គិតមកដល់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ ការរំលាយគណបក្សសង្គ្រោះជាតិ មានរយៈពេល ៥ឆ្នាំគត់។ អ្នកច្បាប់ថា សេចក្ដីសម្រេចរបស់តុលាការកំពូលឆ្នាំ២០១៧ ដែលរំលាយគណបក្សសង្គ្រោះជាតិ ដកហូតតំណែងតំណាងរាស្ត្រ ៥៥អាសនៈ និងរំលាយមុខតំណែងក្រុមប្រឹក្សាឃុំសង្កាត់ជាងប្រាំពាន់ (៥០០៦)និងហាមឃាត់មន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រឆាំងមិនឱ្យធ្វើនយោបាយ ៥ឆ្នាំនោះ បានរំលោភច្បាប់ជាច្រើន។
តើសាលដីការបស់តុលាការកំពូលនេះបំពានច្បាប់បែបណាខ្លះ?
ការ អនុវត្តច្បាប់បែបប្រតិសកម្មរបស់តុលាការកំពូល
ការបំពានច្បាប់ដំបូងគេរបស់តុលាការកំពូល គឺការអនុវត្តច្បាប់បែបប្រតិសកម្ម ឬការអនុវត្តន៍ច្បាប់ធាក់ថយក្រោយ។ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជានោះ បានហាមមិនឱ្យមានការអនុវត្តច្បាប់ធាក់ថយទេ។ លើសពីនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏ហាមមិនឱ្យអនុវត្តច្បាប់ធាក់ថយក្រោយដែរ។
ប៉ុន្តែតុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះថែមទាំងដកហូតអាសនៈសភាតំណាងរាស្ត្រ ៥៥អាសនៈ និងហាមមន្ត្រីចំនួន ១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ព្រមទាំងរំលាយមុខតំណែងក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះជាងប្រាំពាន់ (៥០០៦)នាក់ ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយឆ្នាំ២០១៧ ដែលច្បាប់នេះធ្វើឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នោះ អ្នកច្បាប់ថា វាជាការអនុវត្តច្បាប់ធាក់ថយក្រោយ ដែលបំពានលើច្បាប់កម្ពុជាខ្លួនឯង។
មន្ត្រីតុលាការកំពូលមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង ប្រាប់វិទ្យុអាស៊ីសេរីថា យោងតាមគោលការណ៍ប្រតិសកម្ម ឬគោលការណ៍មិនអនុវត្តច្បាប់ធាក់ថយក្រោយ គណបក្សនយោបាយ សមាសភាពមន្ត្រីដែលបានទទួលអាណត្តិដោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងថ្នាក់មូលដ្ឋានឆ្នាំ២០១៧ រួមមាន សមាជិកសភា និងក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សសង្គ្រោះជាតិ មិនអាចត្រូវរំលាយបានទេ។ ប៉ុន្តែអង្ករបានក្លាយជាបាយរួចទៅហើយ។
លោកថា ដូចការលេងកីឡាផ្សេងៗ ដែរ មុនការប្រកួតប្រជែង គេតែងតែបង្កើតវិធាន ឬច្បាប់ស្ដីពីរបៀបដែលត្រូវលេង។ នៅមុនការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៣ កម្ពុជាបានកំណត់នូវវិធាន ឬច្បាប់ ដែលត្រូវលេងរបៀបណា។ ទាំងច្បាប់បោះឆ្នោតក្ដី ទាំងនីតិវិធីបោះឆ្នោតក្ដី ទាំងបទបញ្ជាក្ដី និងទាំងនីតិវិធីសម្រាប់ការបោះឆ្នោតរបស់ គ.ជ.ប ក្ដី បានកំណត់យ៉ាងជាក់ច្បាស់ថា កម្ពុជា៖
១. បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ
២. សមាជិកសភាមានអាណត្តិ ៥ឆ្នាំ
៣. សមាជិកសភាមាន ១២៣រូប
៤. រីឯការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ វិញ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក៏មានអាណត្តិ ៥ឆ្នាំដែរ ហេតុដូច្នេះ មន្ត្រីទទួលអាណត្តិដោយការបោះឆ្នោត រួមមាន សមាជិកសភា ក្រុមប្រឹក្សាឃុំសង្កាត់ មិនអាចត្រូវបានរំលាយទេ។ ការរំលាយនីតិកាល ដែលមិនទាន់ផុតអាណត្តិរបស់សមាជិកសភា ព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សសង្គ្រោះជាតិ នាពេលកន្លងទៅ គឺជាការបំពានលើរដ្ឋធម្មនុញ្ញ។
ច្បាប់ដើមស្ដីពីគណបក្សនយោបាយឆ្នាំ១៩៩៧ មិនមានបញ្ញត្តិស្ដីពីការដកហូតមុខតំណែងសមាជិកសភា និងមុខតំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនយោបាយណាមួយ ដែលជាប់ឆ្នោត យកទៅចែកឱ្យគណបក្សផ្សេង ដែលពលរដ្ឋមិនបោះឆ្នោតឱ្យនោះទេ។ លើសពីនេះ ច្បាប់ស្ដីពីគណបក្សនយោបាយ គឺច្បាប់ដើម ក៏មិនបានតម្រូវឱ្យតុលាការហាមឃាត់អ្នកនយោបាយពីការធ្វើនយោបាយដែរ។
កាន់តែច្បាស់ទៅទៀតនោះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយឆ្នាំ២០១៧ ដែលអនុម័តដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយដែលត្រូវតុលាការកំពូល ប្រើជាមូលដ្ឋានសម្រាប់រំលាយគណបក្សសង្គ្រោះជាតិនោះ ក៏ពុំបានចែងអំពីប្រតិសកម្ម ឬមានអនុភាពអនុវត្តធាក់ថយក្រោយដែរ។ តំណាងរាស្ត្រ និងមន្ត្រី សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយតំណែងរបស់ពួកគេចោលនោះ គឺជាមន្ត្រីជាប់ឆ្នោតកើតឡើង មុនច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយឆ្នាំ២០១៧។
តាមគោលការណ៍ច្បាប់ រដ្ឋមិនអាចបង្កើតច្បាប់ណាមួយ ដើម្បីផ្ដន្ទាទោសបទល្មើសមួយ ដែលបានកើតឡើងមុនច្បាប់នោះទេ។ និយាយម៉្យាងទៀត ច្បាប់ដែលចូលជាធរមាននៅថ្ងៃនេះ សម្រាប់តែអនុវត្តន៍លើបទល្មើស ដែលកើតឡើងនៅថ្ងៃខាងមុខប៉ុណ្ណោះ មិនមែនសម្រាប់អនុវត្តលើបទល្មើស ឬហេតុការណ៍ណាមួយ ដែលបានកើតឡើងកន្លងផុតទៅហើយនោះទេ។ ប៉ុន្តែក្នុងសវនាការជំនុំជម្រះរំលាយគណបក្សសង្គ្រោះជាតិ តុលាការកំពូលមិនខ្វល់ពីគោលការណ៍ប្រតិសកម្មនេះឡើយ។ តំណាងអយ្យការ និងមេធាវីតំណាងក្រសួងមហាផ្ទៃ ដែលជាដើមចោទ បានលើកយករឿងរ៉ាវ និងព្រឹត្តិការណ៍នានា ដែលបានកើតយូរឆ្នាំមុនមានច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយឆ្នាំ២០១៧។

តុលាការគ្មានភស្តុតាង
ទាក់ទងនឹងភស្តុតាង និងមេធាវីក្នុងសវនាការជំនុំជម្រះវិញ ចុងចោទ គឺគណបក្សសង្គ្រោះជាតិមិនមានមេធាវីតំណាង ឬមេធាវីចាត់តាំងដោយតុលាការទេ។ លោក ជួង ជូងី ដែលជាមេធាវីតែងតែការពារក្ដីឱ្យមន្ត្រីបក្សប្រឆាំងនោះ លើកឡើងថា នៅពេលជំនុំជម្រះ តុលាការកំពូលជឿតែលើសម្ដីភាគីដើមចោទ ដែលពុំមានភស្តុតាង៖
«មេធាវីតំណាងឱ្យក្រសួងមហាផ្ទៃលើកសំអាងអង្គហេតុសុទ្ធតែជាអំពើបទឧក្រិដ្ឋទាំងអស់ ប៉ុន្តែសមត្ថកិច្ចអត់បានស៊ើបអង្កេត ថាតើអង្គហេតុដែលកើតឡើងទាំងអស់នោះ ពិតជាអំពើប្រព្រឹត្តដោយថ្នាក់ដឹកនាំសង្គ្រោះជាតិមែន ឬមិនមែន?ប៉ុន្តែ តុលាការកំពូលបែរជាជឿលើការលើកឡើងរបស់មេធាវីតំណាងឱ្យក្រសួងមហាផ្ទៃថា អង្គហេតុហ្នឹងគឺជារឿងពិត ហើយឈានមករម្លាយគណបក្សសង្គ្រោះជាតិតែម្ដង។ នេះគឺជាកំហុសឆ្គង រំលោភបំពានគោលការណ៍ទី១ ក្នុងការចាត់ការរឿងក្ដីរម្លាយគណបក្សសង្គ្រោះជាតិហ្នឹង»។
ចាប់តាំងពីថ្ងៃចាប់ខ្លួន និងចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីទោសក្បត់ជាតិរហូតមកដល់ពេលនេះ មានរយៈពេលជាង ៥ឆ្នាំហើយ ប៉ុន្តែតុលាការនៅមិនទាន់អាចសម្រេចបញ្ចប់រឿងក្ដីនេះបាននៅឡើយទេ។ លោក កឹម សុខា គឺជាជនជាប់ចោទទី១ ហើយក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយក៏ប្រហែលជាមនុស្សដំបូងដែរក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលជាប់ចោទពីទោសធ្ងន់ធ្ងរមួយ គឺទោសក្បត់ជាតិ តែលោកអាចដើរហើរបានដោយសេរីនៅក្នុងប្រទេស និងអាចជួបប្រមុខការទូតបរទេសបានទៀតផង។ លើសពីនេះ លោក កឹម សុខា ដែលត្រូវបក្សកាន់អំណាចហៅពេញៗ មាត់ថា ជាជនក្បត់ជាតិទៅហើយនោះ ក៏នៅតែអាចជួបសន្ទនាជាមួយគូសត្រូវនយោបាយរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាដើមចោទថែមទៀតផង។ នេះកាន់តែសបញ្ជាក់ឱ្យឃើញថា ការចោទប្រកាន់លោក កឹម សុខា គឺជារឿងនយោបាយ ដូចដែលអ្នកសង្កេតការណ៍មើលឃើញថា ការចាប់ និងរំលាយបក្សសង្គ្រោះជាតិ គឺដោយសារគណបក្សកាន់អំណាចភ័យខ្លាចពីការរះត្រដែតឡើងនៃប្រជាប្រិយភាពរបស់បក្សប្រឆាំង ទៅវិញទេ។
លោកមេធាវី ជូង ជូងី ថា ករណីលោក កឹម សុខា គឺតុលាការកំពុងទាល់ច្រក ព្រោះគ្មានភស្តុតាងដាក់បន្ទុកលើប្រធានគណបក្សប្រឆាំងមួយនេះ ដូច្នេះ តុលាការដែលរងក្រោមឥទ្ធិពលនយោបាយនេះ ត្រូវអូសបន្លាយតាមការគូសវាសរបស់អ្នកនយោបាយ៖
«ហើយឥឡូវ កឹម សុខា អតីតកាលនោះគឺ ឆ្នាំ២០១៧ ពេលដែលតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិហ្នឹង ឯកឧត្ដម កឹ សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ហើយរហូតមកដល់ពេលហ្នឹង គឺអត់ទាន់មានសេចក្ដីសម្រេចណា អត់មានលទ្ធផលស៊ើបអង្កេតណាថា ឯកឧត្ដម កឹម សុខា ពិតជាប្រព្រឹត្តអំពើឧក្រិដ្ឋទាំងឡាយ ដូចដែលមេធាវីតំណាងឱ្យក្រសួងមហាផ្ទៃលើកឡើងនៅតុលាការកំពូលហ្នឹងទេ។ អ៊ីចឹង អាហ្នឹង គឺជាការលោភបំពានគោលការណ៍ច្បាប់ទី២ ដែលចោទប្រកាន់យកតែម្ដង អត់មានការស៊ើបអង្កេត អត់មានភស្តុតាងជាក់ស្ដែង ធ្វើស្រាប់តែមករម្លាយគណបក្សសង្គ្រោះជាតិតែម្ដង»។
ប្រើក្រមនីតិវិធីរដ្ឋប្បវេណី ដែលផ្ទុយពីគោលការណ៍ច្បាប់
បញ្ហាផ្លូវច្បាប់មួយទៀតនៃការរំលាយបក្សសង្គ្រោះជាតិ គឺតុលាការកំពូលប្រើប្រាស់«ក្រមនីតិវិធីរដ្ឋប្បវេណី» ក្នុងសំណុំរឿងនយោបាយ។ តុលាការកំពូលទទួលស្គាល់ថា សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ជា «សំណុំរឿងនយោបាយ»។ ការទទួលស្គាល់នេះបានបញ្ជាក់នៅក្នុងសាលដីការំលាយគណបក្សសង្គ្រោះជាតិ ទំព័រទីមួយរបស់តុលាការកំពូលតែម្ដង។ អ្នកច្បាប់ថា បើវាជាសំណុំរឿងនយោបាយ តុលាការត្រូវមានក្រមនីតិវិធីស្ដីពី «សំណុំរឿងគណបក្សនយោបាយ» ឬគួរត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់ជំនុំជម្រះរឿងក្ដីនយោបាយ មុនបើកការជំនុំជម្រះ មិនគួរប្រើ «ក្រមនីតិវិធីរដ្ឋប្បវេណី» ហើយកំណត់យកតាមស្តង់ដារ «ក្រមនីតិវិធីរដ្ឋប្បវេណី» ជាមូលដ្ឋានមកប្រើក្នុងការជំនុំជម្រះសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនោះទេ។
លោកមេធាវី ជូង ជូងី បកស្រាយថា ការណ៍ដែលតុលាការកំពូលយក «ក្រមនីតិវិធីរដ្ឋប្បវេណី» មកប្រើ ដើម្បីរម្លាយបក្សសង្គ្រោះជាតិ កាលពី៥ឆ្នាំមុននោះគឺជាទង្វើផ្ទុយពីច្បាប់៖
«តុលាការកំពូលប្រកាន់យកឥរិយាបថថា អ្វីដែលមេធាវីតំណាងឱ្យក្រសួងមហាផ្ទៃលើក គឺជាការពិតទាំងអស់ ដោយយកសំអាង ដែលមានចែងក្នុងក្ររដ្ឋប្បវេណី ដែលថា កូនបំណុល ឬក៏ចុងចម្លើយ ឬចុងចោទមិនបានឆ្លើយតប ឆ្លើយដោះសាទេ គឺតុលាការទទួលស្គាល់ថា អ្វីដែលដើមចោទលើក គឺជាការពិត។ អាហ្នឹង គឺវាអត់ត្រឹមត្រូវ ព្រោះថា អង្គហេតុដែលក្រសួងមហាផ្ទៃលើកជាសម្អាង ដើម្បីប្ដឹងរម្លាយគណបក្សសង្គ្រោះជាតិនោះ សុទ្ធតែជាបទឧក្រិដ្ឋ!ដូច្នេះ ជាគោលការណ៍ច្បាប់គឺគែត្រូវស៊ើបអង្កេត មិនមែនយកសម្អាងថា កាលណាចុងចោទមិនចូលទៅឆ្លើយបំភ្លឺ ឬក៏ឆ្លើយដោះសា គឺបានន័យថា ទទួលស្គាល់អ្វីដែលដើមចោទលើក ជាការពិតទាំងអស់ គឺមិនមែនអ៊ីចឹងទេ។ អាហ្នឹង គឺជាការរំលោភបំពានគោលការណ៍ធំទី៣»។
សេចក្ដីសន្និដ្ឋានចំណុច៦ នៃសាលដីការរំលាយគណបក្សសង្រ្គោះជាតិ របស់តុលាការកំពូល សរសេរថា៖ « តុលាការយល់ឃើញថា ដោយគណបក្សសង្គ្រោះជាតិនៅស្ងៀមស្ងាត់មិនបង្ហាញឆន្ទៈក្នុងការតតាំងចំពោះការអះអាងរបស់មេធាវីតំណាងឱ្យក្រសួងមហាផ្ទៃ ព្រមទាំងអវត្តមាននាពេលសវនាការដោយគ្មានមូលហេតុ ដែលមាត្រា៩៦ មាត្រា២០១ កថាខណ្ឌទី២ និងមាត្រា១៤០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចាត់ទុកថា ជាការសារភាពទទួលស្គាល់ការអះអាងរបស់ក្រសួងមហាផ្ទៃ ថា ជាការពិត ដែលជាកំហុសធ្ងន់ធ្ងរល្មើសនឹងមាត្រា ៦ថ្មី ( ចំណុចពីរ ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ដូច្នេះ គណបក្សនេះត្រូវរងនូវការរំលាយចោល តាមមាត្រា ៣៨ថ្មី និងមាត្រា ៤៤ថ្មី ( ចំណុចពីរ ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ » ។
ការបំពានសិទ្ធិជនជាប់ចោទ
ទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ ទាំងច្បាប់ជាតិ ទាំងច្បាប់អន្តរជាតិកំណត់ថា ជនណាម្នាក់ដែលត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទអ្វីមួយ តុលាការត្រូវតែកោះហៅជននោះមកសវនាការ ដើម្បីឱ្យបុគ្គលនោះប្រើសិទ្ធិតតាំងក្ដី ការពារខ្លួន។ ប៉ុន្តែ ករណីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈក្នុងសភា ពលរដ្ឋបោះឆ្នោតឱ្យនោះ តុលាការកំពូលមិនបានអនុញ្ញាតឱ្យប្រធានគណបក្សនេះ គឺលោក កឹម សុខា ដែលកំពុងជាប់ឃុំស្រាប់នោះ មកឆ្លើយតតាំងការពារគណបក្សរបស់លោកនោះទេ។
សម្រាប់លោកមេធាវី ជូង ជូងី នេះក៏ជាបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរមួយដែរ៖
«ចាប់គាត់ដាក់ឃុំនៅត្រពាំងផ្លុង អត់បានដឹកគាត់មកចូលរួមសវនាការ ប៉ុន្តែបែរជាអះអាងថា ឯកឧត្ដម កឹម សុខា បោះបង់ចោល គឺប្រធាន ឬក៏ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអត់ចូលមកឆ្លើយដោះសាការពារខ្លួន អាហ្នឹងគឺជាកំហុសមួយ»។
តុលាការកំពូលមិនត្រឹមតែមិនបាននាំខ្លួន លោក កឹម សុខា ឱ្យមកចូលរួមក្នុងសវនាការប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមិនបានកោះហៅថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំង ១១៨រូបផ្សេងទៀត ដែលតុលាការផ្ដន្ទាទោសដោយហាមមិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំនោះ ឱ្យចូលមកបំភ្លឺ ដើម្បីការពារសិទ្ធិរបស់ពួកគេទៀតផង។
លោកមេធាវី ជួង ជូងី សង្កត់ធ្ងន់ថា តាមគោលការណ៍ច្បាប់ មិនថាឡើយមនុស្សម្នាក់ ឬច្រើននាក់នោះទេ នៅពេលពួកគេរងការចោទប្រកាន់ពីរឿងអ្វីមួយ តុលាការត្រូវតែកោះហៅបុគ្គលទាំងនោះឱ្យតតាំងក្ដីក្នុងសវនាការការពារសិទ្ធិស្របច្បាប់របស់ខ្លួន៖
«ត្រូវតែកោះហៅចុងចម្លើយ ទោះបីមានម្នាក់ក្ដី ពីរនាក់ក្ដី ១០នាក់ ១០០នាក់ ១.០០០នាក់ក្ដី កាលណានរណាម្នាក់ត្រូវគេប្ដឹង តុលាការត្រូវតែកោះហៅអ្នកដែលត្រូវគេប្ដឹងនោះ ដើម្បីចូលមកតុលាការ ឱ្យគេមានសិទ្ធិតវ៉ាការពារសិទ្ធិតាមផ្លូវច្បាប់។ ប៉ុន្តែ តុលាការអត់បាន ១១៨រូបមកតុលាការទេ គឺកាត់កំបាំងមុខ យកលេះថា ចុងចោទអត់បានមកឆ្លើយការពារខ្លួន ថាអ្វីដែលមេធាវីតំណាងឱ្យក្រសួងមហាផ្ទៃលើក គឺជាការពិតតែម្ដង។ អាហ្នឹងជាការរំលោភគោលការណ៍ច្បាប់ទី៤ ធ្ងន់ធ្ងរបំផុត ផ្ដល់ភាពអយុត្តិធម៌ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបំផុត»។
ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយ សាលដីការំលាយគណបក្សសង្គ្រោះជាតិរបស់តុលាការកំពូល គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។ ការបិទផ្លូវតវ៉ានេះ អ្នកច្បាប់ថា ជាការរំលោភរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកំណត់ឱ្យកម្ពុជាមានតុលាការបីថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ដើម្បីឱ្យអ្នកមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការជាន់ទាបអាចប្ដឹងឧទ្ធរណ៍បាន។ ប៉ុន្តែ អ្នកច្បាប់ និងអ្នកសង្កេតការណ៍មើលឃើញថា ក្នុងផែនការគិតទុកជាមុនក្នុងការរំលាយគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅដើមឆ្នាំ២០១៧ បានកែច្បាប់ស្ដីពីគណបក្សនយោបាយម្ដងហើយម្ដងទៀត តម្រូវឱ្យតុលាការកំពូលតែមួយគត់ជាអ្នកកាត់ក្ដីរំលាយគណបក្សនយោបាយ ហើយបិទផ្លូវតវ៉ាទៀតផង។
លោក មេធាវី ជួង ជូងី ថា ការបិទផ្លូវតវ៉ា ឬមិនឱ្យប្ដឹងឧទ្ធរណ៍នេះ គឺជាការបំពានលើគោលការណ៍ទទួលបានយុត្តិធម៌ក្នុងការជំនុំជម្រះក្ដី ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា៖
«មិនផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនផ្ដល់ឱ្យ ១១៨រូប ដែលត្រូវបានហាមឃាត់នយោបាយហ្នឹង តវ៉ាអំពីសេចក្ដីសម្រេចហ្នឹងទេ នេះគឺជាសេចក្ដីសម្រេចមួយបំពានធ្ងន់ធ្ងរមែនទែន។ បំពានទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង ១១៨រូប មានរូបខ្ញុំ ជូង ជូងី មួយដែរ នៅក្នុងហ្នឹង គឺសេចក្ដីសម្រេចអត់អ៊ីចឹងទេ ត្រូវផ្ដល់ឱកាសឱ្យគេតវ៉ា។ នៅក្នុងរឿងព្រហ្មទណ្ឌ ទោះសាលដីកាតុលាការកំពូលស្ថាពរ ក៏ច្បាប់អនុញ្ញាតឱ្យគេប្ដឹងសើរើបានដែរ។ ដូចគ្នាដែរ នៅក្នុងរឿងក្ដីរដ្ឋប្បវេណី ទោះជារឿងក្ដីហ្នឹងចូលជាស្ថាពរ សាលដីកាតុលាការកំពូលចូលជាស្ថាពរក៏ដោយ ក៏ផ្លូវច្បាប់អនុញ្ញាតឱ្យភាគី ដែលមិនសុខចិត្តហ្នឹង ប្រើសិទ្ធិប្ដឹងទាមទារឱ្យជំនុំជម្រះសាឡើងវិញដែរ។ ប៉ុន្តែ សាលដីកាតុលាការកំពូលនេះ គឺបំពាន បំពានមែនទែន បិទផ្លូវតវ៉ាតែម្ដង មិនឱ្យនរណាមួយតវ៉ាបានទេ ប្រសិនបើនរណាមួយតវ៉ា តុលាការកំពូលគេថាប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការ នឹងមានការដាក់ទោសតទៅទៀត។ នេះគឺជាសេចក្ដីសម្រេច ដែលផ្ដល់ភាពឈឺចាប់បំផុត សម្រាប់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ » ។

ការរំលោភលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០២២ គឺជាខួប ៥ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ ហើយក៏ជាថ្ងៃដែលអតីតមន្ត្រីជាន់ខ្ពស់ទាំង ១១៨រូប នៃគណបក្សប្រឆាំងមួយនេះរួចផុតបម្រាមធ្វើនយោបាយដែរ។
អ្នកច្បាប់ជាតិ និងអន្តរជាតិ ដែលតាមដានសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យ មានសហរដ្ឋអាមេរិក និងសភាអឺរ៉ុប ជាដើម យល់ឃើញថា ទាំងគណបក្សសង្គ្រោះជាតិ ទាំងមេដឹកនាំគណបក្សនេះ មិនបានប្រព្រឹត្តអំពើឧក្រិដ្ឋ ឬអំពើក្បត់ជាតិ ដូចការចោទប្រកាន់នោះទេ។ លើសពីនេះ អ្នករាយការណ៍ពិសេស ស្ដីពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបច្ចុប្បន្ន និងអតីតកាល មើលឃើញថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីច្បាប់គណបក្សនយោបាយ និងច្បាប់មួយចំនួនទៀត ដែលរដ្ឋសភាកម្ពុជាបានអនុម័តកន្លងមកមានចរិតគាបសង្កត់រឹតត្បិតលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការិយាល័យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យកែលំអច្បាប់ទាំងនោះ តាំងតែពីច្បាប់នោះ នៅជាសេចក្ដីព្រាងនៅឡើយ ដើម្បីឱ្យសមស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែសំណើកែលំអនោះមិនត្រូវបានទទួលយកឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។