សមាជិកសភាអាស៊ាន អំពាវនាវឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ជាបន្ទាន់ រាល់ការចាប់ចងសកម្មជនបក្សប្រឆាំង។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR នៅថ្ងៃទី១៧ ខែ កញ្ញានេះ ស្នើឱ្យអាជ្ញាធរខ្មែរ ឈប់ធ្វើទុក្ខបុកម្នេញសមាជិក និងសកម្មជនបក្សប្រឆាំង និងទម្លាក់ចោលរាល់ការចោទប្រកាន់ដោយសារហេតុផលនយោបាយ រួចហើយដោះលែងអ្នកដែលជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពវិញជាបន្ទាន់។
សេចក្ដីអំពាវនាវរបស់ក្រុមសមាជិកសភាអាស៊ាននេះ ធ្វើឡើងក្រោយរបបក្រុងភ្នំពេញ បានបង្កើនការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន បន្ថែមទៀតកាលពីចុងសប្ដាហ៍កន្លងទៅ ដែលយ៉ាងហោចណាស់ មានសកម្មជនបក្សប្រឆាំង ៦នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយគ្មានបង្ហាញដីកា ឬមូលហេតុនៃការសម្រុកចូលចាប់ខ្លួនឡើយ។ អ្នកទាំងនោះ ត្រូវបានចាប់ខ្លួន នៅខេត្តបន្ទាយមានជ័យ សៀមរាប រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ការចាប់ខ្លួនបន្ថែមច្រើននាក់ក្នុងពេលដ៏ខ្លីនេះ បានធ្វើឱ្យចំនួនសកម្មជនបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនបន្ថែម និងកំពុងជាប់ឃុំកើនឡើងដល់ ២៦នាក់ហើយ គិតចាប់ពីដើមឆ្នាំ ២០១៩ មកត្រឹមពេលនេះ។ សមត្ថកិច្ចចោទប្រកាន់សកម្មជនទាំងនោះពីបទ ទៅទទួលយកផែនការប្រឆាំងសាលដីកា និងផ្ដួលរំលំរបបក្រុងភ្នំពេញ ពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។
ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ដែលជាជនជាតិម៉ាឡេស៊ី លើកឡើងថា ការចាប់ចងនេះ៖ «គឺជាចេតនាជាក់លាក់របស់របបលោក ហ៊ុន សែន ក្នុងការប៉ុនប៉ងគំរាមកំហែង និងបំបិទមាត់សមាជិកបក្សប្រឆាំង និង សកម្មជនឯទៀត កុំឱ្យបង្ហាញការគាំទ្រដល់ដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ»។
អតីតសមាជិកសភាថៃ លោក កាស៊ីត ភិរម្យយ៉ា (Kasit Piromya) ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស រម្លឹកប្រទេសជាសមាជិកអាស៊ានទាំងអស់ ថា ខ្លួនមានករណីយកិច្ច រួមគ្នាបង្ហាញការគាំទ្រ ដល់ការប្រឹងប្រែងចង់ឱ្យមានការចរចា ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ លោកបន្តថា សមាជិកអាស៊ាន មិនត្រូវលុតជង្គង់នៅចំពោះមុខមេដឹកនាំ ដែលកាន់អំណាចកាន់តែផ្ដាច់ការនោះឡើយ។ ប៉ុន្តែ ត្រូវក្រោកឈរបង្ហាញសាមគ្គីភាពជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីការពារសិទ្ធិ និង សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ ដោយមិនត្រូវអត់ឱនឱ្យក្រុមអ្នកនយោបាយផ្ដាច់ការនោះឡើយ។
លោក កាស៊ីត ភិរម្យយ៉ា រម្លឹកលោក ហ៊ុន សែន ថាមិនទាន់ហួសពេលទេ ដែលលោក ហ៊ុន សែន ត្រូវងាកមករកផ្លូវត្រូវវិញ។ លោកថា ដំណោះស្រាយនយោបាយ ដ៏សមស្របសម្រាប់កម្ពុជា គឺការជជែកគ្នាដោយស្មោះស រវាងអ្នកនយោបាយខ្មែរ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា បានសរសេរលិខិតមួយច្បាប់ទៅនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ (Mahathir Mohamad) ដើម្បីឱ្យមេដឹកនាំប្រទេសអាស៊ាន និងជាប្រទេសហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ជួយជំរុញ និងសម្របសម្រួលឱ្យមានការចរចាគ្នាមួយរវាងមេដឹកនាំរបបក្រុងភ្នំពេញ និង មេដឹកនាំបក្សប្រឆាំង ដើម្បីរកដំណោះស្រាយផ្សះផ្សាជាតិ។
របបក្នុងភ្នំពេញ មិនចាប់អារម្មណ៍នឹងការចរចានេះទេ ប៉ុន្តែបែរជាបង្កើនការចាប់ចង និង ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
ការធ្វើទុក្ខបុកម្នេញនេះ បានឈានដល់ការពង្រាយកម្លាំងប្រដាប់អាវុធ តាមទីវត្តអារាម ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ តាមការបញ្ជារបស់អនុប្រធានគណបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលបញ្ជាឱ្យរៀបកម្លាំងចុះតាមវត្ត ទៅបង្ក្រាបសកម្មជនបក្សប្រឆាំង ដោយលោកចោទថា កំពុងរៀបចំផែនការខ្មៅ ដោយជួបជុំគ្នាតាមទីវត្តអារាម។
សាររបស់លោក ស ខេង អំពីវិធានការបង្ក្រាបតាមវត្តនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា។ ជាលទ្ធផល អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន នៅថ្ងៃទី១៧ ខែកញ្ញា នេះ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ថា ពួកលោកទទួលបានសេចក្ដីណែនាំពីលោក ស ខេង ដូច្នេះមែន ហើយពេលនេះ បានចេញបញ្ជាឱ្យរាយកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ចលនាប្រមូលផ្ដុំ ក្នុងថ្ងៃភ្ជុំបិណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។