អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងប្រកាសលទ្ធផលនៅថ្ងៃព្រហស្បតិ៍ ទី២៤ មីនា អំពីបណ្ដឹងរបស់ក្រុមយុវជនប្រឆាំង លោក កឹម សុខា ថាតើនឹងទទួលពាក្យបណ្ដឹងរបស់ក្រុមយុវជនទាំងនោះ ដើម្បីបើកការស៊ើបអង្កេត ឬយ៉ាងណា? អង្គភាពនេះអះអាងថា ត្រូវការពេលវេលាធ្វើកោសល្យវិច័យបន្ថែមទៅលើខ្សែអាត់សំឡេងតាមបច្ចេកទេសសិន។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅក្រុមយុវជនដាក់ពាក្យប្ដឹង លោក កឹម សុខា ចូលរួមស្ដាប់ការដេញដោលក្នុងក្រុមការងាររបស់ខ្លួន មុននឹងសម្រេចទទួលយកពាក្យបណ្ដឹងរបស់យុវជនទាំងនោះ។
នៅក្នុងបន្ទប់ប្រជុំដេញដោលរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ ខែមីនា លោកបានអនុញ្ញាតឲ្យយុវជនមួយក្រុមចូលរួមស្ដាប់ពីបច្ចេកទេសច្បាប់នៃការវែកញែកលើពាក្យប្ដឹងរឿង លោក កឹម សុខា ទិញផ្ទះ និងទិញដីឲ្យដៃគូស្នេហានៅក្នុងខ្សែអាត់សំឡេង។
បន្ទាប់ពីមានការដេញដោលក្នុងក្រុមការងាររបស់អង្គភាពប្រមាណ ២ម៉ោង ក្រុមដែលមានមតិប្រឆាំង និងមតិស្របលើពាក្យបណ្ដឹងនេះ លោក ឱម យ៉ិនទៀង បានសម្រេចថា ករណីរឿងមានស្រីរបស់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាតម្រុយក្នុងការស្វែងរកបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។ រីឯខ្សែអាត់សំឡេង អង្គភាពទទួលស្គាល់ថា ខ្សែអាត់នេះជាខ្សែអាត់ស្របច្បាប់ អាចប្រើប្រាស់បាននៅក្នុងផ្លូវតុលាការ ហើយលោកអះអាងថា ជាសំឡេងបុគ្គលទាំងពីរយ៉ាងច្បាស់។ លោកបន្តថា បើសិនជាការស្រាវជ្រាវរកឃើញបទល្មើសមានអំពើពុករលួយទិញដី ទិញផ្ទះឲ្យស្រីកំណាន់នោះ មិនអាចយកលេសអភ័យឯកសិទ្ធិតំណាងរាស្ត្រ មករារាំងដំណើរការនីតិវិធីរបស់អង្គភាពបានឡើយ៖ « ខ្លួនបានលុយមក ខ្លួនទិញផ្ទះភ្លាម កំណើនផ្ទះមួយទៀត ពន្យល់យើងសិន ថាបានមកពីណាទិញហ្នឹង ពន្យល់មិនត្រូវ ពន្យល់មិនសមស្រប រឹបអូសយកផ្ទះមួយសិន ទើបបើកការស៊ើបអង្កេតមួយទៀតថា លុយហ្នឹងមានពាក់ព័ន្ធពុករលួយទេ ? បើពុករលួយ រុញទៅកាត់ទោសពុករលួយ។ ចឹងពាក់ព័ន្ធអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទេ ? សូមពិចារណាមើលកន្លែងហ្នឹង ព្រោះអត់មានពាក់ព័ន្ធរឿងឃុំខ្លួនគាត់ អត់មានទេ។ សួរថាច្បាប់នេះគ្របដណ្ដប់លើតំណាងរាស្ត្រឬអត់ ? វាគ្របមន្ត្រីរាជការសាធារណៈ។ ទី២ មន្ត្រីដែលមានអាណត្តិដល់ការបោះឆ្នោត ពីរហ្នឹងហើយធ្ងន់ហើយ បទល្មើសជាក់ស្ដែងគេវាយខ្នោះភ្លាម »។
លោក ឱម យ៉ិនទៀង បានអះអាងទៀតថា លោក កឹម សុខា បានទទួលស្គាល់នេះជាសំឡេងរបស់លោក តាមរយៈឥរិយាបថមិនឆ្លើយឆ្លង និងការរក្សាភាពស្ងៀមស្ងាត់ គឺមានន័យគ្រប់គ្រាន់ និងស្របលើតាមមាត្រា៣០១ អាចបញ្ជាក់ថាជាសំឡេងពិតរបស់លោក ប៉ុន្តែលោកនៅតែចាត់ឲ្យនាយកដ្ឋានបច្ចេកទេសកោសល្យវិច័យ និងនាយកដ្ឋានចារកម្ម ផ្ដល់ឯកសារឲ្យអង្គភាពបន្ថែមទៀត ដើម្បីយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់ រួចឆ្លើយតបទៅម្ចាស់បណ្ដឹងវិញ។ ទន្ទឹមនឹងគ្នានេះ លោក ឱម យ៉ិនទៀង ក៏បានព្រមានដោយប្រយោល ចំពោះអ្នកណាដែលចង់រំដោះនាង ខុម ចាន់ដារាទី ហៅ ស្រីមុំ នោះ អាចនាំទុក្ខដល់ខ្លួន។
ការកោះហៅនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៨ មីនា ដែលក្រុមយុវជនប្រមាណ ៣០នាក់ បាននាំគ្នាដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស្រាវជ្រាវករណីរឿងទំនាក់ទំនងស្នេហារវាង លោក កឹម សុខា ជាមួយនារីច្រើននាក់។
តំណាងក្រុមយុវជនទាំងនោះ គឺយុវជន ស្រី ចំរើន បានឯកភាពចំពោះនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែនៅតែទទូចឲ្យអង្គភាពនេះកោះហៅ លោក កឹម សុខា មកបកស្រាយបំភ្លឺជុំវិញបណ្ដឹងនេះ។
ពាក់ព័ន្ធបញ្ហានេះ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ មានមតិថា អង្គភាពប្រឆាំងអំពើពុករលួយ ពុំមានឯកសារភស្តុតាងគ្រប់គ្រាន់ចោទ លោក កឹម សុខា ទាក់ទងរឿងប្រព្រឹត្តអំពើពុករលួយនោះទេ។ លោកថា ក្នុងករណីចង់បើកការស៊ើបអង្កេតលើសំណុំរឿងនេះ ត្រូវស្នើសុំដកអភ័យឯកសិទ្ធិសភាពី លោក កឹម សុខា ជាមុនសិន ឬចាំដល់ផុតអាណត្តិ នៅពេលលោកឈប់ធ្វើតំណាងរាស្ត្រ ទើបជាការត្រឹមត្រូវ៖ « ខ្ញុំមើលទៅរឿងនេះស៊ីសង្វាក់គ្នាពេក។ បើសិនជាករណីដែលអង្គភាពប្រឆាំងអំពើពុករលួយ គាត់យកទុកដាក់បែបហ្នឹងនៅទូទាំងប្រទេសទាំងមូល ដែលមន្ត្រីធំៗទាំងអស់នោះ ខ្ញុំមិនដឹងប្រជាពលរដ្ឋគាំទ្រយ៉ាងណាទេ។ ទាក់ទងនឹងរឿង លោក កឹម សុខា មានភស្តុតាងអីផ្សេងទៀតចង់ធ្វើការស៊ើបអង្កេតធ្វើទៅ ប៉ុន្តែយើងមើលមែនទែន បើរឿងអ៊ីចឹងយកចិត្តទុកដាក់ហើយមន្ត្រីគណបក្សប្រជាជន និងមន្ត្រីរដ្ឋាភិបាល គេមើលឃើញផ្ទះរាប់លាន កន្លែងខ្លះមានទ្រព្យសម្បត្តិរាប់មិនអស់ ក្នុងករណីហ្នឹងសុទ្ធតែជាករណីសុទ្ធតែគួរឲ្យសង្ស័យ គួរអង្គភាពធ្វើការស៊ើបអង្កេតពិតប្រាកដជាក់លាក់ទៅ កុំឲ្យគេចោទថាលម្អៀងនយោបាយ »។
កន្លងមក គណបក្សប្រឆាំងបានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតទាក់ទងបញ្ហាពុករលួយនៅតាមច្រកព្រំដែន ដោយសារមានពលរដ្ឋរាយការណ៍ពីការលេចធ្លាយព័ត៌មានដូចជា បញ្ហាទំនិញគេចពន្ធ ការទទួលយកសំណូករបស់មន្ត្រី ដោយបើកដៃឲ្យមានការនាំចូលទំនិញខូចគុណភាព និងនាំចូលទំនិញនានា ប៉ុន្តែអង្គភាពនេះបានព្យាយាមលើកហេតុផលផ្សេងៗ និងមិនបានបើកការស៊ើបអង្កេតតាមការស្នើសុំនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។