើយ៖ «ខ្ញុំ​ទទួល​យក​អត់​បាន​ទេ​បង​ ព្រោះ​ដោយសារ​គាត់​ថា​ញុះញង់​អីចឹង គឺ​អត់​ត្រូវ​ទេ​ នេះ​គ្រាន់តែ​គាត់​ទៅ​បញ្ចេញ​មតិ។ ខ្ញុំ​ទាមទារ​ឱ្យ​គេ​​ដោះលែង​ម្ដាយ​ខ្ញុំ​ព្រោះ​ដោយសារ​​គាត់​អត់​បាន​ប្រព្រឹត្ត​​ណា​មួយ​ដែល​ខុស​ពី​ច្បាប់​ គ្រាន់​តែ​គាត់​ចូល​រួម​សម្ដែង​មតិ»

ជាមួយ​គ្នានេះ ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៨នាក់​ទៀត​​​បញ្ជូន​ទៅ​សាកសួរ​កាល​ពី​ថ្ងៃទី២៩ ធ្នូ។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់ អាស៊ីសេរី ថា សកម្មជន​ទាំង៨នោះ​ អ្នក​​មក​ពី​​ខេត្តត្បូងឃ្មុំ​២នាក់​ ខេត្តឧត្ដរមានជ័យ​៥នាក់​ និង​ម្នាក់ទៀត​​គឺ​លោកស្រី សុខ បូលីម៉ា នៅ​រាជធានី​ភ្នំពេញ។ លោក​​ឱ្យ​ដឹង​ថា ប៉ូលិស​​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​​ពួកគេ​ត្រឡប់​ទៅ​ខេត្ត​​​កំណើត​របស់​ពួកគេ​​រៀងៗ​ខ្លួន​អស់ហើយ ចំណែក​លោកស្រី សុខ បូលីម៉ា សមត្ថកិច្ច​បន្ត​នីតិវិធី​នៅ​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រហូត​មក​ទល់​​​ម៉ោង​៣រសៀល​ថ្ងៃទី៣០ ធ្នូ មិន​ទាន់​ចប់​នៅឡើយ។ លោក​បញ្ជាក់​ថា ​ពួកគេ​ចូល​រួម​តវ៉ា​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ ដូច្នេះ​​សមត្ថកិច្ច​នាំ​ខ្លួន​ពួកគេ​យក​មក​​​អប់រំ រួច​ឱ្យ​ធ្វើ​កិច្ចសន្យា​​​ឈប់​ការតវ៉ា​​នៅ​ថ្ងៃ​​ក្រោយ​ទៀត៖ «គឺ​ការធ្វើ​ការជួបជុំ​អី​មួយ​គឺ​ស្នើ​សុំ​ឱ្យ​ធ្វើ​លិខិត​ត្រឹមត្រូវ​ មាន​ឈ្មោះ​ត្រឹម​មក​ពី​ណា​​ត្រឹមត្រូវ​ ដើម្បី​ងាយ​ស្រួល​តាមដាន។ បើសិន​ជា​ពេល​ហ្នឹង​មាន​បញ្ហា គឺ​អ្នក​ហ្នឹង​អ្នក​ទទួលខុសត្រូវ។ ដល់​ពេល​អីចេះ​​វា​អត់​ដឹង​ថា​ប្រភព​ថា​គាត់​មក​ពី​ណា​ខ្លះ។ អីចឹង​​ បើ​គាត់​មក​បង្ក​បញ្ហា​ផ្សេង​មក​នេះ​ គឺ យើង​ត្រូវ​ហៅ​សាកសួរ​ដើម្បី​ឱ្យ​ដឹង។ បាទ​!​អាហ្នឹង​ជាក់​ស្ដែង​វា​តែ​ប៉ុណ្ណឹង ដូច​ជា​អត់​មាន​អីទេ​ គ្រាន់តែ​បន្ត​សួរ​នាំ​ខ្លះ​ ហើយ​ធ្វើ​កិច្ចសន្យា​អប់រំ»

នាយករង​អង្គការ​លីកាដូ (Licadho) ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក អំ សំអាត យល់ថា​ រឿង​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​​ការ​សម្ដែង​មតិ​របស់​​ប្រជាពលរដ្ឋ​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គមស៊ីវិល​រូប​នេះ និយាយ​ថា​ បើ​ទោះ​បី​ជា​​មិនបាន​សុំ​ច្បាប់​អនុញ្ញាត​ក៏ដោយ ពលរដ្ឋ​មាន​សិទ្ធិ​ជួបជុំ​តវ៉ា ដោយ​សន្តិវិធី និង រួចផុត​ពី​ការប្រើ​អំពើហិង្សា​នានា។ លោក​ បន្ថែម​ថា ការធ្វើ​បែប​នេះ គឺ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​​​ប្រជាធិបតេយ្យ​ ហើយ​​អាច​នឹង​​រង​ការរិះគន់​​​ពី​​សហគមន៍​អន្តរជាតិ​​មក​លើ​កម្ពុជា៖ «ស្ថានភាព​នយោបាយ​វា​នៅ​ធូរស្រាល​​ ខ្ញុំ​ឃើញ​ថា​ការ​ជួបជុំ ការប្រមូល​ផ្ដុំ​អី​អត់​ដូច​សព្វថ្ងៃ​ទេ។ អីចឹង​បើ​យើង​មើល​ មក​ឥឡូវ​នេះ​វិញ​ គឺ​ដោយសារ​តែ​បញ្ហា​ហ្នឹង​​ ដោយសារ​ស្ថានភាព​នយោបាយ​ផង​ ​និង​បញ្ហា​ជំងឺ​កូវីដ-១៩​ផងដែរ។ ប៉ុន្តែ​បើ​សិន​ទិដ្ឋភាព​ទូទៅ​​យើង​ឃើញ​ថា យូរ​ឆ្នាំ​នៅ​មុខ​តុលាការ​ហ្នឹង​ វា​អ្នកតវ៉ា​ជា​ច្រើន​ដែរ​មិន​ដែល​មាន​ការតវ៉ា​​រឹតបន្តឹង​ដូច​ពេលនេះ​ទេ»

ការចាប់ខ្លួន​​សកម្មជន​ឈឺឆ្អាល​សង្គម និង​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​​ប្រមាណ​១សប្ដាហ៍​នៅ​មុន​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​វិញ​ជា​លើក​ទី២​​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួមដំណើរការ​​ក្ដី​តាម​ការកោះហៅ​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។