សង្គមស៊ីវិលចំនួន ៤ស្ថាប័នផ្សេងគ្នា បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី៥ កញ្ញា ដើម្បីបង្ហាញពីកង្វល់ជុំវិញវិបត្តិនយោបាយ ដែលកំពុងរុញច្រានកម្ពុជាឱ្យប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ របបក្រុងភ្នំពេញចំអកថា សកម្មភាពរបស់សង្គមស៊ីវិលនេះ គឺរឿងគួរឱ្យអស់សំណើច។
សង្គមស៊ីវិលដែលដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ រួមមាន សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាអតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា សហជីព និងសមាគមសម្រេចដាក់លិខិតទៅព្រះមហាក្សត្រ ដើម្បីបង្ហាញពីក្តីព្រួយបារម្ភទាក់ទងនឹងស្ថានភាពនយោបាយអាប់អួ និងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែលកំពុងធ្វើឱ្យកម្ពុជាប្រឈមមុខនឹងការកាត់ផ្ដាច់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ លោកថា ប្រសិនបើអ្នកនយោបាយខ្មែរមិនបន្ទន់ជំហរដោះស្រាយវិបត្តិនយោបាយទេ នោះកម្ពុជានឹងចៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនោះឡើយ ហើយពេលនោះពលរដ្ឋខ្មែររាប់លាននាក់នឹងត្រូវរងគ្រោះ៖ «ថ្នាក់ដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិត្រូវតែអង្គុយជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយ ហើយបើគណបក្សកាន់អំណាចនៅតែទាត់ចោល ផាត់ចោលក្រុមបក្សប្រឆាំង ធ្វើឱ្យប្រទេសកម្ពុជាយើងមិនអាចឆ្ពោះទៅរកការរីកចម្រើនបានទេ ហើយក៏មិនអាចធ្វើឱ្យស្ថិរភាពសង្គមហ្នឹងបានល្អប្រសើរដែរ»។
ក្រុមសង្គមស៊ីវិលជំរុញឱ្យអ្នកនយោបាយវិលមករកតុចរចាវិញ ដើម្បីផ្សះផ្សាការប្រេះស្រាំទាំងឡាយ ដែលអាចនាំបញ្ហាដល់ជាតិ។ ក្រុមសង្គមស៊ីវិលស្នើដល់អង្គព្រះមហាក្សត្រប្រើបុព្វសិទ្ធិពិសេស យាងជាអធិបតីជួយសម្របសម្រួលនយោបាយរវាងភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញ។
ទោះជាយ៉ាងណា ការដាក់លិខិតរបស់ក្រុមសង្គមស៊ីវិលនេះ គឺនៅចំពេលដែលព្រះមហាក្សត្រមិនមានវត្តមាននៅក្នុងប្រទេសឡើយ ដោយទ្រង់ និងព្រះមាតា សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ កំពុងស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនៅឡើយ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់ទុកទង្វើរបស់ក្រុមសហជីព និងសមាគមនេះ ថា ជារឿងគួរឱ្យអស់សំណើច និងជាការដាក់សម្ពាធលើព្រះមហាក្សត្រ។ លោកចោទថា ក្រុមសង្គមស៊ីវិលកំពុងធ្វើសកម្មភាពបម្រើឱ្យបក្សប្រឆាំង ដោយជ្រកក្រោមផ្លាកសហជីព និងសមាគម។ លោកអះអាងថា នឹងគ្មានការចរចាជាមួយគណបក្សសង្គ្រោះជាតិឡើយ ព្រោះលោកថា កម្ពុជាមិនមានវិបត្តិនយោបាយដូចការលើកឡើងនោះទេ៖ «ចៅហ្វាយរបស់គេបានបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបឈប់ទិញឥវ៉ាន់ពីកម្ពុជា អាហ្នឹងជាការចាប់ផ្ដើម ឥលូវក្រុមដដែលហ្នឹងក៏បានទៅបង្កើតសាច់រឿងមួយទៀតដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល សម្រាប់ធ្វើយ៉ាងម៉េចដើម្បីកុំឱ្យបាត់បង់ EBA ។ អាហ្នឹងជារឿងមួយគួរឱ្យសំណើច។ ចំណែកចំណុចទីពីរដែលខំយាងព្រះមហាក្សត្រមកលូកលាន់រឿងហ្នឹង គឺជាការដាក់សម្ពាធលើព្រះមហាក្សត្រ ធ្វើឱ្យព្រះអង្គហ្នឹងប្រាសចាកពីអ្វីដែលធានាដោយរដ្ឋធម្មនុញ្ញ»។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលចូលរួមថ្វាយលិខិតទៅព្រះមហាក្សត្រដែរនោះ ប្រតិកម្មថា ប្រសាសន៍របស់មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញនេះ បង្ហាញថា រដ្ឋាភិបាលគ្មានបំណងបង្រួមបង្រួមជាតិឡើយ ហើយរឹតតែធ្វើឱ្យជាតិបែកបាក់ធ្ងន់ធ្ងរ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ពួកលោកមិនចង់ឃើញអ្នកនយោបាយខ្មែរបន្តហែកហួរគ្នាបែបនេះឡើយ ហើយកាន់តែមិនចង់ឃើញអ្នកនយោបាយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនប្រឈមមុខដាក់គ្នាថែមទៀត។ លោកបញ្ជាក់ថា សកម្មជនភាពរបស់ក្រុមសហជីព និងសមាគមនេះ មិនជាប់ពាក់ព័ន្ធនឹងគណបក្សណាឡើយ ប៉ុន្តែធ្វើឡើងក្នុងគោលបំណងជួយស្រោចស្រង់ស្ថានការណ៍អាក្រក់ ដែលអាចនឹងកើតមានឡើងតាមរយៈជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងប៉ុណ្ណោះ។ លោកបន្ថែមថា ព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិពិសេសក្នុងការយាងអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ហើយនេះជាអ្វីដែលព្រះបិតាព្រះអង្គ គឺព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តែងតែធ្វើ កាលទ្រង់នៅមានព្រះជន្ម៖ «ពេលនេះ គឺប្រទេសកម្ពុជាកំពុងតែជួបផលវិបាក អ៊ីចឹងការស្នើសុំទៅព្រះមហាក្សត្រនេះ គឺមិនមែនដាក់សម្ពាធទៅលើព្រះអង្គទេ ព្រោះព្រះអង្គជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ។ អ៊ីចឹងការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ គឺមិនត្រឹមត្រូវទេ ហើយមិនបានផ្ដល់តម្លៃទៅលើការតម្កល់ផលប្រយោជន៍ជាតិជាធំទេ»។
រដ្ឋធម្មនុញ្ញចែងច្បាស់ថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះអង្គទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ទ្រង់ក៏មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ដែរ។
ក្រុមអ្នកតាមស្ថានការណ៍កម្ពុជាវាយតម្លៃថា ជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ដែលទាមទារឱ្យព្រះមហាក្សត្រយាងអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះកាច ដែលអាចនឹងកើតមានឡើង។ គ្រោះកាចនោះ គឺការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។