សាលា​ឧទ្ធរណ៍​បដិសេធ​ជា​ថ្មី​មិន​ឲ្យ​លោក ហុង សុខហួរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

0:00 / 0:00

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​របស់ លោក ហុង សុខហួរ។ ការ​បដិសេធ​ដែល​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ទាំងអស់​នេះ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​របស់​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ជំទាស់ ចាត់​ទុក​ថា ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​ដល់​កូន​ក្តី​របស់​ខ្លួន។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក ហុង សុខហួរ បញ្ជាក់​ជំហរ​ថា នឹង​រៀបចំ​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត ប្រឆាំង​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ នៅ​ពេល​នេះ ដែល​សម្រេច​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​ត្រូវ​ជាប់​ឃុំ​បន្ត​ទៀត​នោះ។

បន្ទាប់​ពី​ត្រូវ​រង់ចាំ​ការ​សម្រេច​អស់​ពេល​ជាច្រើន​ម៉ោង មុន​ពេល​តំណាង​អយ្យការ និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់ លោក ហុង សុខហួរ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា។ នៅ​នាទី​ចុង​ក្រោយ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​ជំទាស់​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក ហុង សុខហួរ តាម​សំណើ​របស់​ក្រុម​មេធាវី​នៃ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ។

បើ​ទោះ​ជា​បែប​ណា ការ​បដិសេធ​សុំ​នៅ​ក្រៅ​ជា​ថ្មី​ឡើង​វិញ ដែល​ប្រើ​ពេល​តែ​ប៉ុន្មាន​នាទី​នេះ មិន​ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ប្លង់ សំណាង បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ លោក ហុង សុខហួរ ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត ឲ្យ​ដឹង​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ដែល​ទាត់​ចោល​សំណើ​របស់ លោក ហុង សុខហួរ នេះ។ បើ​ទោះ​ជា​បែប​ណា លោក​អះអាង​ថា នឹង​បន្ត​នីតិវិធី​ជា​ថ្មី​ទៀត​ប្រឆាំង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ទៅ​តុលាការ​កំពូល។ លោក​បន្ត​ថា «ខ្ញុំ​នឹង​ពិភាក្សា​មួយ លោក ហុង សុខហួរ ពី​ការ​ប្ដឹង​សារទុក្ខ ប្រសិន​បើ លោក ហុង សុខហួរ គាត់​ត្រូវ​ការ​ប្ដឹង​សារទុក្ខ ខ្ញុំ​នឹង​រៀបចំ​បណ្ដឹង​ជូន​គាត់»

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក ហុង សុខហួរ នេះ​ចំនួន ៣​លើក​រួច​មក​ហើយ។ ការ​ជំទាស់​លើក​ចុង​ក្រោយ​របស់​ចៅក្រម​ជំនុំ​ជម្រះ សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នោះ គឺ​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី និង​កុំ​ឲ្យ​មាន​វឹកវរ​កើត​ឡើង ក៏ប៉ុន្តែ​ការ​ជំទាស់​ជា​ថ្មី​ទៀត​លើក​នេះ​វិញ បើ​ទោះ លោក ហុង សុខហួរ សម្រេច​តម្កល់​លុយ ២០​លាន​រៀល​ហើយ​ក៏ដោយ ក៏​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ សម្រេច​ទាត់​ចោល​ដូច​លើក​មុន​ដែរ ប៉ុន្តែ​ការ​សម្រេច​លើក​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ។

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម និង​ចោទ​ថា​ក្បត់​ជាតិ ព្រោះ​តែ​លួច​ក្លែង​ឯកសារ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ភ្លាម លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា។ ក្រោយ​ការ​ចាប់​ខ្លួន សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កៅ វណ្ឌី ចោទ​ប្រកាន់ ៣​បទ​ចោទ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

ជុំវិញ​បញ្ហា​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ។ លោក អំ សំអាត យល់​ឃើញ​ថា បើ​ផ្អែក​តាម​លក្ខខណ្ឌ​ស្នើសុំ​នៅ​ក្រៅ​ឃុំ គឺ​ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​ចៅក្រម​ជំនុំ​ជម្រះ ត្រូវ​បដិសេធ​ឡើយ។ លោក​បន្ត​ថា «តាម​លក្ខខណ្ឌ​នៃ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ គឺ​វា​គ្រប់គ្រាន់​ហើយ​ដែល​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ។ មាន​រឿង​ខ្លះ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ផង ក៏​គេ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ»

នៅ​ក្នុង​បន្ទាប់​សវនាការ លោក ជូង ជូងី បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា តុលាការ​គប្បី​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ក្ដី​របស់​ខ្លួន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​ពេល​នេះ​ពុំ​មាន​ភាព​ចាំបាច់​ទៀត​ឡើយ ដែល​ត្រូវ​បន្ត​នីតិវិធី​ស៊ើបសួរ។ លោក​បន្ថែម​ថា មិន​តែ​ប៉ុណ្ណោះ បើ​ផ្អែក​លើ​គោលការណ៍​ច្បាប់ លោក ហុង សុខហួរ ត្រូវ​មាន​សេរីភាព​បាន​នៅ​ក្រៅ​ឃុំ។

មាត្រា​២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា ជា​គោលការណ៍ ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។ ក្នុង​ករណី​ពិសេស ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ហើយ​អាច​អនុវត្ត​បាន​តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ដែល​ច្បាប់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី ១​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។